តុលាការថាស្ដ្រីដែលចោលស្បែកជើងលើស្លាកបក្សកាន់អំណាចមិនទាន់ចូលឆ្លើយបំភ្លឺ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 2:47 PM
http://vodhotnews.com

សិទ្ធិមនុស្ស

មន្ដ្រីតុលាការខេត្តកំពង់ស្ពឺឲ្យដឹងថា ស្ដ្រីដែលចោលស្បែកជើងលើស្លាកគណបក្សប្រជាជន មិនទាន់បានចូលខ្លួនឆ្លើយបំភ្លឺ តាមដីកាកោះនោះទេ។

ព្រះរាជអាជ្ញារងអមតុលាការខេត្តកំពង់ស្ពឺលោក អ៊ូ ផាត បានឲ្យ VOD ដឹងនៅថ្ងៃចន្ទនេះថា ជនសង្ស័យឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ មិនទាន់បានចូលខ្លួនមកឆ្លើយបំភ្លឺទេ។ លោក បន្ថែមថា ប្រសិនបើជនសង្ស័យមិនបានមកឆ្លើយបំភ្លឺតាមការកោះអញ្ជើញទេ នោះតុលាការនឹងមានវិធានការបន្ដបន្ទាប់ ពេលហួសរយៈពេលកោះហៅ។

យោងតាមដីកាចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ តុលាការខេត្តកំពង់ស្ពឺ បានកោះហៅស្ដ្រីម្នាក់មានឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ រស់នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ឲ្យចូលឆ្លើយបំភ្លឺនៅមុខមន្រ្តីនគរបាលយុត្តិធម៌ ដោយចោទពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» តាមក្រមព្រហ្មទណ្ឌកម្ពុជា។

ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពីមានការបង្ហោះវីដេអូលើបណ្ដាញសង្គម ដោយបង្ហាញថា ស្ដ្រីរូបនេះបានយកស្បែកជើង ចោលទៅលើផ្ទាំងប៉ាន់ណូគណបក្សប្រជាជន ដែលមានរូប លោក ហ៊ុន សែន និងលោក ហេង សំរិន។ បើតាមដីកានេះ អ្នកស្រី សំ សុខា នឹងត្រូវចូលឆ្លើយបំភ្លឺមុខតុលាការខេត្ដកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី៨ មិថុនា ឆ្នាំ២០១៧។

ចំណាត់ការរបស់តុលាការនេះ ធ្វើឡើងស្របពេលមន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានសំដែងការខឹងសម្បារចំពោះសកម្មភាពរបស់ស្រ្តីរូបនោះ។ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបង្ហោះលើហ្វេសប៊ុករបស់លោកមុនមួយថ្ងៃនៃការកោះហៅរបស់តុលាការ ដោយលោកចាត់ទុកទង្វើនេះជាការប្រមាថដល់ថ្នាក់ដឹកនាំគណបក្សប្រជាជន និងស្នើឲ្យសមត្ថកិច្ចចាប់វិធានការ។

VOD មិនអាចទាក់ទងអ្នកស្រី សំ សុខា ដើម្បីបកស្រាយលើការចោទប្រកាន់នេះបានទេ។

សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ស្ពឺលោក អ៊ុំ ស៊ា អះអាងថា ជនសង្ស័យឈ្មោះ សំ សុខា មិនមែនជាសកម្មជនរបស់គណបក្សនោះទេ ហើយលោកក៏មិនអាចធ្វើអត្ថាធិប្បាយច្រើនចំពោះករណីនេះ ដោយថា មានតែចាំមើលចំណាត់ការរបស់តុលាការជាបន្ដបន្ទាប់ប៉ុណ្ណោះ។ លោកថា៖ «អត់បានដឹងច្បាស់ពីរឿងហ្នឹងទេ ប៉ុន្ដែគ្រាន់ថាតាមស្រុកច្បារម៉នថានេះ ថាអត់មានស្គាល់ទេ»។

ប្អូន​ប្រុស​លោក ជា វិជ្ជា អតីត​​ប្រធាន​សហជីព​សេរី​កម្មករ គឺលោក ជា​ មុនី អះអាងថា លោកបានដឹងរឿងខ្លះៗ ទាក់ទងនឹងអ្នកស្រី សំ​ សុខា អំឡុងពេលនាងបម្រើការនៅសហជីពសេរីកម្មករមួយក្នុងខេត្តកំពង់ស្ពឺ។ លោករៀបរាប់ថា អ្នកស្រី សំ​ សុខា បានជួបរឿងរ៉ាវឈឺចាប់ជាច្រើន ដោយសារការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។ លោកថា​ ទង្វើរបស់អ្នកស្រី សំ​ សុខា គឺកើតចេញពីការខកចិត្ត ដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាជូនគាត់បាន។

លោកថា៖ «ខ្ញុំដឹងរឿងគាត់ត្រួសៗ ដោយសារគាត់ធ្វើការនៅរោងចក្រសេរី គាត់ប្រធានក្រុម ហើយពេលកម្មករគាត់អត់ធ្វើការថែមម៉ោង ថៅកែគាត់បញ្ឈប់កម្មករអី គាត់តវ៉ា គាត់តវ៉ា ថៅកែបញ្ឈប់គាត់ទៀត បញ្ឈប់គាត់ទៅ គាត់តវ៉ា ក៏ផ្ទុះកូដកម្ម ដល់ក្រោយមកមានការចាប់បុគ្គលិកខ្ញុំ និងចាប់ពួកគាត់អីហ្នឹង ដោយតុលាការកំពូលហ្នឹង ហើយគាត់ឈឺចាប់ខ្លាំងណាស់ តាំងពីដីធ្លី តាំងពីស្អីៗហ្នឹង»។

លោក ជា​ មុនី រិះគន់ថា គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនថាហាក់លើកតម្កើងខ្លួនឯងជ្រុលពេក ដោយថា គ្រាន់តែពលរដ្ឋតិះទៀនការដឹកនាំរបស់ខ្លួន តែបែរជាប្ដឹងឡើងតុលាការ។ លោកបានចោទជាសំណួរថា ចុះការបំផ្លិចបំផ្លាញផ្លាកប៉ាន់ណូគណបក្សសង្គ្រោះជាតិវិញ ម៉េចក៏អាជ្ញាធរមិនមានចំណាត់ការដូចនេះផង។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការចោទប្រកាន់លើអ្នកស្រី សំ សុខា ពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» នោះ ហាក់ពុំមែនជាបទល្មើសគួរផ្ដន្ទាទោសនោះទេ ដោយលោកថា សកម្មភាពរបស់អ្នកស្រី សំ សុខា​ គ្រាន់ជាការបង្ហាញពីគំនិត ឬការរិះគន់ថ្នាក់ដឹកនាំរបស់ខ្លួនប៉ុណ្ណោះ។ លោកចាត់ទុកថា ទង្វើនេះជាសិទ្ធិបញ្ចេញមតិ។

លោកថា៖ «ប្រសិនជាធ្វើឲ្យខូចខាត អាហ្នឹងវាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គេអញ្ចឹងណាស់ ញុះញង់ដូចអត់ត្រូវ ញុះញង់ឲ្យមានការរើសអើង ទាល់តែរើសអើងជាតិសាសន៍ អាហ្នឹងបានមានបទល្មើស ធម្មតាបើសិននិយាយពីរឿងការដឹកនាំល្អ មិនល្អអី អាហ្នឹងគ្រាន់តែជាមតិតើ។ ហើយរឿងថាឲ្យទៅជាបទល្មើស វាមិនដឹងថាជាបទល្មើស វាអត់មានជាបទល្មើសស្អី»។

អ្នកប្រើបណ្ដាញសង្គមបានរិះគន់ចំពោះការអនុវត្តច្បាប់នៅកម្ពុជាហាក់មានស្ដង់ដារពីរ ដោយពួកគេថា ការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិមួយចំនួនកន្លងមក បែរជាអាជ្ញាធរមិនដែលចាប់ជនល្មើសមកដាក់ទោសឡើយ។

កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ កន្លងទៅ មានមនុស្សមួយក្រុម ដែលគេចោទថា មកពីគណបក្សប្រជាជន ប៉ុន្ដែតាំងខ្លួនជាសកម្មជនមកពីគណបក្ស សម រង្ស៊ី បានវាយកម្ទេចផ្លាកគណបក្សសង្គ្រោះជាតិ។ ប៉ុន្ដែគណបក្សប្រឆាំងបានបដិសេធមិនទទួលស្គាល់ ដោយថា ក្រុមនេះមិនមែនជាមន្ដ្រីគណបក្សសម រង្ស៊ី ឬសកម្មជនខ្លួនឡើយ ខណៈចំណាត់ការផ្លូវច្បាប់លើបុគ្គលទាំងនេះក៏គ្មានផងដែរ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles