ដោយ លោក សូរ្យ ជ័យឧត្ដម | ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 3:38 PM
http://vodhotnews.com

ស្ត្រីដែលយកស្បែកជើងគប់លើផ្ទាំងប៉ាណូរបស់គណបក្សប្រជាជនកម្ពុជា (រូបថតពីបណ្តាញសង្គម)
តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃម្សិលមិញនេះ បានកោះហៅស្ត្រីម្នាក់ ដែលត្រូវបានគេចោទថាបានប្រមាថមេដឹកនាំបក្សកាន់អំណាច ឲ្យចូលបំភ្លឺនៅស្នងការនគរបាលខេត្តនេះ ឲ្យបានមុនថ្ងៃទី០៨ ខែមិថុនា។
កាលពីពេលថ្មីៗនេះ វីដេអូមួយដែលត្រូវគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញស្ត្រីម្នាក់បានយកស្បែកជើងគប់លើផ្ទាំងប៉ាណូរបស់គណបក្សប្រជាជនកម្ពុជាដែលភ្ជាប់ទៅដោយរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន។
រូបថតមួយចំនួន បានបង្ហាញស្ត្រីនោះឈរថតរូបរួមគ្នាជាមួយតំណាងរាស្ត្របក្សប្រឆាំង លោក រៀល ខេមរិន្ទ្រ។ លិខិតបញ្ជាក់លំនៅឋានមួយសន្លឹក បានបង្ហាញថា ស្ត្រីរូបនោះមានឈ្មោះថា សំ សុខា ស្នាក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងដីកាបញ្ជាកាលពីថ្ងៃម្សិលមិញនេះ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ លោក កែវ សុធា បានបញ្ជាទៅស្ត្រីឈ្មោះ សំ សុខា ឲ្យទៅបំភ្លឺនៅស្នងការនគរបាលខេត្តនេះ ឲ្យបានមុនថ្ងៃទី០៨ ខែខែមិថុនាខាងមុខ ដើម្បីសាកសួរពីដំណើររឿងប្រមាថ និងញុះញង់ឲ្យមានការរើសអើង។
តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបញ្ជាបែបនេះ តែមួយថ្ងៃក្រោយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ស្ត្រីរូបនោះបានប្រមាថទៅមេដឹកនាំបក្សកាន់អំណាច៕