ដោយ ថា កិត្យា
2017-03-22
RFA

ផែនទីខេត្តស្វាយរៀង។ Photo: RFA
![]()
មេប៉ុស្តិ៍នគរបាលឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង រងការចោទថា បានប្រើកាំភ្លើងបាញ់ប្លាតទៅត្រូវជើងយុវជនម្នាក់ ដែលមានជម្លោះជាមួយកូនប្រុសរបស់ខ្លួន។ ទោះជាយ៉ាងណា អធិការស្រុកបានច្រានចោលការចោទប្រកាន់នេះ។ រីឯសង្គមស៊ីវិលចាត់ទុកថា ករណីនេះ ប្រសិនបើជាការពិតគឺទង្វើសមត្ថកិច្ចបានរំលោភច្បាប់។
ហេតុការណ៍បាញ់បោះពីសំណាក់មន្ត្រីនគរបាល បណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋសាមញ្ញនេះ ត្រូវបានពលរដ្ឋអះអាងថា បានកើតឡើងកាលពីម៉ោងជាង ៩យប់ នៅថ្ងៃទី២០ ខែមីនា នៅក្នុងបរិវេណសាលាឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាទីដែលមានការរៀបចំដាក់ល្បែងកម្សាន្តកន្ត្រកវិល។ ជនរងគ្រោះក្នុងហេតុការណ៍នោះ មានឈ្មោះ មឹង សែន រស់នៅភូមិតែងម៉ៅ ឃុំចន្ទ្រា។
បងប្រុសរបស់ជនរងគ្រោះឲ្យដឹងថា ដំបូងឡើយកូនប្រុសរបស់មេប៉ុស្តិ៍ឃុំចន្ទ្រា និងបក្សពួក បានផឹកស៊ី និងទាស់សម្ដីគ្នាជាមួយយុវជនមួយក្រុមទៀតនៅកន្លែងដាក់កន្ត្រកវិលនោះ ហើយជនរងគ្រោះឈ្មោះ មឹង សែន បានចេញមុខទៅឃាត់ ប៉ុន្តែភ្លាមៗនោះ មេប៉ុស្តិ៍ឃុំចន្ទ្រា លោក ហាស់ ស៊ីយ៉េត បានចេញមុខរករឿង និងបាញ់កាំភ្លើងពីរគ្រាប់បណ្ដាលឲ្យត្រូវកំភួនជើងយុវជន មឹង សែន មួយគ្រាប់តែម្ដង៖ «»។
ទោះយ៉ាងណាសំណុំរឿងនេះ ត្រូវបងប្រុសជនរងគ្រោះអះអាងថា ប៉ូលិសបានហៅឪពុកម្ដាយរបស់លោកទៅសម្របសម្រួលនៅព្រឹកថ្ងៃទី២១ ខែមីនា ដោយផ្តល់ប្រាក់សំណងចំនួន ១.២០០ដុល្លារ និងធានាចេញថ្លៃព្យាបាលប្អូនប្រុសរបស់លោករហូតដល់ជាដើម្បីបញ្ចប់រឿង។ ចំណែកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចន្ទ្រា លោក ហាស់ ស៊ីយ៉េត វិញ ត្រូវបានពលរដ្ឋរាយការណ៍ថា ថ្នាក់លើបានសម្រេចបញ្ឈរជើងរយៈពេលពី ៣ខែ ទៅ ៦ខែ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីមេប៉ុស្តិ៍ចន្ទ្រា លោក ហាស់ ស៊ីយ៉េត បានទេ នៅថ្ងៃទី២១ ខែមីនា ដោយលោកបានបិទទូរស័ព្ទទៅវិញ នៅពេលអាស៊ីសេរី សួរនាំរូបលោក ហើយទោះជាព្យាយាមទូរស័ព្ទទៅទៀតក៏មិនលើកទូរស័ព្ទ។
រីឯមេឃុំចន្ទ្រា លោក ក្លែង រុន អះអាងថា លោកមិនបានដឹងឮករណីបាញ់បោះនៅយប់ថ្ងៃទី២០ ខែមីនា នេះទេ ដោយសារលោកជាប់រវល់ប្រជុំ រួចក៏ដាច់ទូរស័ព្ទទៅវិញ។
ចំពោះករណីនេះដែរ ស្នងការខេត្តស្វាយរៀង លោក កឹង ឃន ថា ខាងខេត្តកំពុងចុះស្រាវជ្រាវ តែមិនទាន់មានរបាយការណ៍ ហើយលោកបានបង្វែរអោយទៅសួរលោកអធិការស្រុកចន្ទ្រា វិញ។
អធិការស្រុកចន្ទ្រា លោក សូ ស៊ីថន បានថ្លែងប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ករណីនេះមិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែបង្ក្រាបក្មេងទំនើង ហើយប៉ះពាល់តិចតួច។ លោកបានបន្តថា រហូតមកដល់ពេលនេះ ករណីនេះបានផ្សះផ្សាតាមរយៈការសុំទោសគ្នាទៅវិញមកចប់សព្វគ្រប់អស់ហើយ ដោយមិនមានការបង់សំណង់ជាប្រាក់នោះទេ។ លោកបញ្ជាក់ដែរថា ចំពោះរបួសជនរងគ្រោះមិនធ្ងន់ធ្ងរដូចពាក្យចចាមអារ៉ាមឡើយ ដោយគ្រាន់តែលាបប្រេងកូឡាក៏ជាសះស្បើយដែរ៖ «»។
ការអះអាងរបស់លោកអធិការស្រុកនេះ គឺផ្ទុយពីការលើកឡើងរបស់សាក្សី និងសាច់ញាតិជនរងគ្រោះ ដោយបញ្ជាក់ថា កំភួនជើងខាងស្ដាំរបស់ជនរងគ្រោះ គឺត្រូវគ្រាប់កាំភ្លើងចំនួនមួយគ្រាប់ ធ្លុះពីម្ខាងទៅម្ខាង ហើយនឹងអាចពិការផង ប្រសិនបើមិនមានការព្យាបាល និងថែទាំត្រឹមត្រូវ៖ «»។
បងប្រុស និងពលរដ្ឋមួយចំនួនអះអាងថា មកដល់ពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម នៅឡើយ ដោយមិនទាន់បញ្ជូនមកផ្ទះវិញទេ។ សាក្សីដែលមិនហ៊ានបញ្ចេញឈ្មោះក៏ទម្លាយដែរថា ក្រោយសម្របសម្រួលនោះ ពួកគេឃើញក្រុមអាជ្ញាធរបានជួបជុំគ្នាទទួលទានគ្រឿងស្រវឹងទៀតផង។
ទាក់ទិនករណីនេះ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ប្រសិនបើករណីនេះគឺជាការពិត ទោះបីមេប៉ុស្តិ៍រូបនោះមានចេតនាក្ដី មិនចេតនាធ្វើឲ្យផ្ទុះអាវុធក្ដី ប៉ុន្តែធ្វើអោយអ្នកដទៃមានរងរបួសស្នាមនោះ គឺនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ ដោយមិនមែនត្រឹមតែពិន័យរដ្ឋបាលនោះទេ៖ «»។
មួយរយៈចុងក្រោយនេះ មានព័ត៌មានជាច្រើនបង្ហាញថា អាជ្ញាធរមួយចំនួនបានប្រើអំណាចរបស់ខ្លួនទៅបាញ់បោះ និងវាយដំលើពលរដ្ឋធម្មតា ដូចជាក់ស្ដែងកាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ នគរបាលស្រុកស្អាង ខេត្តកណ្ដាល ៣នាក់ បានព្រួតវាយដំលើបុរសពីរនាក់បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់ ហើយចុងក្រោយត្រូវបានក្រសួងមហាផ្ទៃ បញ្ឈប់ពីការងារតែមិនទាន់ចាប់ខ្លួនបាននៅឡើយ។
ពលរដ្ឋ និងសង្គមស៊ីវិលតែងតែទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ គប្បីបង្ហាញពីចំណាត់ការរបស់ខ្លួនឲ្យមានតម្លាភាព ហើយចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ និងបំបាត់វប្បធម៌និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
របាយការណ៍៖ កម្ពុជាមានអត្រាកំណើនឆាប់រហ័សបំផុតលើការអភិវឌ្ឍមនុស្សក្នុងតំបន់
-
ពលរដ្ឋស្នើឲ្យរដ្ឋាភិបាលឬក្រុមហ៊ុនចិនសង់ផ្លូវជាតិលេខ៥១ប្រកបដោយគុណភាព
-
អាជ្ញាធរឃុំនៅកំពង់ឆ្នាំងរងការចោទថាមិនសហការជាមួយមន្ត្រីជំនាញចុះពង្រាបដីស្រែជូនកសិករ
-
ពលរដ្ឋខេត្តស្ទឹងត្រែងចោទមន្ត្រីពីររូបថាវាយពលរដ្ឋឲ្យរបួសដោយសារជំរិតទារប្រាក់មិនបាន
-
អាជ្ញាធរឃុំនៅខេត្តកំពង់ឆ្នាំងខ្លាចដំបូលអគារឃុំបាក់សង្កត់ដោយសារចាស់ទ្រុឌទ្រោម
-
យុទ្ធនាការជិះកង់រៃអង្គាសប្រាក់ជួយកុមារកម្ពុជាមកដល់ខេត្តរតនគិរី
-
សាលាក្រុងប្រកាសបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនដែលសង់របារពាណិជ្ជកម្មកាត់ផ្លូវ
-
ពលរដ្ឋនៅខេត្តក្រចេះបារម្ភអំពីសុវត្ថិភាពនៅពេលប្រើប្រាស់ស្ពានយោលដែលចាស់ទ្រុឌទ្រោម
-
អ្នកលក់ដូរតាមកញ្ច្រែងនៅផ្សារដើមគថាពួកគាត់នៅតែត្រូវបង់លុយដើម្បីបានលក់ដូរ