ដោយ លោក ណាត សុភាព | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 4:08 PM
http://vodhotnews.com

លោក សុខ អាន កាលពីពេលកន្លងទៅ
សកម្មជនបក្សប្រឆំាងមួយរូបនៅប្រទេសជប៉ុនបានផ្ញើលិខិតទៅអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងបង្ហោះលិខិតនោះ លើហ្វេសប៊ុកសុំទោសជាសាធារណៈ ដោយថាខ្លួនបានប្រើពាក្យប្រមាថទៅលើសពលោក សុខ អាន ខណៈ លោក ផៃ ស៊ីផាន ព្រមានចាត់វិធានការច្បាប់លើបុគ្គលរូបនោះ។
លោក សុខ អាន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបទទួលបានគោរមងារជា «សម្តេចវិបុលបញ្ញា» បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យក្រុងប៉េកាំង នៃប្រទេសចិន។ ក្រោយពីទទួលមរណភាព សកម្មជនបក្សប្រឆំាងលោក ហៃ វណ្ណា បានបញ្ចេញមតិលើហ្វេសប៊ុកលោក និងបានបង្ហោះរូបថតលោក សុខ អាន ភ្ជាប់ជាមួយអក្សរថា Rest in Hell ឬជាភាសាខ្មែរថា សូមទៅកាន់ឋាននរក។
នៅថ្ងៃទី២០ មីនានេះ លោក ហៃ វណ្ណា ប្រាប់VODថា លោកបានធ្វើលិខិតមួយផ្ញើតាមរយៈអ៊ីម៉ែលទៅអ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន និងបង្ហោះឯកសារនោះលើហ្វេសប៊ុករបស់លោក ដើម្បីសុំទោសសពលោក សុខ អាន ដោយថាខ្លួនពិតជាបានប្រមាថនិងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសនៃសព។ លោកនិយាយថា «ជាដំបូងខ្ញុំចង់ផ្ញើសារទៅមន្ត្រីធំៗមួយចំនួន ចេះកែខ្លួននៅពេលដែលគាត់កំពុងមានអាយុជីវិតរស់នៅលើភពផែនដី ប៉ុន្តែដោយសារតែពាក្យពេចន៍ដែលខ្ញុំប្រើទៅវាមានលក្ខណៈធ្ងន់ពេក ខ្ញុំសំរេចចិត្តថា ខ្ញុំបានធ្វើកំហុស ហើយខ្ញុំបានធ្វើការសុំទោសជាសាធារណៈទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី»។
ទោះជាយ៉ាងណាលោក ហៃ វណ្ណា បានបញ្ជាក់ថា មិនទាន់មានការឆ្លើយតបពីលោក ផៃ ស៊ីផាន នៅឡើយ។
VOD បានផ្ញើសារទៅសួរលោក ផៃ ស៊ីផាន តាមហ្វេសប៊ុក និងទូរសព្ទចូលច្រើនដង តែលោកមិនបានឆ្លើយតបឡើយ។ប៉ុន្តែលោក ផៃ ស៊ីផាន បានប្រាប់ប្រព័ន្ធផ្សាយមួយចំនួនថាលោកមិនអត់ទោសឲ្យនោះទេ។
កាលពីថ្ងៃទី១៦ ខែមីនានេះ ទំព័រហ្វេសប៊ុកឈ្មោះសីហា ដែលតែងតែទម្លាយសំឡេងសន្ទនាតាមទូរស័ព្ទរបស់ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិនោះ បានបង្ហោះសំឡេងសន្ទនាតាមទូរសព្ទរវាងតំណាងរាស្ត្របក្សប្រឆាំង លោក លឹម គឹមយ៉ា និងអគ្គលេខាធិការរងព្រឹទ្ធសភា លោក ហ៊ី យឿន ដែលថាមន្ត្រីបក្សប្រឆាំងទាំងពីររូបនេះ បានប្រមាថមើលងាយដល់សពលោក សុខ អាន។ ក្រោយមកមន្ត្រីបក្សប្រឆំាងទំាងពីរនាក់ បានធ្វើលិខិតសុំទោសគ្រួសារសព៕