ដោយ ជិន ជេដ្ឋា
2017-03-22
RFA

ផែនទីខេត្តពោធិ៍សាត់ (Photo: RFA)
![]()
អ្នកភូមិនៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចោទក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ថានៅតែបន្តយាយីធ្វើបាប និងឈូសឆាយរំលោភយកដីពលរដ្ឋ។ តំណាងក្រុមហ៊ុនអះអាងថា ទីតាំងដីកំពុងឈូសឆាយ គឺឋិតនៅក្នុងផែនទីដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនទទួលបានពីរដ្ឋាភិបាល ហើយអាជ្ញាធរខេត្តកំពុងដោះស្រាយបញ្ហានេះ។
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិនៃឃុំថ្មដា ចំនួន ២៣គ្រួសារ ដែលនៅមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព អះអាងថា ក្រុមហ៊ុននៅបន្តដាក់គ្រឿងចក្រឈូសឆាយលើដីមានទំនាស់ ដោយមានការយាមកាមពីមន្ត្រីយោធា និងមន្ត្រីបរិស្ថានជាច្រើននាក់។ ក្រោយមានសកម្មភាពឈូសឆាយនៅពេលចុងក្រោយនេះ អាជ្ញាធរខេត្តពោធិ៍សាត់ ចេញមុខដោះស្រាយជាមួយភាគីពលរដ្ឋជាថ្មី។
អ្នកភូមិសង្គមថ្មី នៃឃុំថ្មដា ម្នាក់ លោកស្រី យ៉ុង រ៉ាន់ មានប្រសាសន៍ថា អ្នកភូមិមិនសូវមានជំនឿថា អាជ្ញាធរខេត្តពោធិ៍សាត់ អាចដោះស្រាយបញ្ហានេះបានទេ ព្រោះលោកស្រីសង្កេតឃើញថា វិធីសាស្ត្រ និងការសន្យារបស់អភិបាលរងខេត្តលោក ឡេង ឡៃ ដែលបានចុះដោះស្រាយជាមួយភាគីពលរដ្ឋនៅល្ងាចថ្ងៃទី២១ ខែមីនា គឺជាការងារដែលសមត្ថកិច្ចធ្លាប់អនុវត្ត ប៉ុន្តែមិនទទួលបានជោគជ័យ៖ «លទ្ធផលមិញគាត់ (លោក ចេង ឡៃ) ថា ឲ្យយើងព្រម ឬមិនព្រមប៉ុណ្ណឹង អត់ឲ្យយើងនិយាយប្រវត្តិដើមវិញថា ដីរបស់យើងហ្នឹងអ៊ីចេះៗអត់ទេ។ ដូចជាដីខ្ញុំរស់នៅតាំងពីសមាហរណកម្មដំណាំតាំងពីឆ្នាំ២០១០ ឈូសអស់ហើយបែរជាមិនទទួលស្គាល់ចោទវិញថា កាលពីបញ្ជាលេខ០១ ម៉េចមិនទៅវាស់វែង? អ៊ីចឹងសំណូមពរសុំដីខ្ញុំដដែលឲ្យស្របតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោកស្រី យ៉ុង រ៉ាន់ បញ្ជាក់ថា រូបគាត់ និងអ្នកភូមិមួយចំនួនទៀតនៅតែប្រកាន់ជំហរទាមទារយកដីដែលក្រុមហ៊ុនកំពុងរំលោភយក ហើយស្នើអាជ្ញាធរចុះវាស់វែងចេញប្លង់រឹងជូនពលរដ្ឋកាន់កាប់វិញ។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ ថាអាជ្ញាធរកំពុងធ្វើបច្ចុប្បន្នភាព ឬប្រមូលឈ្មោះពលរដ្ឋណាដែលស្ម័គ្រចិត្តទទួលយកដីនៅកន្លែងថ្មីក្នុងចំណោមពលរដ្ឋទាំង ២៣គ្រួសារនោះ ដើម្បីងាយស្រួលដល់ការរៀបចំដីនៅកន្លែងថ្មី។ លោកបន្តថា រហូតមកដល់ថ្ងៃនេះមានពលរដ្ឋចំនួន ៩គ្រួសារហើយ ក្នុងចំណោម ២៣គ្រួសារ បានយល់ព្រមទទួលយកដីនៅកន្លែងថ្មី៖ «គាត់មានឯកសារចាស់យើងរក្សា រក្សាតាមកំណត់ហេតុដែលគាត់បានធ្វើបច្ចុប្បន្នភាពនៅសាលាខេត្ត។ អាហ្នឹងវាអ៊ីចេះកាលពីដើមឡើយមានបញ្ជាលេខ០១ វាពាក់ព័ន្ធតាំងនោះមក អ៊ីចឹងតាមបទបញ្ជាលេខ០១ វា (ដី) អត់មានភស្តុតាង បើសិនមានភស្តុតាងកាលពីសូន្យមួយមកវាអត់អីទេ ចប់បាត់ហើយរឿងអស់ហ្នឹង»។
ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន អឹម.ឌី.អេស ប្រចាំមណ្ឌលខេត្តពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ ថាខាងលោកមិនអាចអារកាត់ថា ត្រូវឆ្វៀលដីបន្ថែមទៀតចេញពីដីរបស់ក្រុមហ៊ុនជូនពលរដ្ឋ ឬយ៉ាងណានោះទេ គឺអាស្រ័យលើការដោះស្រាយរបស់អាជ្ញាធរ។ ប៉ុន្តែលោកថា ក្រុមហ៊ុននៅតែបន្តធ្វើការឈូសឆាយដើម្បីអភិវឌ្ឍលើដីដែលខ្លួនទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាលនោះ៖ «ព្រោះអានេះជាភារកិច្ចរបស់អាជ្ញាធរ អ៊ីចឹងខ្ញុំអត់អាចនិយាយថា ត្រូវឆ្វៀល ឬមិនឆ្វៀលខ្ញុំអត់មានសិទ្ធិក្នុងរឿងហ្នឹង។ សម្រាប់ខាងក្រុមហ៊ុន ដូចអត់ដែលមានការជំទាស់នឹងការដោះស្រាយក្រោមការសម្របសម្រួលអីជាមួយខាងខេត្តទេ។ តាមខ្ញុំដឹងមានអភិបាលរងខេត្តម្នាក់ ឡើងទៅដោះស្រាយការងារហ្នឹង អ៊ីចឹងសូមឲ្យអ្នកពាក់ព័ន្ធចូលរួមដោះស្រាយជាមួយអាជ្ញាធរ ហើយក្រុមហ៊ុនខ្ញុំក៏មានតំណាងនៅហ្នឹងទៅចូលរួមដោះស្រាយដែរ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន សង្កេតឃើញថា ជម្លោះដីធ្លីរ៉ាំរ៉ៃនេះ បានប៉ះពាល់ជីវភាពអ្នកភូមិកាន់តែខ្លាំងឡើង ដោយអ្នកខ្លះត្រូវធ្វើអំបោស ឬរកអនុផលព្រៃឈើទៅលក់នៅផ្សារថៃ យកប្រាក់មកចិញ្ចឹមជីវិត ជំនួសការបង្កបង្កើនផលស្រូវ ឬពោតសណ្ដែកនៅលើដីដែលខ្លួនធ្លាប់ធ្វើ ប៉ុន្តែត្រូវបានគេហាមឃាត់មិនឲ្យចូលធ្វើបន្តទៀតនោះ៖ «អ៊ីចឹងយើងចង់សុំឲ្យអាជ្ញាធរខេត្ត ពន្លឿនការដោះស្រាយឲ្យគាត់បានដីអាស្រ័យផលសម្រាប់ការដោះដូរជីវភាពរបស់ពួកគាត់»។
ក្រុមហ៊ុន អឹម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព ចាប់ផ្ដើមមានជម្លោះដីធ្លីជាមួយពលរដ្ឋរស់នៅភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដា តាំងពីឆ្នាំ២០១០ ក្រោយពេលក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំជាង ២ពាន់ហិកតារ (២.២៦៥ហិកតារ) នៅតំបន់ថ្មដា ដើម្បីសង់កាស៊ីណូ និងដាំដំណាំកសិឧស្សាហកម្ម ប៉ុន្តែផ្ទៃដីនេះបានវាស់ឆ្វៀលជូនទៅពលរដ្ឋខ្លះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋ៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តពោធិ៍សាត់រឿងទន្ទ្រានដីព្រៃលិចទឹក
-
តុលាការខេត្តពោធិ៍សាត់មិនទាន់សម្រេចលើសំណុំរឿងសកម្មជនដីធ្លីលោក គុជ វេង
-
ចៅអធិការវត្តបាកានរងការចោទថាកាយប្រឡាយរំដោះទឹកប៉ះពាល់ផ្លូវចេញចូលផ្ទះពលរដ្ឋ
-
ពលរដ្ឋប្រមាណ៣០០គ្រួសារកំពុងទន្ទ្រានដីរដ្ឋដោយខុសច្បាប់នៅខេត្តពោធិ៍សាត់
-
អាជ្ញាធរខេត្តពោធិ៍សាត់រងការរិះគន់ជុំវិញវិធានការដោះស្រាយជម្លោះដីធ្លី
-
ពលរដ្ឋខេត្តពោធិ៍សាត់២១គ្រួសារនៅតែចង់ជួបថ្នាក់ដឹកនាំកំពូលៗឲ្យជួយដោះស្រាយបញ្ហាដីធ្លី
-
ពលរដ្ឋខេត្តពោធិ៍សាត់ចោទអាជ្ញាធរថារឹបអូសដីពួកគេទៅដាក់ជាព្រៃសហគមន៍
-
មន្ត្រីសិទ្ធិមនុស្សស្នើអាជ្ញាធរខេត្តពោធិ៍សាត់ដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋជាង៧០គ្រួសារ
-
ពលរដ្ឋ៧៣គ្រួសារនៅខេត្តពោធិ៍សាត់ប្រកាសស៊ូស្លាប់មិនរើចេញពីលំនៅ
-
ផ្ទះនិងខ្ទមពលរដ្ឋនៅខេត្តពោធិ៍សាត់ជាច្រើនខ្នងប្រឈមនឹងការរុះរើ