
មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួន៤ នាក់ និង មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារអស់រយៈពេល១២ថ្ងៃ មកហើយ។
នៅព្រឹកនេះ តុលាការកំពូលក្រុងភ្នំពេញ បានជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់អ្នកការពារសិទ្ធិមនុស្ស ហើយតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែមីនា។ តំណាងមេធាវីការពារក្តីបញ្ជាក់ថាលោកនៅមានសង្ឃឹមលើការសម្រេចរបស់ តុលាការកំពូល។ ទន្ទឹមគ្នានេះ អង្គការសង្គមស៊ីវិលប្រមាណ៧៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃម្សិលមិញ ដោយអំពាវនាវឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស។
តំណាងក្រុមមេធាវីការពារក្តីរបស់មន្ត្រីអាដហុកទាំង៤នាក់ លោក ឡោ ជុនធី បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៦ ខែមីនា ថា តុលាការកំពូលក្រុងភ្នំពេញបានជំនុំជម្រះលើបណ្តឹងសារទុក្ខ របស់អ្នកការពារសិទ្ធិមនុស្សទាំង៤នាក់រួចរាល់ហើយៗ គ្រោងនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៣ ខែមីនា ខាងមុខនេះ។ ការសម្រេចលើកពេលប្រកាសសាលក្រមនេះ ធ្វើឡើងក្រោយពីតុលាការបានសម្រេចពន្យារម្តងរួចមកហើយ ចំពោះសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់ពួកគាត់ទាំង៤ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ។
បើតាមលោក ឡោ ជុនធី នេះគឺជាការប្តឹងសាទុក្ខមកកាន់តុលាការកំពូល ធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់ដីការបស់សាលាដំបូងទុកជាបានការ។ ជាដីកាសម្រេចពន្យារពេលឃុំខ្លួនបន្ត៦ខែ លើអ្នកការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក។ លោកបញ្ជាក់ថាលទ្ធផលយ៉ាងណានោះ គឺពិបាករំពឹងណាស់ តែលោកនៅមានសង្ឃឹមលើការសម្រេចរបស់តុលាការកំពូលនាពេលខាងមុខនេះ ព្រោះតុលាការកំពូលជាតុលាការជាន់ខ្ពស់ដែលពិនិត្យលើអង្គច្បាប់។
បើគិតមកដល់ពេលនេះគឺមានរយៈពេលប្រមាណ៣១២ថ្ងៃហើយ ដែលអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវបានឃុំខ្លួន។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ អ្នកជាប់ពន្ធនាគារ៤នាក់ ក្នុងចំណោមអ្នកទាំង៥បានបង្ហាញមុខនៅសាលាឧទ្ធរណ៍ ដើម្បីតវ៉ាចំពោះការបន្តឃុំខ្លួនបណ្តោះអាសន្ន ហើយមកដល់ពេលនេះគឺមានរយៈពេល៦ដងហើយ ដែលការស្នើនៅក្រៅឃុំត្រូវបានតុលាការបដិសេធ។
កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ អង្គការសង្គមស៊ីវិលប្រមាណ៧៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់រាល់ការវាយប្រហារមិនត្រឹមត្រូវមកលើអ្នកការពារសិទ្ធិមនុស្ស និងដោះលែងអ្នកដែលកំពុងជាប់ឃុំទាំងអស់ ដោយសារតែការអនុវត្តសេរីភាពមូលដ្ឋានស្របច្បាប់របស់ពួកគេ។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៦ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទសូកប៉ាន់សាក្សី ។ ចំណែកលោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហារវាង កញ្ញា ខុម ចាន់តារាទី និងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ៕