ដោយ សូត សុខប្រាថ្នា
2017-03-22
RFA

គ្រឿងចក្ររបស់ក្រុមហ៊ុន ដែលពលរដ្ឋអះអាងថាបានចូលទៅឈូសឆាយដំណាំរបស់ពលរដ្ឋ នៅភូមិឈើទាលជ្រុំ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ Photo LICADHO
![]()
តំណាងក្រុមហ៊ុន អាន ម៉ារ៉ាឌី ច្រានចោលចំពោះការយល់ច្រឡំរបស់ពលរដ្ឋដែលថា ក្រុមហ៊ុននេះកំពុងមានវត្តមាននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយកំពុងមានជម្លោះដីធ្លីជាមួយពលរដ្ឋជាច្រើនគ្រួសារ។ តាមពិត ក្រុមហ៊ុន អាន ម៉ារ៉ាឌី គ្មានដីវិនិយោគនៅឃុំក្រយា ឡើយ ហើយតំណាងក្រុមហ៊ុនត្រៀមផ្សព្វផ្សាយប្រាប់ពលរដ្ឋតាមរយៈអាជ្ញាធរមូលដ្ឋានឲ្យដឹងច្បាស់ពីបញ្ហានេះ ជៀសវាងយល់ច្រឡំបន្តទៀត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន។
តំណាងក្រុមហ៊ុន អាន ម៉ារ៉ាឌី លោក ឃឹង នុភាព មានប្រសាសន៍នៅថ្ងៃទី២២ មីនា ថា ក្រុមហ៊ុន អាន ម៉ារ៉ាឌី មានដីសម្បទានដែលទទួលបានពីរដ្ឋសម្រាប់វិនិយោគរួមមាន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មាននៅស្រុកចម្ការលើ ខេត្តកំពង់ចាម និងមាននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប៉ុន្តែមិនមានដីសម្រាប់វិនិយោគនៅឃុំក្រយា ស្រុកសន្ទុក ទេ។
លោកបន្តថា ការប្រើប្រាស់ឈ្មោះក្រុមហ៊ុន អាន ម៉ារ៉ាឌី នៅឃុំក្រយា គឺជាការយល់ច្រឡំ ដោយសារពលរដ្ឋមួយចំនួនឃើញវត្តមានលោកនៅទីនោះ ប៉ុន្តែលោកថា លោកទៅទីតាំងដីនៅឃុំក្រយា ដើម្បីជួយមើលការខុសត្រូវខ្លះដល់ក្រុមហ៊ុនខ្មែរចំនួន៤ នៅតំបន់នោះប៉ុណ្ណោះ៖ «ខ្ញុំចង់បញ្ជាក់ប្រាប់បងថា ក្រុមហ៊ុននៅឃុំក្រយា ពុំមែនជាក្រុមហ៊ុន អាន ម៉ារ៉ាឌី ទេ។ ទីពីរ ដូចដែលបានវិធានការហ្នឹង ខ្ញុំបានជម្រាបប្រាប់ពីស្រុកទៅខេត្តមួយជំហានហើយ ទៅឃុំអី ប្រាប់ប្រជាពលរដ្ឋគាត់កុំឲ្យយល់ច្រឡំថា ក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុន អាន ម៉ារ៉ាឌី អី»។
តំណាងក្រុមហ៊ុន អាន ម៉ារ៉ាឌី ដដែលបញ្ជាក់ថា លោកមិនបានដឹងច្បាស់ថា តើក្រុមហ៊ុនចំនួន៤ តូចៗនោះមានជាប់សាច់ឈាមជាមួយឧកញ៉ា អាន ម៉ារ៉ាឌី ដែរ ឬយ៉ាងណាទេ? ប៉ុន្តែដោយសារមានការពឹងពាក់ពីក្រុមហ៊ុននៅឃុំក្រយា ទើបខាងលោកទៅជួយមើលដីរបស់ក្រុមហ៊ុននៅឃុំក្រយា ម្ដងម្កាលប៉ុណ្ណោះ។ លោកអះអាងថា ក្រុមហ៊ុន អាន ម៉ារ៉ាឌី ក៏មិនធ្លាប់មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋដែរ ពីព្រោះផ្ទៃដីវិនិយោគរបស់ក្រុមភាគច្រើន គឺជាដីចម្ការកៅស៊ូចាស់។
មេឃុំក្រយា លោក កែវ ឆេង មានប្រសាសន៍ថា ក្រុមហ៊ុនទាំងបួនមានទំហំផ្ទៃដីក្រោម ១ពាន់ហិកតារ ហើយលោកមិនចាំឈ្មោះក្រុមហ៊ុនទាំងអស់នោះទេ ប៉ុន្តែលោកដឹងថា បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយឈ្មោះ នុភាព សុភី ដែលលោកអះអាងថាជាកូនប្រសារបស់ឧកញ៉ា អាន ម៉ារ៉ាឌី។ យ៉ាងនេះក្តី លោកមិនច្បាស់ទេថា មានពលរដ្ឋនៅក្នុងឃុំរបស់គាត់ប៉ុន្មានគ្រួសារដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនទាំងបួននោះ ពីព្រោះពលរដ្ឋមួយចំនួនចេះតែនាំគ្នាចូលទៅកាប់រានដីក្រុមហ៊ុនដែលនៅទំនេរ។ ចំណែកការដោះស្រាយ លោកបញ្ជាក់ថា ថ្នាក់ខេត្តជាអ្នកសម្របសម្រួលលើករណីនេះ៖ «មិនទាន់ចប់ទេ បើឲ្យច្បាស់ គឺទាល់តែក្រុមការងារខេត្ត ព្រោះគាត់កាន់ការងារនឹងដៃ»។
ទោះបីជាក្រុមហ៊ុនទាំងនោះមិនមែនជាក្រុមហ៊ុន អាន ម៉ារ៉ាឌី ក៏ដោយ ប៉ុន្តែពលរដ្ឋដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុននៅឃុំក្រយា ស្នើឲ្យអាជ្ញាធរជួយដោះស្រាយឲ្យបានឆាប់រហ័ស។
តំណាងពលរដ្ឋ ១១គ្រួសារដែលបានដាក់ពាក្យបណ្ដឹងទៅអង្គការសង្គមស៊ីវិលឲ្យជួយអន្តរាគមន៍ លោក សន សឿន ឲ្យដឹងថា មូលហេតុអ្នកភូមិអះអាងថាក្រុមហ៊ុនដែលកំពុងមានជម្លោះជាមួយពួកគាត់ គឺជាក្រុមហ៊ុន អាន ម៉ារ៉ាឌី ព្រោះអ្នកបើកបរគ្រឿងចក្របញ្ជាក់ប្រាប់ពួកគាត់ដូច្នេះ៖ «សំណូមពរដល់រាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់យើងខ្ញុំផង ព្រោះពួកខ្ញុំប្រជាជនខ្វះខាត គឺពឹងតែទៅលើដីហ្នឹងឯង»។
ក្រៅពីពលរដ្ឋ ១១គ្រួសារនេះ ក៏មានពលរដ្ឋជាច្រើនគ្រួសារទៀតទាមទារឲ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនទាំងនោះដែរ។
មន្ត្រីអង្កេតអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ យល់ថា បើទោះបីជាមិនមែនជាក្រុមហ៊ុន អាន ម៉ារ៉ាឌី ក៏ដោយ ប៉ុន្តែរាល់ក្រុមហ៊ុនដែលកំពុងមានទំនាស់ជាមួយពលរដ្ឋ ព្រមទាំងអាជ្ញាធរ ត្រូវចូលរួមដោះស្រាយលើបញ្ហានេះ។ ជាងនេះទៀត ក្រុមហ៊ុនត្រូវបញ្ឈប់ការឈូសឆាយលើតំបន់ដីដែលកំពុងមានទំនាស់ ដោយរង់ចាំការដោះស្រាយជាមុន។ ប្រសិនបើបញ្ហានេះនៅមិនអាចដោះស្រាយចប់ ហើយភាគីក្រុមហ៊ុនចេះតែបន្តឈូសឆាយលើដីទំនាស់ទៀត លោកបារម្ភខ្លាចតែមានអំពើហិង្សាកើតឡើងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋឃុំក្រយាស្នើអាជ្ញាធរជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនអានម៉ារ៉ាឌី
-
ពលរដ្ឋស្រុកស្ទោងចោទថាឈ្មួញបង្ខំឲ្យប្រគល់ដីធ្លាប់អាស្រ័យផលឲ្យពួកគេ
-
ពលរដ្ឋខេត្តកំពង់ធំស្នើឲ្យអាជ្ញាធរពន្លឿននីតិវិធីផ្តល់ដីសម្បទានសេដ្ឋកិច្ចជូនពួកគាត់
-
ជនជាតិដើមភាគតិចខេត្តកំពង់ធំស្នើពន្លឿនដោះស្រាយវិវាទដីព្រៃជាមួយក្រុមហ៊ុន
-
ពលរដ្ឋស្រុកសន្ទុកខេត្តកំពង់ធំថាមន្ត្រីរដ្ឋបាលព្រៃឈើដាក់កម្លាំងរំលោភយកដីរបស់ពួកគាត់
-
ពលរដ្ឋស្រុកស្ទោងចោទឧកញ៉ាមួយរូបថាសង់ស្ថានីយសាំងនិងភោជនីយដ្ឋានបិទផ្លូវទឹកដាក់ស្រែ
-
ពលរដ្ឋស្រុកសណ្ដាន់បារម្ភខ្លាចបាត់បង់ដីដែលពួកគាត់ទាមទារកាន់កាប់ធ្លាក់ទៅដៃឈ្មួញ
-
ពលរដ្ឋមួយចំនួននៅស្រុកសន្ទុកខេត្តកំពង់ធំថាមិនទាន់ទទួលបានដីចម្ការពីរដ្ឋនៅឡើយ
-
ពលរដ្ឋនៅខេត្តកំពង់ធំចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីរួមនៅក្នុងភូមិ
-
ពលរដ្ឋខេត្តកំពង់ធំតវ៉ាមិនឲ្យកម្មករក្រុមហ៊ុន CRCK ដាំកូនកៅស៊ូលើដីទំនាស់