ដោយ សាន សែល
2017-04-09
RFA

គ្រឿងញៀនដែលអាជ្ញាធររឹបអូសបាន និងដុតបំផ្លាញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Leng Maly
![]()
រយៈពេលជាងបីខែ បន្ទាប់ពីរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន អាជ្ញាធរបង្ក្រាបបានជិត ៣ពាន់ករណី (២.៨៧៣ករណី) ហើយឃាត់ខ្លួនមនុស្ស ៦.៦៤៤នាក់។ អាជ្ញាធរបញ្ជាក់ថា នេះជាការកើនឡើងនូវប្រសិទ្ធភាពនៃការចុះបង្ក្រាប ហើយនឹងពង្រឹងការអនុវត្តយុទ្ធនាការបង្ក្រាបបន្ថែម។
ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៨ មេសា សារធាតុញៀនគ្រប់ប្រភេទជាង ៣០គីឡូក្រាម និងកញ្ឆាក្រៀមជាង ១០គីឡូក្រាម ត្រូវបានអាជ្ញាធរចាប់បាន។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៩ មេសា ថា ការបង្ក្រាបរបស់អាជ្ញាធរនេះបានជួយកាត់បន្ថយបទល្មើសនានាទាក់ទងនឹងគ្រឿងញៀន ដូចជាអំពើលួចឆក់ប្លន់។ លោកវាយតម្លៃថា លទ្ធផលនៃការបង្ក្រាបរយៈពេលជាងបីខែមកនេះ មានភាពប្រសើរឡើង៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនរយៈពេល ៦ខែ បន្ទាប់ពីលោកបានជួបប្រធានាធិបតីប្រទេសហ្វីលីពីន (Philippines) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលល្បីខាងបង្ក្រាបគ្រឿងញៀនកាលពីចុងឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។
ប្រជាជនហ្វីលីពីន ប្រមាណ ៧ពាន់នាក់ ត្រូវបានអាជ្ញាធរសម្លាប់ក្នុងរយៈពេល ៧ខែ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរកម្ពុជា នឹងមិនដើរតាមគន្លងរបស់ហ្វីលីពីន នោះទេ។
កាលពីដើមខែមីនា មានបុរសម្នាក់ត្រូវបានអាជ្ញាធរកម្ពុជា បាញ់សម្លាប់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននាខេត្តតាកែវ។
ទោះជាយ៉ាងណា លោក មាស វីរិទ្ធ ថានៅពេលនេះលោកនៅមិនទាន់ទទួលបានរបាយការណ៍ផ្លូវការពីការសម្លាប់ពលរដ្ឋដោយក្រុមអាជ្ញាធរ ពេលចុះបង្ក្រាបគ្រឿងញៀននៅឡើយ ក្រៅពីឮព័ត៌មាននេះតាមប្រព័ន្ធផ្សព្វផ្សាយ៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១ មករា ពោលរយៈពេល ៦ខែមុនការបោះឆ្នោតឃុំ–សង្កាត់ចូលមកដល់។
គ្រឿងញៀនកំពុងវាយលុកយុវជនទៅដល់ស្ទើរគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ហើយយុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ ឆ្លើយតបទៅនឹងការកើនឡើងចំនួន ៣០ភាគរយនៃការប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំ២០១៦។
លោក មាស វីរិទ្ធ បញ្ជាក់ថា ប្រជាពលរដ្ឋជាង ៦ពាន់នាក់ ដែលអាជ្ញាធរឃាត់ខ្លួនក្នុងរយៈពេលជាងបីខែមកនេះ ជាអ្នកជួញដូរ និងអ្នកប្រើប្រាស់ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីប្រភេទនៃអ្នកជួញដូរថាជាមេខ្សែបណ្ដាញធំ ឬអ្នកចែកចាយតូចនោះទេ។
អ្នកតាមដានស្នើឲ្យអាជ្ញាធរកម្ពុជា បង្ក្រាបអ្នកចែកចាយធំៗដើម្បីកម្ចាត់ការចរាចរគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។
របាយការណ៍របស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា ក្លាយជាផ្លូវឆ្លងកាត់សំខាន់នៃការជួញដូរគ្រឿងញៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសតំបន់ត្រីកោណមាសនៃប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
គ្រូបង្រៀនខេត្តព្រះសីហនុនៅតែបារម្ភអំពីបញ្ហាគ្រឿងញៀនប៉ះពាល់ការសិក្សាសិស្ស
-
រដ្ឋបាលខេត្តព្រះសីហនុប្រកាសធ្វើតេស្ដរកសារធាតុញៀនលើបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន
-
គ្រួសារយុវជនស្លាប់ដោយការបាញ់បង្ក្រាបគ្រឿងញៀនអំពាវនាវរកយុត្តិធម៌
-
ស្ថាប័នជំនាញបន្តធ្វើតេស្ដរកសារធាតុញៀនពីមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងសមត្ថកិច្ច
-
សង្គមស៊ីវិលបារម្ភពីការហូរចូលគ្រឿងញៀននៅតំបន់ដាច់ស្រយាលខែត្រស្ទឹងត្រែង
-
អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត២ពាន់ករណីក្នុងយុទ្ធនាការជិត២ខែ
-
សង្គមស៊ីវិលថាអាជ្ញាធរនឹងមិនអាចលុបបំបាត់គ្រឿងញៀនបើមិនចាប់ឈ្មួញចែកចាយធំៗ
-
អាជ្ញាធរបង្កើតមណ្ឌលបន្ថែមដើម្បីផ្ទុកអ្នកញៀនគ្រឿងញៀនបន្ទាប់ពីឃាត់ខ្លួនជិត៣ពាន់នាក់
-
អង្គភាពជំនាញថាកំពុងពន្លឿននិងសម្រេចឲ្យបានផែនការបង្ក្រាបគ្រឿងញៀន
-
សង្គមស៊ីវិលគាំទ្រយុទ្ធនាការសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅខេត្តព្រះសីហនុ