ដោយ លោក ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 2:59 PM
http://vodhotnews.com

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)
នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ខ្លួននៅតែបន្តខ្ចីប្រាក់ពីមហាមិត្តចិន យកមកកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ដោយថាប្រាក់កម្ចីពីមហាអំណាចមួយនេះ ស្រួលចាត់ចែងតាមតម្រូវការ ខណៈជំនួយនានាពីប្រទេសលោកសេរី បានដាក់លក្ខខណ្ឌឲ្យគោរពសិទ្ធិមនុស្សនិងចាយវាយត្រូវមានតម្លាភាព។
ក្នុងពិធិសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ នាព្រឹកថ្ងៃទី៦ខែមេសានេះ លោក ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់នយោបាយផ្តោតលើកការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ទឹក ភ្លើង តាមរយៈចំណូលថវិកាជាតិនិងប្រាក់កម្ចីពីមហាអំណាចចិនដដែល។
លោក ហ៊ុន សែន អះអាងទៀតថា គោលនយោបាយនេះ បានផ្សាភ្ជាប់អ្នកមាននិងអ្នកក្រ អ្នកទីក្រុងនិងជនបទ ដោយលោកថា ពួកគេមានឱកាសប្រើប្រាស់ផ្លូវចាក់កៅស៊ូបានដូចគ្នា។
លោកថា៖ «មិត្តចិនតែងគោរពទៅតាមការគិតគូរបស់កម្ពុជា។ ដូចជាយើងចង់បានថា ពង្រីកផ្លូវនេះ[ផ្លូវជាតិ៦A]ឲ្យទៅជា៤គន្លង ការចាត់ចែងថវិកាពីមិត្តចិនមក គឺយើងងាយស្រួលក្នុងការប្រើប្រាស់នូវថវិកានេះ ដើម្បីសម្រេចនូវសមិទ្ធផលទាំងឡាយដែលយើងចង់បាន»។
ក្នុងពិធីនោះនោះដែរ លោក ហ៊ុន សែន បានព្យាយាមរំឭកពីសមិទ្ធផលនានា ដែលរដ្ឋាភិបាលបានកសាងឡើង តាមរយៈជំនួយពីប្រទេសចិន និងថាស្ពានថ្នល់ជាច្រើនទៀត នឹងត្រូវកសាងឡើងបន្ថែមទៀតនៅពេលខាងមុខ បើកម្ពុជារក្សាបានស្ថានភាពនយោបាយមានសន្តិភាពដូចបច្ចុប្បន្ន។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភា មកពីបក្សប្រឆាំង លោក សុន ឆ័យ ធ្លាប់ប្រាប់VODថា នៅឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជាត្រូវការប្រាក់ប្រមាណជា១០០លានដុល្លារ សម្រាប់សងការប្រាក់ទៅប្រទេសជាម្ចាស់បំណុល។
លោក សុន ឆ័យ ឲ្យដឹងដែរថា ចំនួននេះកើនឡើងយ៉ាងគំហុក នឹងធ្វើឲ្យកម្ពុជាគ្មានលទ្ធភាពប្រើប្រាស់ថវិកា ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថា កម្ចីពីប្រទេសចិន មិនបានដាក់លក្ខណពីសិទ្ធិមនុស្ស និងអភិបាលកិច្ចទេ។ លោកថា ចិនគិតតែម្យ៉ាងគឺយកការប្រាក់ឲ្យគ្រប់ ពីប្រទេសជាកូនបំណុលសម្រាប់ជាផលប្រយោជន៍ប្រទេសគេជាការស្រេច។
លោក យង់ គិមអេង ឲ្យដឹងទៀតថា ជំនួយបែបនេះ អាចក្លាយជាការដាក់ទណ្ឌកម្ម ដល់ពលរដ្ឋក្រី ទៅវិញទេ បើរដ្ឋាភិបាលជាកូនបំណុលនោះ យកប្រាក់កម្ចីនោះ ទៅប្រើប្រាស់គ្មានតម្លាភាព ឬក៏មានអំពើពុករលួយនោះ។
លោកថា៖ «ពិតមែនតែលុយកម្ចីគេគិតពីបញ្ហាសិទ្ធិមនុស្សជារួម គេអត់ចង់ឃើញប្រាក់កម្ចីដែលយកពីប្រទេស របស់គេហ្នឹង ទៅជាឧបករណ៍រំលោភសិទ្ធិមនុស្សទេបាទ។ អញ្ចឹងបើធ្វើបែបហ្នឹងវាធ្វើឲ្យអាប្រាក់កម្ចី របស់គេហ្នឹងវាក្លាយជាការដាក់ទណ្ឌកម្មវិញ វាមិនមែនជាការជួយបាទ»។
លោក យង់ គិមអេង ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានកសាងស្ពានថ្នល់ច្រើនមែន ប៉ុន្តែលោកថា ថ្នល់ភាគច្រើនគ្មានគុណភាព ធ្វើមុខ ខូចក្រោយ ឬធ្វើហើយខូចវិញ ក្នុងរយៈពេលខ្លី។
លោក យង់ គិមអេង ជំរុញឲ្យរដ្ឋាភិបាល ត្រូវប្រកាសជាសាធារណៈ ពីដំណើរការអនុវត្តគម្រោងនេះ ដែលលោកថា ដើម្បីឲ្យពលរដ្ឋជាអ្នកសងបំណុល បានតាមដានពីអភិបាលកិច្ច និងទប់ស្កាត់អំពើពុករលួយ។
កាលពីចុងឆ្នាំ២០១៦ ធនាគារពិភពលោក បានចេញរបាយការណ៍មួយបង្ហាញថា គិតត្រឹមឆ្នាំ២០១៥ កម្ពុជាបានជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ(៩៣១៨លានដុល្លារ)។ ចំនួននេះបើគិតជាមធ្យមពលរដ្ឋខ្មែរម្នាក់ ជំពាក់បំណុលបរទេស ជាង៦រយដុល្លារ។
ប៉ុន្តែនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបកស្រាយថា បំណុលជិត១ម៉ឺនលានដុល្លារនោះ រដ្ឋាភិបាលជំពាក់តែជិត៦ពាន់(៥,៦)លានដុល្លារ ចំណែក៤ពាន់លានដុល្លារទៀត រដ្ឋាភិបាលថា វិស័យឯកជនជាអ្នកជំពាក់ ក្នុងនោះជំពាក់ចិន ៤៥ភាគរយ៕
Peypey pom pays $600 FOR MY SHARING.
Mr. Thonchey, can order whether The King.
China is easy for him, but not easy for the people as a whole!!!!
Communist feed mafia dictator so no wonder ‘ because they are the same communist ‘.Veitcong mafia dictator so happy to see khmer people lost TRAL ISLAND ,sea area ,land and still care only poison meat from communist china.Cambodia and her people are the victim of communist since 1975 till now ‘Cambodian people appeal to International and ASEAN countries help cambodian people get out from communist dictator.GOD bless all cambodianpeople’