សមាជិក​សភា​អឺរ៉ុប និង IPU ថ្កោល​ទោស​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​បក្ស​ប្រឆាំង

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បញ្ជូន​មក​សាលា​ឧទ្ធរណ៍​កន្លង​មក។ ហេង ជីវ័ន

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បញ្ជូន​មក​សាលា​ឧទ្ធរណ៍​កន្លង​មក។ ហេង ជីវ័ន

Fri, 7 April 2017
Cristina Maza and មាស សុខជា
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សមាជិក​សភា​ទូទាំង​ពិភពលោក​បាន​សម្លឹង​មើល​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ដោយ​សមាជិក​សភា​អឺរ៉ុប និង​សហភាព​អន្តរសភា (IPU) បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​បង្ក្រាប និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង។

នៅ​រដ្ឋធានី​នៃ​ប្រទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃ​ពុធ​សន្និបាត​សហភាព​អន្តរសភា (IPU) ដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន ១៧១ បាន​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ចាប់​ខ្លួន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​ការ​ព្យួរ​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ពី​រដ្ឋសភា។

សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អន្តរសភា (IPU) ​បាន​ថ្លែង​ថា៖ «សហភាព​អន្តរសភា (IPU) មាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ការ​យាយី​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា»។ «IPU ក៏​មាន​ក្តីបារម្ភ​ផង​ដែរ​អំពី​គណបក្ស​ប្រឆាំង​មួយ​គឺ​គណបក្ស​សង្គ្រោះជាតិ​ដែល​អាច​ត្រូវ​រំលាយ និង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ»។

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​ត្រូវ​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​បំពាន​ច្បាប់ ឬ​គំរាម​កំហែង​ដល់​ឯកភាព​ជាតិ ឬ​សន្តិសុខ​ជាតិ។ ច្បាប់​នេះ​ត្រូវ​បាន​ចាត់ទុក​យ៉ាង​ទូលំ​ទូលាយ​ថា​ជា​ការ​ផ្តល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នូវ​ឧបករណ៍​ច្បាប់​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ជា​គូប្រជែង​នយោបាយ​របស់​ខ្លួន។

នៅក្នុង​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ពុធ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អន្តរសភា (IPU) បង្ហាញ​ថា​សហភាព​អន្តរសភា​នេះ​ជឿ​ថា​អាជ្ញាធរ​ប្រទេស​កម្ពុជា​មិន​មាន​ឆន្ទៈ​នយោបាយ ដោះស្រាយ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ទេ។ លោក សម រង្ស៊ី ថ្លែង​បន្ត​ថា៖ «សហភាព​អន្តរសភា​យល់​ថា​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ជា​ទីបំផុត»។

ប៉ុន្មាន​ថ្ងៃ​មុន​នោះ​សមាជិក​សភា​អឺរ៉ុប​បាន​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ឈ្មោះ​ថា​ក្រុម​ការងារ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​នេះ​មាន​គោល​បំណង​ដាក់​សម្ពាធ​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​ជាមួយ​កម្ពុជា​ជំរុញ​ឲ្យ​កម្ពុជា​កែលម្អ​ស្ថានភាព​សិទិ្ធ​មនុស្ស។

Umberto Gambini ដែល​ជា​សមាជិក​បុគ្គលិក​សភា​អឺរ៉ុប​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ការ​ពិចារណា​លើ​ពាណិជ្ជកម្ម​កំពុង​តែ​មាន​សារៈសំខាន់​ខ្លាំង​ពេក​ដែល​ធ្វើឲ្យ​យើង​ភ្លេច​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស»។ «សហភាព​អឺរ៉ុប​មាន​ឧបករណ៍​ដើម្បី​ដើរតួ​ និង​ព្យួរ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា»។

សមាជិក​សភា​អឺរ៉ុប Neena Gill ដែល​ជា​សមាជិក​ម្នាក់​ទៀត​នៃ​ក្រុម​ការងារ​នេះ​បាន​ថ្លែង​ថា​ការ​វាយប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​ព្រម​ទាំង​ការ​វាយប្រហារ​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី គឺជា​ក្តីបារម្ភ​ដ៏ធំ​មួយ។ Gill ថ្លែង​តាម​អ៊ីមែល​ថា៖ «ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ភាព​រីកចម្រើន វា​សំខាន់​ដែល​ការ​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​នេះ​ និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ ២០១៨ ត្រូវ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​សេរី និង​យុត្តិធម៌»។ «នេះ​ទី​មួយ​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ប្រកប​ដោយ​អត្ថន័យ»។

កិច្ចប្រជុំ​បន្ទាប់​របស់​ក្រុម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា ហើយ​នឹង​រួម​មាន​បញ្ជី​ឧបករណ៍​ឡប់ប៊ី​ដូចជា​ការ​ចេញ​សំណួរ​អាទិភាព​ដែល​ជា​បញ្ហា​ដែល​ត្រូវ​ពិនិត្យ និង​ឆ្លើយតប​ដោយ​ស្នងការ​សហភាព​អឺរ៉ុប និង​ការ​សរសេរ​លិខិត។

ក្រុម​នេះ​បច្ចុប្បន្ន​មាន​សំណួរ​អាទិភាព​មួយ​ដែល​នៅ​រង់ចាំ​ការ​ឆ្លើយតប​ហើយ​កំពុង​ពិចារណា​ចេញ​សេចក្តី​សម្រេច​របស់​សភា​ស្តី​ពី​កម្ពុជា​នា​ឆ្នាំ​នេះ។

Gambini ថ្លែង​ថា៖ «យើង​កំពុង​ប្រើប្រាស់​ឧបករណ៍​ទាំងអស់​របស់​យើង​ដែល​មាន»។

ក្រុម​នេះ​ក៏​នឹង​អញ្ជើញ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ឲ្យ​ចូលរួម​ការ​ពិភាក្សា​របស់​ខ្លួន​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា George Edgar បាន​បញ្ជាក់​អំពី​ក្រុម​នេះ​ និង​គ្រោង​ពិភាក្សា​ជាមួយ​ពួកគេ។

ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ថ្លែង​ថា​ក្តីបារម្ភ​នោះ​វា​ធំធេង​លើស​ពី​ការ​ពិត។ លោក​បាន​ចោទ​សួរ​ថា៖ ​«តើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ​ឬ​នៅ? គណបក្ស​សង្គ្រោះជាតិ​មាន​បេក្ខជន​មេឃុំ ចៅសង្កាត់​នៅ​ក្នុង​គ្រប់​ឃុំ សង្កាត់ ១៦៤៦»៕ PS


Contact authors: Cristina Maza and មាស សុខជា

What Next?

Recent Articles