ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 5:53 PM
http://vodhotnews.com

សមាជិកសភាសិទ្ធិមនុស្សអាស៊ានព្រមានពីស្ថានការណ៍នយោបាយកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើនាពេលបច្ចុប្បន្ន ដោយថាបានធ្វើឲ្យប្រជាធិបេតយ្យដ៏ផុយស្រួយរបស់កម្ពុជា ធ្លាក់ទៅកាន់របបផ្តាច់ការ ប្រសិនជាគ្មានការអន្តរាគមន៍ពីអន្តរជាតិ។
កាលពីថ្ងៃចន្ទម្សិលមិញ សមាជិកសភាសិទ្ធិមនុស្សអាស៊ានដែលមកពីប្រទេសថៃ ម៉ាឡេស៊ី និងភីលីពីន បានជួបប្រជុំគ្នានៅថៃ។
តាមគេហទំព័ររបស់សមាជិកសភាសិទ្ធិមនុស្សអាស៊ាន ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ពួកគេបានព្រមានពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ថាបានធ្វើបុក្ខទុកម្នេញទៅលើអ្នកមិនគាំទ្រខ្លួន អ្នកការពារសិទ្ធិមនុស្ស និងការធ្វើច្បាប់ដែលមានភាពចម្រូងចម្រាស់មុនពេលបោះឆ្នោតខាងមុខ។ពួកគេ ចាត់ទុកថា ការណ៍នេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ស្ថាប័នស្នូលរបស់ជាតិ និងលិទ្ធិប្រជាធិបេតយ្យដ៏ផុយស្រួយរបស់កម្ពុជា។
ពួកគេបន្ថែមថាចាប់តាំងពីបក្សធំៗទាំងពីរបានបែកបាក់គ្នានៅពាក់កណ្តាលឆ្នាំ២០១៥ ការគំរាមកំហែង និងបំភិតបំភ័យជាលក្ខណៈនយោបាយ ជាច្រើនបានកើតឡើងលើបក្សប្រឆាំងរាប់ចាប់តាំងពី ការចាប់ឃុំខ្លួនមន្ត្រីបក្សប្រឆាំងយ៉ាងតិច១៥នាក់ និង ការប្រើហិង្សាទៅលើសមាជិកសភាបក្សប្រឆាំងនៅមុខសភាជាដើម។
សមាជិកសភាសិទ្ធិមនុស្សអាស៊ាន លោក តូមាស៊ីតូ វីឡារីន ត្រូវបានគេស្រង់សំដីថា៖ «ការវាយប្រហារលើសមាជិកសភាបានបង្ហាញឲ្យកាន់តែច្បាស់ថា មិនមែនសំដៅទៅលើតែបក្សនយោបាយប្រឆាំងទេ តែសំដៅសមាជិកសង្គមស៊ីវិលទាំងអស់។ ប្រសិនជាពួកគេអាចធ្វើបែបនេះទៅលើអ្នកដែលតំណាងប្រជាជនដែលអង្គុយក្នុងសភា គិតមើលទៅថាពួកគេប្រាកដជាអាចធ្វើបែបហ្នឹងទៅលើជនជាតិខ្មែរគ្រប់រូប ដូចអ្វីដែលសង្គមស៊ីវិលកំពុងជួបប្រទះដែលយើងឃើញស្រាប់ហើយ»។
សមាជិកសភាអាស៊ានពីប្រទេសម៉ាឡេស៊ី លោក ឆាលេស៍ សានទីអេហ្គូរ ត្រូវបានគេដកស្រង់សំដីថា៖ «អ្វីដែលកើតឡើងនៅកម្ពុជាគឺវាបានប្រកាសអាសន្នដល់តំបន់ទាំងមូល។ ហើយវាជាករណីសិក្សាមួយពីរបៀបដែលបក្សកាន់អំណាចមួយរក្សាអំណាចរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ និងអស្ថេរភាពលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងអស់»។
ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ក្រុមសមាជិកសភាសិទ្ធិមនុស្សអាស៊ាន ថាការគំរាមកំហែងទាំងអស់នេះគឺកំពុងបន្ត បូករួមទាំងការធ្វើច្បាប់ស្តីពីបក្សនយោបាយនោះវាហាក់បានបង្ហាញថារដ្ឋាភិបាលកម្ពុជាបច្ចប្បន្នកំពុងត្រៀមដឹកនាំប្រទេសតែម្នាក់ឯងនាពេលអនាគត។ ហើយពួកគេកាន់តែប្រាកដទៀតប្រសិនជាអន្តរជាតិ ក៏ដូចជាអាស៊ាន បរាជ័យ ក្នុងការរារាំងសកម្មភាពដែលរដ្ឋាភិបាលកំពុងធ្វើនាពេលបច្ចប្បន្ននេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាលោកមិនចាប់អារម្មណ៍ទៅលើការលើកឡើងរបស់សមាជិកសភាសិទ្ធិមនុស្សអាស៊ាននេះទេ ដោយលោកថាអ្នកដែលលើកឡើងនោះគឺចេញមកពីសមាជិកសភាបក្សប្រឆាំងនៃប្រទេសជាសមាជិក។ ចំពោះការដែលថាចង់ឲ្យមានសម្ពោធអន្តរជាតិទៅលើរដ្ឋាភិបាលកម្ពុជានោះ លោក សុខ ឥសាន ថាមិនមានឥទ្ធិពលនោះទេ។
លោកថា៖ «ទោះបីជាគាត់និយាយថាអង្គការសភាអាស៊ាន។ អង្គការសភាអាស៊ានហ្នឹងសុទ្ធតែពួកប្រឆាំងទេ តាមប្រទេសមួយៗហ្នឹងគេប្រមូលផ្តុំគ្នាខ្លាចបាត់មុខពីតួនាទីរបស់ខ្លួនហ្នឹងបង្កើតមកអ្នកប្រឆាំងៗបូកបញ្ជូលគ្នាមកកើតជាអង្គសភាហ្នឹងឡើង។ អញ្ចឹងគាត់និយាយមកវាមានទឹកមាត់ឯណាយកមកឲ្យយើងចាប់អារម្មណ៍នោះ»។
អ្នកស្រាវជ្រាវពីបញ្ហាសង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថា វាជារឿងធម្មតាទេដែលរដ្ឋាភិបាលតែងប្រតិកម្មមិនចាប់អារម្មណ៍ ឬក៏វាយបកទៅលើអ្វីដែលគេបានរិះគន់ខ្លួនបែបនេះ ព្រោះវាជាសិទ្ធិរបស់រដ្ឋក្នុងការទទួលយកឬបដិសេធការរិះគន់នេះ។ តែលោកថាប្រសិនរដ្ឋាភិបាលកម្ពុជានៅតែមិនទទួលយកមកពិចារណានូវការរិះគន់ទាំងនេះវារិតតែធ្វើឲ្យមានការរិះគន់នេះកាន់តែច្រើនថែមទៀត។ លោកថា ការមិនទទួលមកពិចារណារបស់បក្សកាន់អំណាចចំពោះការលើកឡើងរបស់អន្តរជាតិ នេះ បង្ហាញថាកម្ពុជាកាន់ងាកទៅរកចិន។
លោកថា៖ «អានេះវាអាស្រ័យទៅលើជំហររបស់រដ្ឋាភិបាល គាត់ប្រុងដើរមកលើផ្លូវមួយដែល យកលិទ្ធិប្រជាធិបតេយ្យជាគាត់អាហ្នឹងគាត់ប្រហែលជាយកពិចារណាហើយ។ ក៏ប៉ុន្តែប្រសិនជារដ្ឋាភិបាលគាត់ធ្វើដំណើរទៅកាន់ស្ថានភាពមួយដែលគាត់លំអៀងទៅលើមនោគមន៍វិជ្ជារបស់ចិន អានោះយើងនឹងអាចមានបញ្ហាកើតមានដែរទៅថ្ងៃខាងមុខ។ អញ្ចឹងវាអាស្រ័យទៅលើឆន្ទៈរបស់រដ្ឋាភិបាលដឹកនាំប្រទេសកម្ពុជាយើងថានៅខាងឆ្វេងឬខាងស្តាំ»។
ស្ថានការណ៍នយោបាយចុងក្រោយរបស់កម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកតាមដានសង្គមយល់ថា បាននិងកំពុងធ្វើឲ្យអន្តរជាតិព្រួយបារម្ភ ជាពិសេសបន្ទាប់ពីបក្សកាន់អំណាចអនុម័តច្បាប់ស្តីពីបក្សនយោបាយដ៏ចម្រូងចម្រាស ដែលធ្វើឲ្យពួកគេយល់ថារដ្ឋាភិបាលកំពុងត្រៀមដឹកនាំប្រទេសតែមួយបក្សនាពេលអនាគត៕