
អតីតកងអង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ គុយ ចាន់ថន (ឆ្វេង) ជាប់ខ្នោះជាមួយជនជាប់ចោទ មាស សម្បត្តិ (ស្ដាំ)។ ហុង មិនា
Fri, 7 April 2017
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: តុលាការបានបដិសេធសំណើសុំរបស់មេធាវីការពារជនជាប់ចោទឈ្មោះ សៀង វាសនា ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ខណៈដែលភាគីដើមបណ្តឹងទាមទារជំងឺចិត្តសរុប ៦០ លានដុល្លារពីជនជាប់ចោទរូបនេះ។
សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបានឈានដល់ធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ តិចសេង។
ជនជាប់ចោទក្នុងសំណុំរឿងនេះមានឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទថាជាអ្នកផ្តើមគំនិតឃាតកម្មគិតទុកមុន, សៀង វាសនា និង លី សៅ, ជាប់ចោទពីបទឃាតកម្មគិតទុកមុន ចំណែកឈ្មោះ កុយ ចាន់ថុល ឈ្មោះ មាស សម្បត្តិ និង ឈុន ចិត្រា ជាប់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកមុនដែលអ្នកទាំងអស់គ្នាប្រឈមជាប់ពន្ធនាគារមួយជីវិត។ ប៉ុន្តែ លី សៅ បានស្លាប់ហើយនៅពេលជាប់ឃុំក្នុងពន្ធនាគារព្រៃស។
ទោះបីនេះជាដំណាក់កាលចុងក្រោយនៃសវនាការនៅសាលាដំបូងក៏ដោយ ក៏ជនជាប់ចោទ ថោង សារ៉ាត់ បន្តអវត្តមានពីសវនាការក្រោមហេតុផលថាកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
មុនពេលមេធាវីការពារថ្លែងសេចក្តីសន្និដ្ឋានរបស់ខ្លួនមេធាវី ទួត លុច និង គា អ៊ាវ បានទទូចឲ្យតុលាការអនុញ្ញាតឲ្យជនជាប់ចោទ សៀង វាសនា ពាក់អាវដែលសមត្ថកិច្ចថាជាអាវប្រើប្រាស់ពេលបាញ់ប្រហារ ប៉ុន្តែក្រោយបានពិភាក្សាជាមួយចៅក្រមប្រឹក្សា ប្រធានចៅក្រម តុប ឈុនហេង បានបដិសេធការស្នើសុំនោះដោយអនុញ្ញាតត្រឹមតែបង្ហាញអាវពណ៌ពងមាន់ស និងខោជើងវែងពណ៌ដូចគ្នា។
តាមការពិនិត្យជាក់ស្តែង អាវដែលបង្ហាញក្នុងសវនាការហាក់មានទំហំតូច ដែលទំនងជាមិនស៊ីទៅនឹងមាឌរបស់ សៀង វាសនា ទេ។
ដោយហេតុដូច្នេះហើយអ្នកចូលរួមក៏ដូចជាប្រពន្ធរបស់ជនជាប់ចោទទទូចឲ្យ សៀង វាសនា ពាក់អាវនោះលមើល ប៉ុន្តែតុលាការមិនអនុញ្ញាត។ ទោះបីជាមានភ័ស្តុតាងថាអាវនឹងខោនេះត្រូវបានស្លៀកពាក់សម្រាប់ធ្វើសកម្មភាពក៏ដោយ សៀង វាសនា ធ្លាប់បានឆ្លើយក្នុងកំណត់ហេតុដែលអានក្នុងសវនាការថា អាវនឹងមួកសុវត្ថិភាពដែលខ្លួនបានប្រើសម្រាប់ធ្វើសកម្មភាព ខ្លួនយកទៅបោះចោលក្នុងទឹកទន្លេហើយ។
លោកមេធាវី គា អ៊ាវ ដែលការពារឲ្យ សៀង វាសនា ថ្លែងថា៖ «គ្រាន់តែឲ្យគាត់លមើលទេ មានអីខុស»។ ក្នុងសវនាការដែលធ្វើឡើងជាច្រើនលើករួចហើយ ជនជាប់ចោទបានបដិសេធការចោទប្រកាន់ជាបន្តបន្ទាប់ថាពួកគេមិនបានប្រព្រឹត្តទេ។ ប៉ុន្តែលោក ជា ពុទ្ធារិន និងលោក ហៀង មករា ដែលការពារក្ដីភាគីជនរងគ្រោះបានផ្អែកលើចម្លើយរបស់ លី សៅ និង សៀង វាសនា ដែលសមត្ថកិច្ចបានផ្តល់ជូនតុលាការ។
លោកមេធាវីដើមចោទទាំង ២ ក៏បានបដិសេធចម្លើយសាក្សី ១១ នាក់ដោយលោកអះអាងថាជាសាក្សីរៀបចំដោយមេធាវីការពារជនជាប់ចោទ និងជាសាច់ញាតិរបស់ជនជាប់ចោទមានដូចជាប្រពន្ធ និងអ្នករួមការងារជាមួយគ្នា។ តែមេធាវី ទួត លុច ដែលការពារ ថោង សារ៉ាត់ ថ្លែងថាគ្មានមាត្រាណាមួយដែលបញ្ជាក់ថាសាច់ញាតិ ប្តីប្រពន្ធ មិនអាចធ្វើសាក្សីបានទេ។
លោកមេធាវី ជា ពុទ្ធារិន និយាយថា លី សៅ បានសារភាពថា សៀង វាសនា បានបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយខ្លួនបានចូលរួមក្នុងសកម្មភាពនេះដោយសារតែមានការបង្ខិតបង្ខំពី សៀង វាសនា។
មេធាវីដើមបណ្តឹងទាំង ២ រូបបានស្នើឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទឲ្យបានធ្ងន់ធ្ងរ។ លោក ហៀង មករា បានថ្លែងថា៖ «អំពើនេះសាហាវឃោរឃៅណាស់។ សូមតុលាការផ្តន្ទាទោសជនជាប់ចោទឲ្យបានធ្ងន់ធ្ងរ និងសូមទាមទារសំណង ៥០ លានដុល្លារពីអ្នកផ្តើមគំនិតគឺឧកញ៉ា ថោង សារ៉ាត់ និងទារសំណង ១០ លានដុល្លារពីជនដៃដល់ និងអ្នកសមគំនិត»។
តំណាងអយ្យការលោក ហ៊ឹង ប៊ុនថន បានតម្កល់ការចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតឃាតកម្មគិតទុកមុនតាមមាត្រា ២៨ និង សៀង វាសនា ពីបទឃាតកម្មគិតទុកមុនតាមមាត្រា ២០០ ចំណែក កុយ ចាន់ថុល, មាស សម្បត្តិ និង ឈុន ចិត្រា ជាប់ពីបទសមគំនិតឃាតកម្មគិតទុកមុន តាមមាត្រា ២៩ និង ២០០ នៃក្រមព្រហ្មទណ្ឌ។ លោក ហ៊ឹង ប៊ុនថន ថ្លែងថា៖ «ជនជាប់ចោទ ថោង សារ៉ាត់ បានបដិសេធគ្រប់ដំណាក់កាលថាមិនបានប្រព្រឹត្ត ប៉ុន្តែចម្លើយរបស់គាត់មិនស៊ីចង្វាក់ជាមួយចម្លើយរបស់ សៀង វាសនា និងសាក្សីទេ។ សៀង វាសនា បានបដិសេធក្នុងសវនាការ និងដំណាក់កាលអយ្យការតែការបដិសេធនោះមិនអាចឲ្យជឿជាក់បានទេ»។
លោកមេធាវី ទួត លុច បានថ្លែងការពារកូនក្តីដោយអះអាងយោងលើសាក្សីជាច្រើនរួមទាំងអ្នកបើកបររថយន្តលោក អ៊ឹង ម៉េងជឺ ឈ្មោះ ថា ចាន់ ថេត ដែលបានអះអាងថាជនជាប់ចោទ ថោង សារ៉ាត់ មិនធ្លាប់ស្គាល់ មិនធ្លាប់រកស៊ី ឬមានទំនាស់អ្វីជាមួយជនរងគ្រោះ អ៊ឹង ម៉េងជឺ ទេ។
លោកមេធាវី ទួត លុច សន្និដ្ឋានថាចម្លើយរបស់សមត្ថកិច្ចដែលដាក់ជូនតុលាការគឺជាចម្លើយតាក់តែងជាជាងចម្លើយដែលទទួលបានពីកូនក្តី ឬក៏ជាចម្លើយដែលទទួលបានដោយការបង្ខិតបង្ខំ។
លោកបានលើកឧទាហរណ៍លើករណី លី សៅ ថា៖ «តើ លី សៅ ស្លាប់ដោយសារអ្វី? លី សៅ ពិតជាស្លាប់ដោយការធ្វើទារុណកម្ម។ ខ្ញុំមានភ័ស្តុតាងគឺថានៅថ្ងៃដែលឃាត់ខ្លួន លី សៅ គឺថ្ងៃទី ៣ ខែធ្នូ ២០១៤ គាត់មានសុខភាពល្អ។ ថ្ងៃទី ៤ ពេលយកមកតុលាការគាត់ត្រូវគេអៀវ។ ក្រោយមកគាត់ធ្លាក់ខ្លួនឈឺចូលពេទ្យហើយបានស្លាប់។ ដូច្នេះរបាយការណ៍របស់នគរបាលយុត្តិធម៌ជារបាយការណ៍តាក់តែង»។
លោកក៏បានលើកឡើងដែរថាការចោទប្រកាន់ថា កុយ ចាន់ថុល និង មាស សម្បត្តិ ជាអ្នកជិះម៉ូតូបិទគូទក៏ជាការនិពន្ធឡើងដោយហេតុផលថាគ្មានភ័ស្តុតាង និងសាក្សីណាឃើញអ្នកទាំង ២ ជិះម៉ូតូបិទគូទទេ។
លើសពីនេះទៀតលោកបានលើកឡើងពីសាក្សីទុចរិតដែលលោកសំដៅដល់សាក្សីដែលបានឆ្លើយដាក់ជនជាប់ចោទ ប៉ុន្តែមិនដែលមានវត្តមានមកឆ្លើយបំភ្លឺក្នុងតុលាការ។
សាក្សីដែលលោកចាត់ទុកថាទុច្ចរិតរួមមានឈ្មោះ ហ៊ុន ទូច ដែលក្នុងពេលខ្លះអះអាងថាជាអ្នករត់ម៉ូតូឌុប ហើយពេលខ្លះថាជាប៉ូលិសដែលអះអាងថាស្គាល់ សៀង វាសនា ច្បាស់ និងឈ្មោះ អ៊ុង ប៊ុនលី។ ប៉ុន្តែលោកចាត់ទុកសាក្សី ៣ នាក់ថាជាសាក្សីសុចរិតគឺអ្នកបើកបររបស់លោក អ៊ឹង ម៉េងជឺ និងបុគ្គលិក ២ នាក់នៅហាងលក់ផ្លែឈើយីហោ «ឡោ តិចសេង»។
លោកថ្លែងថា៖ «សាក្សីដែលឃើញផ្ទាល់ភ្នែកគឺអ្នកបើកទ្វារឡាន និងអ្នកគិតលុយនៅហាងលក់ផ្លែឈើ។ គាត់អះអាងថាជនដៃដល់មានអាយុប្រហែល ៣០ ឆ្នាំ។ ប៉ុន្តែ សៀង វាសនា អាយុជិត ៥០ ឆ្នាំហើយ។ គាត់គឺជាសាក្សីសុចរិត»។ ក្តីនេះនឹងត្រូវលើកមកបន្តនៅព្រឹកថ្ងៃសុក្រនេះបន្តទៀត៕
Contact author: នៀម ឆេង