ដោយ ហ៊ុំ ចំរើន
2017-03-20
RFA

កម្មករអូសរទេះនៅចំណុចគល់ស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីដើមខែមករា ឆ្នាំ២០១៧។ RFA/Hum Chamroeun
![]()
ក្រុមកម្មករអូសរទេះ និងអ្នករត់ម៉ូតូឌុបនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាកដោយសារមិនអាចចេញចូលទៅផ្សាររ៉ុងក្លឿរបស់ថៃ បានដូចពេលមុនៗ។ ពួកគាត់អះអាងថា មូលហេតុដែលចូលទៅផ្សារថៃ មិនបាន ដោយសារប៉ូលិសអន្តោប្រវេសន៍ប្រចាំការនៅច្រកព្រំដែននេះ មិនព្រមធ្វើកាតឲ្យពួកគាត់ ក្រោមហេតុផលថាពួកគាត់រស់នៅខុសតំបន់។
ក្រុមកម្មករអូសរទេះនៅក្រុងប៉ោយប៉ែត បានប្រតិកម្មទៅនឹងសមត្ថកិច្ចព្រំដែនមួយនេះ ថាមិនព្រមធ្វើកាតឆ្លងដែនជូនពួកគាត់ ដោយមិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រឡើយ។
ក្រុមកម្មករអូសរទេះ និងអ្នករត់ម៉ូតូឌុបនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ឲ្យដឹងនៅថ្ងៃទី២០ មីនា ថា ចាប់តាំងពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ឈប់លក់សំបុត្រចូលផ្សាររ៉ុងក្លឿ ប្រទេសថៃ មក គឺពួកគាត់ជួបការលំបាកយ៉ាងខ្លាំងក្នុងការចេញចូលទៅដឹកអីវ៉ាន់ក្នុងទឹកដីថៃ។ ពួកគាត់អះអាងថា បញ្ហាទាំងអស់នេះ ដោយសារប៉ូលិសអន្តោប្រវេសន៍មិនព្រមធ្វើកាតឆ្លងដែនឲ្យពួកគាត់ដូចពេលមុនៗ ដែលពួកគាត់មានកាត ហើយទិញសំបុត្រតម្លៃ ១ពាន់រៀលអាចចូលផ្សារថៃ បានដោយសេរី៖ «បាទ! បើយើងបានទៅធ្វើការនៅផ្សារទៅគ្រាន់បានប្រាក់ខ្លះដោះស្រាយជីវភាពគ្រួសារ។ ដល់ពេលអត់បានចូលទៅ វាអត់មានប្រាក់ចំណូលសោះតែម្ដង។ កាលពីមុន អ្នកនៅខេត្តផ្សេងក៏អាចធ្វើកាតបាន។ ដល់ឥឡូវធ្វើអត់បាន។ ខ្ញុំសំណូមពរឲ្យធ្វើបានដូចពេលមុនវិញ។ ខាងថៃ គេមិននិយាយទេ តែខាងសមត្ថកិច្ចខ្មែរគេទៅប្រាប់ខាងថៃ។ កាលនៅលក់សំបុត្រ ១០បាត ឬ ១ពាន់រៀល យើងអាចចេញចូលបានស្រួលជាង។ ដល់ពេលឈប់លក់សំបុត្រអ៊ីចឹងទៅ វាលំបាកជាងមុនទៅទៀត»។
អាស៊ីសេរី មិនអាចទាក់ទងនាយប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ មីនា ដោយទូរស័ព្ទរបស់លោកហៅចូលជាច្រើនលើក តែពុំមានអ្នកទទួល។
ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ប៉ូលិសមិនធ្វើកាតឆ្លងដែនឲ្យពួកគាត់ ក្រោមហេតុផលថា ពួកគាត់ពុំមែនជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា សមត្ថកិច្ចមិនធ្វើកាតឆ្លងដែនជូនពលរដ្ឋនាំឲ្យប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋក្រីក្រ ដែលពឹងផ្អែកទៅលើរបរដឹកទំនិញចេញចូលពីទឹកដីថៃ មកកម្ពុជា។ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា បញ្ហានេះកើតឡើងក្រោយពីសមត្ថកិច្ចព្រំដែនឈប់លក់សំបុត្រចូលផ្សាររ៉ុងក្លឿ ដែលមួយលើកតម្លៃ ១ពាន់រៀលទៅឲ្យពលរដ្ឋ៖ «ហើយបើធ្វើប័ណ្ណឆ្លងដែន ឬលិខិតឆ្លងដែន គឺត្រូវចំណាយលុយយ៉ាងច្រើន និងត្រូវចំណាយទៅលើការទិញក្រដាសផ្សេងៗ វាថ្លៃជាងសំបុត្រ ១០បាតទៅទៀត។ អ៊ីចឹងខ្ញុំគិតថាគួរតែបញ្ឈប់ ហើយចាប់ផ្ដើមធ្វើយ៉ាងណាដើម្បីសម្រួលដល់ប្រជាពលរដ្ឋ មិនមែនត្រឹមតែអត់យកថ្លៃសំបុត្រ ១០បាត បែរទៅជាមិនធ្វើកាតឆ្លងដែនឲ្យពួកគាត់ គឺមិនមែនការល្អឡើយ»។
កាលពីខែមករា កន្លងទៅ សមត្ថកិច្ចប្រចាំច្រកព្រំដែនប៉ោយប៉ែត បានចែកសំបុត្រចូលផ្សារថៃ ដោយមិនយកលុយពីប្រជាពលរដ្ឋ។ ប៉ុន្តែពលរដ្ឋអះអាងថា ការចែកសំបុត្រមិនយកលុយនេះ ល្គឹកណាអ្នកធ្វើដំណើរមានកាតឆ្លងដែនដែលចេញដោយប៉ូលិសអន្តោប្រវេសន៍ ទើបអាចចូលទៅក្នុងទឹកដីថៃ បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលករខ្មែរធ្វើការខុសច្បាប់នៅថៃជិត៥ម៉ឺននាក់ត្រូវបានចាប់បញ្ជូនមកកម្ពុជានៅឆ្នាំ២០១៦
-
អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃជួយពលករខ្មែរពីរនាក់មកកម្ពុជាវិញ
-
គ្រួសារពលករខ្មែរដែលថៅកែថៃបាញ់សម្លាប់ទាមទារសំណងជាង១ម៉ឺនដុល្លារ
-
ថៅកែដំឡូងមីជនជាតិថៃដែលបាញ់ពលករខ្មែរម្នាក់ស្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន
-
សាច់ញាតិពលករខ្មែរម្នាក់ដែលថៅកែថៃបាញ់សម្លាប់ស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌
-
គ្រួសារនៅខេត្តត្បូងឃ្មុំស្នើអាដហុកឲ្យជួយសមាជិកគ្រួសារម្នាក់ដែលថាកំពុងជាប់ឃុំនៅថៃ
-
ពលករខ្មែររាប់រយនាក់សម្រុកចេញទៅរកការងារធ្វើនៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ថៃអនុញ្ញាតឲ្យពលករខ្មែរស្របច្បាប់ទៅចុះឈ្មោះបោះឆ្នោតនិងត្រឡប់ទៅធ្វើការវិញធម្មតា
-
គណៈកម្មការសិទ្ធិមនុស្សថៃថាខ្លួននឹងរៀបចំផ្ដល់ជំនួយនានាដល់ពលករខ្មែរធ្វើការនៅថៃ
-
សមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញកាន់តែច្រើនតាមច្រកទ្វារប៉ោយប៉ែត