ដោយ ហ៊ុំ ចំរើន
2017-04-10
RFA

អាជ្ញាធររៀបចំលំអតាមដងផ្លូវមាត់ស្ទឹងសង្កែ ផ្លូវលេខ១ មុខផ្សារណាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧។ RFA/Hum Chamroeun
![]()
អាជ្ញាធរខេត្តបាត់ដំបង រៀបចំកម្មវិធីប្រគំតន្ត្រីនៅមុខផ្សារណាត់ជាប់មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង រយៈពេល ៥រាត្រី ឲ្យពលរដ្ឋចូលរាំលេងកម្សាន្តសប្បាយ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ពិធីនេះ ក៏មានការតាំងពិព័រណ៍ទំនិញខ្មែរ–ថៃ ជាច្រើនកន្លែង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួននៅក្រុងបាត់ដំបង សម្ដែងអារម្មណ៍សាទរទៅនឹងការរៀបចំពិធីរាំលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ក៏ប៉ុន្តែពួកគាត់ហាក់មិនពេញចិត្តអាជ្ញាធរអនុញ្ញាតឲ្យជនជាតិថៃ នាំទំនិញមកលក់ច្រើនហួសហេតុក្នុងទឹកដីខេត្តបាត់ដំបង នោះទេ។ ពលរដ្ឋលើកឡើងថា ជនជាតិថៃ ដាក់ពិព័រណ៍ទំនិញក្នុងថ្ងៃបុណ្យចូលឆ្នាំ ធ្វើឲ្យប៉ះពាល់ដល់របររកស៊ីរបស់ពួកគាត់ ជាពិសេសអ្នកលក់ដូរតាមរទេះរុញ ធ្វើឲ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។
អ្នកលក់មីឆាតាមរទេះរុញនៅផ្លូវលេខ១ ជាប់មាត់ស្ទឹងត្រើយខាងលិចនៃក្រុងបាត់ដំបង លោកស្រី លី តា និយាយថា លោកស្រីសាទរនឹងការរៀបចំការប្រគំតន្ត្រីអបអរសាទរបុណ្យចូលឆ្នាំរបស់អាជ្ញាធរខេត្តបាត់ដំបង ប្រសិនបើអាជ្ញាធរចាត់ចែងឲ្យពួកគាត់បានលក់ដូររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារក្នុងពិធីនេះ។ លោកស្រីបន្ថែមថា កន្លងមកពួកគាត់លក់មីឆាបានប្រាក់ចំណូលប្រមាណ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយមិនបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទេ។ លោកស្រីព្រួយបារម្ភយ៉ាងខ្លាំងខ្លាចគ្មានទីកន្លែងលក់ដូរដូចពេលមុនៗនៅថ្ងៃចូលឆ្នាំខាងមុខនេះ៖ «វាអត់មានកន្លែងលក់ ហើយខ្ញុំមិនដឹងទៅលក់ឯណាបានលុយដោះស្រាយជីវភាព។ បើយើងលក់ ប៉ូលិសចេះតែដេញមិនឲ្យលក់ទេ ដោយថាទើសកន្លែងថៃ លក់ ហើយពួកខ្ញុំផ្អាកលក់ទាល់តែរួចបុណ្យ បានអាចលក់បានវិញ»។
នៅតាមដងផ្លូវមាត់ស្ទឹងសង្កែ ត្រើយខាងលិច អាជ្ញាធរចាប់ផ្ដើមរៀបចំតុបតែងដាក់លំអភ្លើងពណ៌តាមដើមឈើ ព្រមទាំងមានដាក់តង់ពិព័រណ៍ទំនិញរបស់ខ្មែរ និងថៃ រាប់រយតង់ ដើម្បីស្វាគមន៍អ្នកមកកម្សាន្តរៀងរាល់រាត្រី។
អ្នកលក់ទឹកអំពៅនៅគល់ស្ពានសួននាគ ក្រុងបាត់ដំបង ម្នាក់ទៀត លោកស្រី អ៊ី នី ថ្លែងថា លោកស្រីលក់ទឹកអំពៅនៅគល់ស្ពាននេះ ៦ឆ្នាំហើយ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ លោកស្រីបន្ថែមថា លោកស្រីសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដឹងថា អាជ្ញាធរចាត់ឲ្យមានការប្រគំតន្ត្រីចែកជូនពលរដ្ឋទស្សនាក្នុងថ្ងៃបុណ្យចូលឆ្នាំ។ លោកស្រីរំពឹងថា ប្រជាពលរដ្ឋនឹងទៅទស្សនាច្រើនរៀងរាល់រាត្រី ក៏ប៉ុន្តែលោកស្រីអះអាងថា លោកស្រីពុំមានទីតាំងសម្រាប់លក់ទឹកអំពៅក្នុងថ្ងៃបុណ្យសំខាន់មួយនេះនៅឡើយទេ៖ «ឲ្យតែពេលឆ្លងឆ្នាំ អាជ្ញាធរប្រគំតន្ត្រី ២កន្លែងអ៊ីចឹង តែទើបតែលើកទី១ទេ ដែលចូលឆ្នាំខ្មែរអាជ្ញាធរខេត្តរៀបចំប្រគំតន្ត្រី និងតាំងពិព័រណ៍។ អ៊ីចឹងខ្ញុំសំណូមពរឲ្យមានរាល់ឆ្នាំទៅមុខទៀត ដើម្បីឲ្យមានភាពសប្បាយរីករាយ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលក្រុងបាត់ដំបង លោក សៀង ឯមវូនហ្ស៊ី មានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបង រៀបចំប្រគំតន្ត្រីសម័យចំនួន ២កន្លែង គឺមុខផ្សារណាត់ក្រុងបាត់ដំបង មួយកន្លែង និងនៅមុខដើមពោធិ៍សួននាគបាញ់ទឹកមួយកន្លែង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា។ លោកបន្ថែមថា ពិធីនេះធ្វើឡើងដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង និងជាការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខេត្តបាត់ដំបង ផង និងបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តឲ្យមានភាពអធិកអធម។ លោកបន្ថែមថា ចាប់ពីយប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា មានដាក់បង្ហាញមុខម្ហូបខ្មែរសម្រាប់លក់ឲ្យអ្នកចូលមកទស្សនា៖ «ខ្ញុំសូមឲ្យប្រជាពលរដ្ឋក៏មានការចូលរួមដែរ ទាំងអាជីវករ និងពាណិជ្ជករ ជួយចូលរួមទាំងអស់គ្នា ព្រោះថាអ្វីៗគឺផ្ដើមចេញពីទាំងអស់គ្នាហ្នឹងហើយ ទើបជោគជ័យក្នុងការងារផ្សេងៗ។ ម្យ៉ាងកុំឲ្យលេងហួសហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ដល់គ្នា និងសុំឲ្យមានការប្រុងប្រយ័តក្នុងការបើកបរ ដើម្បីកុំមានគ្រោះថ្នាក់ចរាចរណ៍»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធររៀបចំការប្រគំតន្ត្រីចែកជូនពលរដ្ឋទស្សនា គឺជាការទាក់ទាញមនុស្សមកទស្សនាខេត្តបាត់ដំបង មែនក្នុងអំឡុងពេលខ្លី។ ក៏ប៉ុន្តែលោកអះអាងថា កម្មវិធីនេះពុំអាចទាក់ទាញឲ្យភ្ញៀវទេសចរមកលេងខេត្តមួយនេះបានគ្រប់រដូវកាលនោះទេ ប្រសិនបើអាជ្ញាធរមិនកែច្នៃតំបន់រមណីយដ្ឋានសំខាន់ៗឲ្យបានស្រស់ស្អាតនោះ៖ «យើងត្រូវតែរៀបចំកែលំអវា ហើយមិនមែនត្រឹមតែសោភ័ណភាពទេ យើងត្រូវគិតគូរពីបញ្ហាអនាម័យ បញ្ហាតម្លៃ និងបញ្ហាសេវាផ្សេងៗទៀត។ យើងត្រូវធ្វើការផ្សព្វផ្សាយពីបញ្ហាទាំងអស់នេះ ដើម្បីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ៊ីចឹងយើងមិនយកឱកាសរយៈពេលប៉ុណ្ណឹងថ្ងៃដើម្បីផ្សព្វផ្សាយ បានន័យយើងអត់មានយុត្តិសាស្ត្ររយៈពេលវែងទេ»។
អភិបាលក្រុងបាត់ដំបង លោក សៀង ឯមវូនហ្ស៊ី ឲ្យដឹងទៀតថា ពិធីរាំលេងកម្សាន្តនេះក៏មានរៀបចំនៅតាមបណ្ដាស្រុកនានាដែរ ដើម្បីបង្កភាពអធិកអធមដល់ប្រជាពលរដ្ឋ។ ចំណែកនៅតាមផ្សារទីរួមខេត្តបាត់ដំបង ជិតដល់ថ្ងៃចូលឆ្នាំទៅហើយ តែហាក់ពុំសូវមានមនុស្សច្រើនដូចសព្វដងនោះទេ។ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋរស់នៅជាង ១លាន ១សែននាក់ ហើយពលរដ្ឋដែលពេញវ័យភាគច្រើនទៅធ្វើការងារនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អាជ្ញាធរត្រៀមកម្លាំងសន្តិសុខ៦ពាន់នាក់សម្រាប់ការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
-
អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថាឥទ្ធិពលចិនកំពុងចាក់ឫសកាន់តែខ្លាំងនៅកម្ពុជា
-
រដ្ឋបាលខេត្តព្រះសីហនុរៀបចំកម្មវិធីកម្សាន្តស្វាគមន៍ទេសចរថ្ងៃបុណ្យឆ្លងឆ្នាំសកល
-
ជនជាតិដើមភាគតិចព្នងរៀបចំពិធីឡើងអ្នកតាអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
-
ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជាតិសាសន៍ដទៃក្នុងតំបន់អាស៊ី
-
ប្រវត្តិនិងអត្ថន័យបទភ្លេងកន្ទ្រឹមនៅរដូវបុណ្យចូលឆ្នាំខ្មែរ
-
ពលរដ្ឋខ្មែរនិយមសែនចិននិងសែនទទួលទេព្ដាឆ្នាំថ្មីផង
-
មូលហេតុនៃការធ្លាក់ចុះការនិយមលេងល្បែងប្រជាប្រិយខ្មែរ
