ដោយ រដ្ឋា វិសាល
2017-03-06
RFA

សំពត់ត្បាញរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី។ រូបថតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Ratha Visal
![]()
សមាជិកសហគមន៍ជនជាតិដើមភាគតិចឃុំពយ ស្រុកអូរជុំ ខេត្តរតនគិរី បារម្ភពីការបាត់បង់ប្រពៃណីត្បាញក្រណាត់ និងសិប្បកម្មគ្រឿងសម្ភារប្រើប្រាស់បែបប្រពៃណី ដោយសារតែវត្ថុធាតុដើមថ្លៃ និងគ្មានទីផ្សារសម្រាប់គាំទ្រការផលិតគ្រឿងប្រើប្រាស់ទាំងនោះ។
សិប្បករជនជាតិដើមភាគតិចនៅខេត្តរតនគិរី កាន់តែតិចទៅៗដែលនៅប្រកបរបរត្បាញក្រណាត់ ឬផលិតគ្រឿងសម្ភារបែបប្រពៃណីសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ និងលក់ចេញទៅទីផ្សារ។
ការថយចុះនេះ កើតមានឡើងបន្ទាប់ពីសម្ភារប្រើប្រាស់សម័យថ្មីហូរចូលទីផ្សារ និងតំបន់សហគមន៍រស់នៅសម្បូរបែប មានតម្លៃថោកជាងសម្ភារដែលផលិតបែបប្រពៃណីមានតម្លៃថ្លៃ និងគ្មានទីផ្សារ។
សហគមន៍ភូមិកញ្ឆើញ ឋិតក្នុងឃុំពយ នៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីក្រុងបានលុង ប្រជាពលរដ្ឋដែលជាអ្នកអភិរក្សវប្បធម៌តម្បាញក្រណាត់សម្រាប់ផលិតជាសម្លៀកបំពាក់ និងជាសិប្បករផលិតសម្ភារប្រើប្រាស់បុរាណ ដូចជា កាផា កញ្ជើ ល្អី ច្រើនជំនាន់មកហើយ បច្ចុប្បន្នអ្នកភូមិបានបោះបង់ប្រពៃណីនេះស្ទើរគ្មានអ្នកត្បាញ ឬផលិតវត្ថុប្រើប្រាស់ទាំងនោះទៀតឡើយ។ នៅគ្រប់គេហដ្ឋាន ស្ត្រីដែលធ្លាប់អង្គុយត្បាញក្រណាត់បានបោះបង់ចោលកីតម្បាញ ហើយកាន់កាំបិតចបជម្រះស្មៅធ្វើចម្ការ ឬធ្វើស្រែជំនួសវិញ។
ជនបង្គោលសហគមន៍ លោក សុវណ្ណ សេង កត់សំគាល់ថា កាលពីមុនឆ្នាំ២០១០ អ្នកភូមិភាគច្រើនស្ត្រី និងបុរសវ័យកណ្ដាលស្ទើរគ្រប់គ្រួសារ នាំគ្នាត្បាញសំពត់ ក្រមា ភួយ ឬផលិតកាផា ឃ្លោក កញ្ជើ ល្អី សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ ឬលក់ចេញទៅឲ្យអ្នកទេសចរដែលមកទស្សនាតំបន់សហគមន៍រស់នៅ។ លើសពីនោះទៀត ចាស់ទុំក្នុងភូមិថែរក្សាវប្បធម៌តម្បាញ និងសិប្បកម្មធ្វើសម្ភារបុរាណដើម្បីរក្សាប្រពៃណី និងអត្តសញ្ញាណជនជាតិដើមភាគតិចនៅគង់វង្ស។ លោកថា ការថយចុះនៃការអភិរក្សសិប្បកម្មបុរាណរបស់សហគមន៍ គឺជាសញ្ញាបញ្ជាក់ថា វប្បធម៌ជនជាតិដើមភាគតិចកាន់តែធ្លាក់ចុះ៖ «មុខរបរហ្នឹងដើម្បីរកចំណូលសម្រាប់ក្រុមគ្រួសារឲ្យវាមានសាមគ្គីភាពក្នុងការអភិវឌ្ឍ និងដើម្បីបន្តជាតម្បាញជនជាតិដើមភាគតិច»។
សមាជិកសហគមន៍ភូមិចំនួនបួនទៀតក្នុងឃុំពយ ក៏ប្រឈមទៅនឹងបញ្ហាបោះបង់មុខរបរត្បាញ និងការផលិតគ្រឿងប្រើប្រាស់ប្រពៃណីនេះដូចគ្នា។ សមាជិកសហគមន៍ជាបន្តបន្ទាប់ បានចាប់យកអាជីពលក់ដូរ ឬដាំដំណាំកសិឧស្សាហកម្មដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។
គ្រូបង្រៀនប្រចាំភូមិកញ្ឆើញ លោក ចាង សារុន បញ្ជាក់ថា សម្ភារទំនើបនៅទីផ្សារបានជំរុញឲ្យអ្នកភូមិបោះបង់សម្លៀកបំពាក់ ឬគ្រឿងប្រើប្រាស់ប្រពៃណីចោល ជាពិសេសសម្លៀកបំពាក់សម័យថ្មីមានតម្លៃថោកនាំចូលពីបរទេស។ លោកបន្តថា វត្ថុធាតុដើមក្នុងព្រៃកាន់តែខ្សត់ រីឯអ្នកភូមិដែលនៅប្រកាន់ប្រពៃណីត្បាញក្រណាត់ ត្រូវទិញវត្ថុធាតុដើមពីផ្សារមានតម្លៃខ្ពស់។ ហេតុនេះ តម្លៃផលិតផលរបស់សហគមន៍មិនអាចប្រកួតប្រជែងជាមួយផលិតផលសម័យបានឡើយ៖ «ឥឡូវគេឈប់ហើយដូចជាស្លៀកប៉ឹង សារុង យើងប្រើប្រាស់តែសម្ភារនៅផ្សារ។ យើងទិញ គេលែងត្បាញហើយ បើផា គេធ្វើមួយគ្រួសារពីរគ្រួសារសម្រាប់ស្ពាយ។ អ្នកខ្លះមានចំណូលគេទិញខោអាវជជុះមួយតែប៉ុន្មានពាន់ គេអាចទិញបាន»។
កាលពីមុនឆ្នាំ២០០៥ ព្រៃឈើនៅមានបរិមាណច្រើនក្នុងតំបន់សហគមន៍រស់នៅ អ្នកភូមិចូលព្រៃរកវត្ថុធាតុដើមពីឈើធម្មជាតិផលិតជាទឹកថ្នាំជ្រលក់អំបោះត្បាញ ឫស្សីដុះក្នុងព្រៃ ឬវល្លិផ្ដៅក៏សម្បូរ ដែលសហគមន៍អាចចូលព្រៃរកវត្ថុធាតុដើមទាំងនោះមកកែច្នៃសម្រាប់សិប្បកម្មបុរាណដោយមិនមានចំណាយប្រាក់ ក៏ប៉ុន្តែបច្ចុប្បន្នព្រៃឈើទាំងនោះបានបាត់បង់ស្ទើរគ្មានសល់ ដែលធ្វើឲ្យអ្នកភូមិត្រូវការទិញវត្ថុធាតុដើមពីផ្សារ ឬទិញបន្តពីតំបន់ដែលមានវត្ថុធាតុដើមទាំងនោះ។
សមាជិកក្រុមប្រឹក្សាឃុំពយ លោក ញ៉េវ មូយ បញ្ជាក់ដែរថា តម្លៃវត្ថុធាតុដើមថ្លៃ គឺជាកត្តាសំខាន់ដែលធ្វើឲ្យការផលិតរបស់ជនជាតិដើមភាគតិចមានតម្លៃខ្ពស់មិនអាចលក់ដាច់ដូចផលិតផលក្នុងស្រុក។ លើសពីនេះទៀត ការផលិតវត្ថុសិប្បកម្មបែបបុរាណ ត្រូវចំណាយពេលយូរថ្ងៃ រីឯប្រាក់ចំណេញបានតិចតួចមិនសមល្មមទៅនឹងកម្លាំងពលកម្ម ទើបសហគមន៍បោះបង់អាជីពនេះជាបន្តបន្ទាប់។ លោកថា បច្ចុប្បន្នក្រុមអង្គការសង្គមស៊ីវិលដែលធ្លាប់ជួយផ្តល់មូលនិធិ និងរកទីផ្សារជូនសហគមន៍ ក៏បានបញ្ចប់គម្រោង៖ «ក្រុមខេនឌូគេទៅរកប្រមូលទិញ ខ្ញុំអ្នកទទួលថ្នាក់ឃុំមាន ៥ភូមិ ឥឡូវគេឈប់ត្បាញហើយ»។
បច្ចុប្បន្ននេះ ផលិតផលសិប្បកម្មរបស់ជនជាតិដើមភាគតិចមានលក់នៅទីផ្សារ តាមរយៈក្រុមអាជីវករកែច្នៃគ្រឿងសម្ភារនោះទៅតាមការនិយមបែបសម័យថ្មី។ ក្រណាត់តម្បាញត្រូវបានច្នៃជាថង់ កាបូបស្ពាយ ស្រោមទូរស័ព្ទ សម្លៀកបំពាក់ម៉ូតថ្មី ជាកន្សែងបង់ក។ ចំណែកសម្ភារប្រើប្រាស់ដូចជាឃ្លោក កញ្ជើ ល្អី ធ្នូ ស្នា ត្រូវបានច្នៃជាវត្ថុអនុស្សាវរីយសម្រាប់ទាក់ទាញអ្នកទេសចរ ទិញតាំងលំអនៅគេហដ្ឋាន ឬបន្ទប់ធ្វើការ។
ស្ត្រីលក់សម្ភារសិប្បកម្មជនជាតិដើមភាគតិចនៅបឹងយក្សឡោម បញ្ជាក់ថា ប្រាក់ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍ដែលជាផលិតផលសិប្បកម្មរបស់ជនជាតិដើមភាគតិច នៅមានកម្រិតតិច ជាពិសេសវត្ថុទាំងអស់នោះមានតែអ្នកទេសចរបរទេសច្រើននិយមទិញ។ លោកស្រីបារម្ភថា អនាគតផលិតផលជនជាតិដើមនឹងបាត់បង់ពីទីផ្សារ ប្រសិនបើសហគមន៍ឈប់ផលិត៖ «តិចតួចមួយខែបានប្រាំមួយប្រាំពីរម៉ឺន មួយខ្លាំងណាស់ ចំណេញបានពីរបីពាន់អ៊ីចឹង។ របស់របរហ្នឹងខ្ញុំទិញមកអាចស្លៀកពាក់តែងជនជាតិបាន»។
មិនមានតួលេខជាក់លាក់ទាក់ទិនសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី ដែលនៅអភិរក្សសិល្បៈត្បាញក្រណាត់ និងសិប្បកម្មផលិតសម្ភារប្រើប្រាស់បែបបុរាណនោះទេ ក៏ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការផ្ទាល់ជាមួយសហគមន៍ បារម្ភថា ប្រសិនជាគ្មានការអភិរក្សជាក់លាក់ទេ ប្រពៃណីតម្បាញ និងសិប្បកម្មបុរាណរបស់ជនជាតិដើមភាគតិចខេត្តរតនគិរី នឹងគ្មានអ្នកបន្តវេនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
រដ្ឋមន្ត្រី៖ ការប្ដូរសាលាភូមិន្ទវិចិត្រសិល្បៈទៅទីតាំងថ្មីដើម្បីយកដីពង្រីកសារមន្ទីរជាតិ
-
បទសម្ភាសន៍ស្ដីពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៧ចាប់ពីថ្ងៃទី៤-៩មីនា
-
ល្ខោនស្រមោលស្បែកធំនឹងត្រូវសម្ដែងជូនសាធារណជននៅយប់ថ្ងៃទី២២កុម្ភៈ
-
របរចម្លាក់ស្បែកកំពុងជួយជីវភាពគ្រួសារនិងលើកស្ទួយវប្បធម៌ខ្មែរ
-
ព្រឹទ្ធាចារ្យចាប៉ីដងវែងដង្ហោយរកការគាំទ្រពីពលរដ្ឋនិងរដ្ឋាភិបាល
-
អាជ្ញាធរសម្រេចរក្សាព្រះពុទ្ធបដិមាបុរាណ២អង្គនៅវត្តព្រះនាគស្រុកអង្គស្នួលដដែល
-
អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថាឥទ្ធិពលចិនកំពុងចាក់ឫសកាន់តែខ្លាំងនៅកម្ពុជា
-
ពលរដ្ឋនៅខេត្តសៀមរាបមិនសប្បាយចិត្តនឹងជនមិនស្គាល់មុខវាយរូបចម្លាក់យាយទេព
-
ក្រុមយុវជនពេញចិត្តនឹងការតាំងពិព័រណ៍ស្នាដៃសិល្បៈខ្មែរ
-
ប្រទេសក្នុងតំបន់អាស៊ានរំពឹងថាការភ្ជាប់ទំនាក់ទំនងវប្បធម៌ជាមួយចិនអាចទាក់ទាញទេសចរ