មន្ត្រី​បក្ស​កាន់​អំណាច​ថា​មិន​លើកលែង​ទោស​ឲ្យ​ស្ត្រី​យក​ទ្រនាប់​ជើង​គប់​រូប​មេ​ដឹកនាំ​ឡើយ

ដោយ ថា កិត្យា
2017-04-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot


គណបក្ស​កាន់​អំណាច​ប្រកាស​ថា នឹង​មិន​លើកលែង​ទោស​ឲ្យ​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូបថត​លោក ហ៊ុន សែន និង​រូប​លោក ហេង សំរិន នោះ​ទេ។ រីឯ​អ្នក​ច្បាប់​យល់​ថា ទង្វើ​ស្ត្រី​នោះ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ ជាជាង​ឈាន​ដល់​ដំណាក់កាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា គ្មាន​ទេ​ការ​អប់រំ​ណែនាំ គឺ​មាន​តែ​ចាត់ការ​តាម​ច្បាប់​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ចេតនា​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ។

លោក សុខ ឥសាន បន្ត​ថា ក្នុង​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល ១៣​វិនាទី បង្ហាញ​ថា ស្ត្រី​ម្នាក់​នោះ​មាន​ចេតនា​គប់​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន តែ​ម្តង មិន​មែន​ជា​ការ​គប់​លេង​សើច​គ្នា​គាត់ ហើយ​ប្លាត​ទៅ​ត្រូវ​នោះ​ទេ។ ដូច្នេះ មិន​អាច​ត្រឹម​ហៅ​មក​អប់រំ​ណែនាំ​បាន​ឡើយ៖ «»

សកម្មភាព​របស់​ស្ត្រី​ដែល​គប់​ទ្រនាប់​ជើង​នោះ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ចោទ​ថា​ជា​ការ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ហើយ​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឲ្យ​ស្ត្រី​រូប​នោះ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្នុង​ដីកា​កោះ​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​ដីកា​កោះ​នោះ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្លាំង​នគរបាល​កំពុង​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ ហើយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ឃាត់​ខ្លួន ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ​ប្រសិន​បើ​បាន​ឃើញ​ស្ត្រី​ម្នាក់​នោះ ដើម្បី​សមត្ថកិច្ច​នាំ​ខ្លួន​ស្ត្រី​នោះ​មក​ចាត់ការ​តាម​នីតិវិធី។

សំណុំ​រឿង​ដែល​អាជ្ញាធរ​កំពុង​ចាត់ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ពាក្យ​បណ្ដឹង​ហើយ​ឬ​នៅ​នោះ​ទេ ប៉ុន្តែ​លោក​គិត​ថា​ប្រហែល​ជា​មាន​គណបក្ស​នៅ​ខេត្ត​ដាក់​ពាក្យ​បណ្ដឹង​ហើយ ទើប​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះ​នោះ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ជាច្រើន​លើក ប៉ុន្តែ​លោក​បដិសេធ​ក្រោម​ហេតុផល​ថា​ជាប់​រវល់។ រីឯ​ទូរស័ព្ទ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​នោះ​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ គឺ​មិន​សម​ហេតុផល។ លោក​ពន្យល់​ថា មាត្រា​៥០២ ស្ដីពី​ការ​ប្រមាថ​នោះ គឺ​សំដៅ​តែ​ក្នុង​ពេល​អ្នក​រាជការ​សាធារណៈ​កំពុង​បំពេញ​មុខងារ​តែ​ប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​រូបថត​ទេ។ រីឯ​មាត្រា​៤៩៦ ស្ដីពី​ការ​រើសអើង​នោះ គឺ​សំដៅ​ដល់​ការ​រើសអើង​ពូជ​សាសន៍៖ «»

ចំពោះ​ករណី​នេះ លោក​មេធាវី សុក សំអឿន យល់​ថា គឺ​ជា​រឿង​សីលធម៌ វា​មិន​មែន​ជា​បទល្មើស​ធំ​ដុំ​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ហៅ​ស្ត្រី​ម្នាក់​នោះ​មក​អប់រំ​ណែនាំ​បាន​ហើយ។

រីឯ​មន្ត្រី​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ថា​ស្ត្រី​ម្នាក់​នោះ​មិន​មែន​ជា​សកម្មជន ឬ​ជា​សមាជិក​របស់​ខ្លួន​ឡើយ ហើយ​ក៏​មិន​គាំទ្រ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ដែរ។

ទោះ​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​លើ​ករណី​នេះ គឺ​មាន​ស្តង់ដារ​ពីរ ដោយសារ​ករណី​ដែល​ប៉ះពាល់​ដល់​បក្ស​កាន់​អំណាច គឺ​អាជ្ញាធរ​តែង​ចាត់ការ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ដោយឡែក​ករណី​ប្រមាថ និង​ឈាន​ដល់​គំរាម​កំហែង​សម្លាប់​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ជាដើម​នោះ មិន​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ស៊ើប​អង្កេត និង​ចាត់ការ​តាម​ច្បាប់​ឡើយ ក្រោម​ហេតុផល​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​កាន់​អំណាច​ថា​មិន​លើកលែង​ទោស​ឲ្យ​ស្ត្រី​យក​ទ្រនាប់​ជើង​គប់​រូប​មេ​ដឹកនាំ​ឡើយ"

  1. people says:

    Law of veitcong mafia” this lady not damage anything but we can see in the facebook the groups of guys try to rip off and destroyed CNRP sign there but this mafia government never do anything to that group’ so what ah sok ach sann said is law’ law’ mafia law?? law of sok ach sann? we will wait and see when U S topple north karea ‘then dictator in cambodia will get lessen including sok ach sann. GOD bless all cambodian people’