ដោយ រាជ វិញ្ញូ
2017-03-18
RFA

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth
![]()
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំណាយថវិកាប្រហែល ៥២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់។ រីឯមន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើរការរៀបចំការបោះឆ្នោត យល់ថា ការចំណាយថវិកាមួយចំនួនរបស់ គ.ជ.ប ហាក់មិនចាំបាច់ និងគួរតែចំណាយថវិកាឲ្យបានច្រើនដើម្បីចុះផ្សព្វផ្សាយផ្ទាល់ដល់ពលរដ្ឋនៅទីជនបទ ឲ្យពួកគាត់បានយល់ដឹងអំពីការបោះឆ្នោត។
មន្ត្រី គ.ជ.ប បញ្ជាក់ថា ដោយសារការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ ធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យាគួបផ្សំជាលើកដំបូង ដូច្នោះការចំណាយថវិកាក៏មានចំនួនច្រើនជាងការចំណាយសម្រាប់ការបោះឆ្នោតនាពេលកន្លងទៅដែរ។ ចំណែកសង្គមស៊ីវិលបញ្ជាក់ថា ពលរដ្ឋមានចំនួនតិចតួចប៉ុណ្ណោះដែលអាចយល់ដឹងច្បាស់អំពីសារសំខាន់នៃការបោះឆ្នោត និងទាមទារឲ្យ គ.ជ.ប គួរចុះអប់រំពួកគាត់បន្ថែមទៀត។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ មីនា ថា ក្នុងចំណោមថវិកាទាំង ៥២លានដុល្លារសហរដ្ឋអាមេរិក គឺជាកញ្ចប់ថវិកាជាតិដែលរាជរដ្ឋាភិបាលបានត្រៀមទុកឲ្យ គ.ជ.ប យកទៅប្រើប្រាស់ក្នុងការចំណាយនានានៃការរៀបចំដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ ហើយបើទោះជាគ្មានជំនួយពីបរទេសក្ដី។
មន្ត្រីនាំពាក្យរូបនេះបន្តថា ទឹកប្រាក់ទាំងនេះបានចំណាយលើការដំណើរការចុះឈ្មោះបោះឆ្នោត និងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ មានដូចជា ការទិញធុងឆ្នោត ឬជួសជុលធុងឆ្នោតឡើងវិញ ទិញទឹកថ្នាំខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះពីប្រទេសឥណ្ឌា និងចំណាយលើមន្ត្រីបុគ្គលិកជាប់កិច្ចសន្យាជាង ៩ម៉ឺននាក់ជាដើម៖ «»។
លោក ហង្ស ពុទ្ធា បន្ថែមថា ទឹកប្រាក់ទាំងនេះក៏នឹងកាត់ចេញមួយចំនួនវិញ ដោយសារ គ.ជ.ប បានទទួលជំនួយជាថវិកា និងឧបករណ៍ផ្សេងៗពីប្រទេសម្ចាស់ជំនួយបានមួយចំនួន ដូចជាប្រទេសជប៉ុន បានផ្ដល់ជំនួយចំនួន ១លាន ២សែនដុល្លារដើម្បីបង្កើតប្រព័ន្ធកុំព្យូទ័រមេផ្ទុកទិន្នន័យបោះឆ្នោត សហភាពអឺរ៉ុប ផ្ដល់កុំព្យូទ័រចំនួន ២.៤០០គ្រឿង និងថវិកាចំនួន ៦,៧លានអឺរ៉ូ និងឧបករណ៍មួយចំនួន រីឯប្រទេសចិន ក៏បានផ្ដល់ជាឧបករណ៍ និងរថយន្ត ដែលមានចំនួនទឹកប្រាក់ប្រហែល ១២លានដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីសង្គមស៊ីវិលតាមដានការបោះឆ្នោត ថ្លែងថា ការចំណាយរបស់ គ.ជ.ប អស់ច្រើនមកលើប្រាក់ខែរបស់មន្ត្រី ការជួសជុលឧបករណ៍ និងសម្ភារឡើងវិញ និងការបង្កើតការិយាល័យ ឬនាយកដ្ឋានថ្មីបន្ថែម ដូចជានាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ហាក់មិនសូវមានប្រយោជន៍នោះទេ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ថា គ.ជ.ប គួរតែយកថវិកាទាំងនោះមកចំណាយលើសកម្មភាពចុះទៅផ្ទាល់ដល់មូលដ្ឋាន ដើម្បីលើកទឹកចិត្ត និងអប់រំប្រជាពលរដ្ឋនៅតាមទីជនបទ កុំឲ្យភ័យខ្លាច និងឲ្យពួកគាត់យល់ដឹងអំពីគុណតម្លៃនៃការបោះឆ្នោត របៀបនៃការបោះឆ្នោត និងពេលវេលាទៅបោះឆ្នោត ជាដើម ទើបមានប្រយោជន៍ជាង ព្រោះកាលពីអំឡុងពេលផ្សព្វផ្សាយឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត គឺភាគច្រើន គ.ជ.ប អំពាវនាវតែនៅលើគេហទំព័រ ឬវែបសាយរបស់ខ្លួន ដែលមិនអាចឲ្យពលរដ្ឋតាមទីជនបទទទួលដំណឹងគ្រប់គ្រាន់ និងមានតែពលរដ្ឋនៅទីក្រុងមានចំនួនប្រមាណ ៣០% ប៉ុណ្ណោះ ដែលអាចមានលទ្ធភាពចូលទៅមើលព័ត៌មានទាំងនោះបាន។
លោក សំ គន្ធាមី ចង់ឃើញ គ.ជ.ប យកឧបករណ៍ឧគ្ឃោសនស័ព្ទទៅប្រកាសតាមមូលដ្ឋានទីជនបទឲ្យច្រើន ឬចែកខិត្តប័ណ្ណទៅកាន់ពលរដ្ឋជាដើម៖ «»។
ក្នុងចំណោមគណបក្សនយោបាយចំនួន ៤៥ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺមានគណបក្សចំនួន ១២ប៉ុណ្ណោះ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ដើម្បីចូលរួមដណ្ដើមតំណែងជាមេឃុំក្នុងការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់ ដែលត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នេះ។
មន្ត្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប បានជ្រើសរើសមនុស្សជាង ៩ម៉ឺននាក់ ដើម្បីឲ្យចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោតទាំងអស់ចំនួន ១.៦៤៦ នៅទូទាំងប្រទេស ហើយអ្នកសង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលវិញ លេចឮថា មានជាង ២ម៉ឺននាក់។ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការងារដែល គ.ជ.ប កំពុងធ្វើនាពេលបច្ចុប្បន្ន គឺរៀបចំឲ្យគណបក្សនយោបាយចុះឃោសនារកសន្លឹកឆ្នោតដែលមានរយៈពេល ១៤ថ្ងៃ ហើយគ្រប់គណបក្សទាំងអស់ អាចចេញដើរហែក្បួនឃោសនាបោះឆ្នោតក្នុងមួយគណបក្សមានតែពីរដងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
បក្សប្រឆាំងសម្រេចលុបពាក្យស្លោក “ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ”
-
មេឃុំបក្សប្រឆាំងចោទអាជ្ញាធរស្រុកសេសានថាគំរាមកំហែងទាក់ទិនបញ្ហានយោបាយ
-
គ.ជ.បបង្ហាញចំនួនបឋមនៃអ្នកសង្កេតការណ៍ជាតិសម្រាប់ថ្ងៃបោះឆ្នោតឃុំសង្កាត់
-
មន្ត្រីបក្សសង្គ្រោះជាតិនៅខែត្ររតនគិរីប្រតិកម្មរឿងបញ្ជូនបេក្ខភាពឃុំមិនត្រឹមត្រូវ
-
គ.ជ.បកំពុងពិចារណាលើពាក្យស្លោក “ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ”
-
គ្រូបង្រៀននៅស្រុកថ្មគោលចោទមន្ត្រីរៀបចំការបោះឆ្នោតថាជ្រើសរើសបុគ្គលិកប្រកាន់បក្សពួក
-
ជំទប់ទី២ប្រតិកម្មនឹងអាជ្ញាធរឃុំនៅខេត្តបាត់ដំបងជ្រើសរើសប្រជាការពារភូមិច្រើន
-
គណបក្សនយោបាយចំនួន១២ដាក់ពាក្យចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់
-
សកម្មជនបក្សប្រឆាំងមិនពេញចិត្តការជ្រើសរើសបេក្ខជនឃុំសូយោងខេត្តកំពង់ធំ