សាលាឧទ្ធរណ៍លើកពេលសវនាការមន្រ្តីបក្សប្រឆំាង

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ


សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រទី៧ខែមេសានេះ សម្រេច​លើកពេលសវនាការ​លើសំណុំរឿង​មន្ត្រីបក្ស​ប្រឆំាង​មួយរូប ពាក់ព័ន្ធនឹង​រឿង​ដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩​។

កាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ​ពីបទក្លែងបន្លំឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

តែមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ បានប្តឹងជំទាស់ ចំពោះសេចក្ដីសម្រេចនោះ មកសាលាឧទ្ធរណ៍ ហើយនៅថ្ងៃសុក្រនេះដែរ សាលាឧទ្ធរណ៍ បានលើកពេលវនាការទៅពេលក្រោយវិញ ដោយ​អវត្ត​មាន​មេធាវី។ នេះបើតាមភរិយារបស់លោក ហុង សុខហួរ។

ភរិយាលោក ហុង សុខហួរ គឺអ្នកស្រី គន្ធ លំអង ប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការលើក​ពេល​សវនាការ​​នេះ ដោយសារមេធាវីការពារក្ដីឲ្យស្វាមីអ្នកស្រីមានបញ្ហាសុខភាព។

អ្នកស្រីចាត់ទុកសេចក្ដីសម្រេចរបស់សាលាដំបូងកាពីពេលកន្លងទៅ ដែលកាត់ទោសឲ្យ​ស្វាមី​អ្នកស្រី​ជាប់​ពន្ធនាគារចំនួន៧ឆ្នាំ នោះថា ជារឿងអយុត្តិធម៌។

មន្រ្តីបក្សប្រឆាំង លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហាឆ្នាំ២០១៥ តាម​បញ្ជា​លោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចោទថា បានក្លែង​ឯកសារ​សន្ធិសញ្ញាកម្ពុជា-វៀតណាម​ឆ្នាំ១៩៧៩ ក្រោយ លោក ហុង សុខហួរ បានផ្សព្វផ្សាយឯកសារនេះ នៅតាមបណ្តាញអ៊ិនធឺណិត។

ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រួមទាំងលោក អ៊ុំ សំអាន តំ​ណា​ងរាស្ត្រ​បក្សប្រឆាំង ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យ​ជាប់ពន្ធនាគារ​ដូចគ្នាដែរពាក់ព័ន្ធនឹង​រឿង​ ដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំ​ឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles