ដោយ យ៉ង ចាន់តារា
2017-03-21
RFA

គ្រឿងចក្រកាយខ្សាច់របស់ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ RFA/Den Ayuthyea
![]()
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ជាថ្មីទៀតថា មិនទាន់មានគម្រោងច្បាស់លាស់ចំពោះការនាំចេញខ្សាច់ទៅបរទេសសាជាថ្មីទៀតនៅឡើយ ក្រោយផ្អាកអស់រយៈពេលជិតកន្លះឆ្នាំមកនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលទាមទារឱ្យក្រសួងបញ្ឈប់ការនាំចេញខ្សាច់ទៅក្រៅប្រទេសតែម្ដង ដោយសារពួកគេយល់ថា អាជីវកម្មនេះបានបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងបញ្ហាកង្វះតម្លាភាពក្នុងការគ្រប់គ្រងចំណូល។
អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់ថា ក្រសួងកំពុងសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សាយនៃការគ្រប់គ្រងអាជីវកម្មខ្សាច់មុននឹងសម្រេចថា ត្រូវបើកឱ្យមានការនាំចេញទៅក្រៅប្រទេសវិញ នៅពេលអនាគត ឬក៏ត្រូវផ្អាកទាំងស្រុងតែម្តង។ លោកថាក្រសួងត្រូវពិនិត្យមើលឡើងវិញនូវចន្លោះខ្វះខាតដែលបានកើតមានក្នុងអាជីវកម្មធនធានរ៉ែដ៏ចម្រូងចម្រាស់មួយនេះ។
ការថ្លែងបែបនេះរបស់មន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា អំឡុងពេលលោកចូលរួមវេទិកាយុវជនស្តីពី “អភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម” នៅរាជធានីភ្នំពេញ៖ «ចន្លោះខ្វះខាត យើងត្រូវតែបំពេញ។ បើសិនជាខ្វះខាតបែបច្បាប់ រៀបចំបទដ្ឋានគតិយុត្តិឡើងវិញ ខ្វះខាតខាងនីតិវិធី មើលនីតិវិធីហ្នឹងឡើងវិញ តើវាខ្វះខាតកន្លែងណា? នៅពេលដែលយើងមើលគ្រប់ហើយ ហើយយើងនឹងថ្លឹងថ្លែងថា តើគួរនាំចេញ ឬមិនគួរនាំចេញ ព្រោះដូចបានជម្រាបអ៊ីចឹង ការនាំចេញក៏ដូចការធ្វើអាជីវកម្មរ៉ែទូទៅដែរ គឺយើងឈរលើកត្តា ៣ ធំៗ គឺកត្តាសង្គម បរិស្ថាន និងសេដ្ឋកិច្ច»។
ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំខ្សាច់ចេញទៅក្រៅប្រទេសតាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ពោលគឺនៅក្រោយពេលផ្ទុះរឿងអាស្រូវដ៏រសើបទាក់ទងនឹងបាត់តួលេខខ្សាច់ដែលកម្ពុជា នាំចេញទៅប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា ដែលគិតជាទឹកប្រាក់ជាង ៧០០លានដុល្លារអាមេរិក។
មន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ទទួលស្គាល់ថា ការគ្រប់គ្រងអាជីវកម្មខ្សាច់នេះ មានចំណុចខ្វះខាតដែលត្រូវបំពេញ រួមមានផលប៉ះពាល់លើបរិស្ថាន និងភាពខុសគ្នានៃតួលេខ និងចំណូលរបស់ក្រសួង និងតួលេខរបស់អង្គការសង្គមស៊ីវិល។
ជុំវិញរឿងនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) ហាក់មិនមានជំនឿទេថា ការផ្អាកនាំខ្សាច់ចេញទៅបរទេសនេះ កើតឡើងដោយសារឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា។
លោកយល់ថា វាកើតឡើងដោយសារតែប្រទេសសិង្ហបុរី សម្រេចឈប់នាំចូលខ្សាច់ពីកម្ពុជា ហើយលោកប្រាកដក្នុងចិត្តថា នៅពេលណាដែលសិង្ហបុរី បើកឱ្យមានការនាំចូលខ្សាច់ពីកម្ពុជា សាជាថ្មី នោះរដ្ឋាភិបាលកម្ពុជា ប្រាកដជានាំចេញខ្សាច់ទៅក្រៅប្រទេសវិញជាក់ជាមិនខាន៖ «ដរាបណាប្រទេសសិង្ហបុរី មិនបន្តការនាំចូលខ្សាច់ពីប្រទេសកម្ពុជា រដ្ឋាភិបាលកម្ពុជា គឺមិនអាចបន្តសកម្មភាពនាំចេញបានទេ ព្រោះអត់មានអ្នកទិញ ហើយខ្សាច់ហ្នឹងអត់មានប្រយោជន៍ខាងវិស័យសំណង់នោះទេ មានប្រយោជន៍សម្រាប់តែចាក់បំពេញ។ អ៊ីចឹងអ្វីដែលក្រសួងរ៉ែ និងថាមពល និយាយរាល់ថ្ងៃថា កំពុងតែពិចារណាកំពុងតែវិភាគថា តើគួរផ្អាក ឬក៏គួរបន្ត អាហ្នឹងគ្រាន់តែលេសទេ។ រឿងហ្នឹងគឺស្ថិតក្នុងដៃប្រទេសសិង្ហបុរី ទេ»។
សកម្មជនបរិស្ថានរូបនេះ ទទួលស្គាល់ប្រសិទ្ធភាពនៃបទបញ្ជារបស់ក្រសួងរ៉ែ និងថាមពល ដែលផ្អាកសកម្មភាពបូមខ្សាច់សមុទ្រ និងការនាំខ្សាច់ចេញទៅបរទេស។ លោកថា ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងខេត្តកោះកុង ដែលមានសកម្មភាពបូមខ្សាច់ បានផ្លាស់ប្តូរទៅរកភាពប្រសើរជាងមុន ដោយសារផលនេសាទរបស់ពួកគេកើនឡើង។ លោកនៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការនាំខ្សាច់ចេញទៅបរទេស និងទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេតភាពមិនប្រក្រតីទាំងឡាយដែលបានកើតឡើងក្នុងវិស័យមួយនេះ៖ «មិនមែនត្រឹមបញ្ឈប់ជាស្ថាពរទេ យើងទាមទារឱ្យរដ្ឋាភិបាលស្រាវជ្រាវឱ្យបានល្អិតល្អន់អំពីចំនួនខ្សាច់ដែលបាត់រហូតដល់ជាង ៧០លានតោនដែលមានតម្លៃរាប់រយលានដុល្លារ។ បើសិនជាឃើញស្ថាប័នណា ឬបុគ្គលណាពាក់ព័ន្ធ សូមឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការ ចាត់វិធានការដើម្បីឱ្យបុគ្គលដែលពាក់ព័ន្ធជាប់ពន្ធនាគារ និងធ្វើម៉េចឱ្យលុយដែលកម្ពុជា បាត់ គឺត្រឡប់មកវិញដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសរបស់ប្រជាពលរដ្ឋមូលដ្ឋាន»។
ទាក់ទងនឹងការពឹងពាក់ក្រុមមេធាវីសិង្ហបុរី ឱ្យពិនិត្យផ្លូវច្បាប់ក្នុងការប្ដឹងរដ្ឋាភិបាលសិង្ហបុរី ឬក្រុមហ៊ុនឯកជនដែលទទួលទិញខ្សាច់ពីកម្ពុជា វិញ លោក អាឡិច បញ្ជាក់ថា លោកនិងក្រុមមេធាវីកំពុងស្វែងរកឯកសារ និងភស្តុតាងថ្មីបន្ថែមទៀត ពីព្រោះភស្តុតាងដែលលោកមាននៅក្នុងដៃ នៅមិនទាន់រឹងមាំនៅឡើយ ដែលតុលាការសិង្ហបុរី អាចច្រានចោលបណ្តឹងនេះបាន។ លោកបញ្ជាក់ថា កំពុងពឹងពាក់អ្នកតំណាងរាស្ត្រ សកម្មជន និងអ្នកសារព័ត៌មានសិង្ហបុរី ឱ្យជួយស្វែងរកឯកសាររឹងមាំបន្ថែមទៀត ហើយនៅពេលមានភស្តុតាងគ្រប់គ្រាន់ លោកនឹងប្ដឹងករណីនេះទៅតុលាការសិង្ហបុរី ដើម្បីឱ្យប្រទេសដែនកោះមួយនេះទទួលខុសត្រូវចំពោះការទិញខ្សាច់ខុសច្បាប់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អភិបាលខេត្តព្រះសីហនុ៖ ការបូមខ្សាច់អភិវឌ្ឍន៍កំពង់ផែមិនប៉ះពាល់របរចិញ្ចឹមត្រីនិងនេសាទ
-
សកម្មជនបរិស្ថានមិនទុកចិត្តការបកស្រាយរបស់រដ្ឋាភិបាលសិង្ហបុរីទាក់ទងនឹងអាជីវកម្មខ្សាច់
-
ក្រសួងរ៉ែប្រកាសផ្អាកក្រុមហ៊ុនធ្វើអាជីវកម្មបូមខ្សាច់៣នៅខេត្តកោះកុង
-
តំណាងរាស្ត្របក្សប្រឆាំងគ្រោងកោះហៅមន្ត្រីរដ្ឋាភិបាលសួរអំពីចំណូលពីអាជីវកម្មខ្សាច់
-
មន្ត្រីក្រសួងរ៉ែថានឹងសហការដើម្បីទប់ស្កាត់ការលួចបូមខ្សាច់នាំចេញ
-
សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលពិចារណាផ្អាកអាជីវកម្មនាំខ្សាច់សមុទ្រទៅក្រៅប្រទេស
-
“កម្ពុជាបាត់ទឹកប្រាក់ជាង៧០០លានដុល្លារពីការនាំចេញខ្សាច់ទៅក្រៅប្រទេសរយៈពេល៨ឆ្នាំ”
-
ពលរដ្ឋខេត្តពោធិ៍សាត់បារម្ភអំពីផលប៉ះពាល់ពីការធ្វើអាជីវកម្មខ្សាច់បក
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្នើរដ្ឋាភិបាលបង្ហាញតម្លាភាពព័ត៌មានទាក់ទងអាជីវកម្មបូមខ្សាច់
-
គណៈកម្មការទី១សភាគ្រោងស្នើរដ្ឋមន្ត្រីមកបំភ្លឺរឿងអាជីវកម្មខ្សាច់បកនៅខេត្តកណ្ដាល