ដោយ ហ៊ុំ ចំរើន
2017-04-10
RFA

សមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរធ្វើការនៅថៃ ដោយខុសច្បាប់ មកដល់នៅផ្សាររា ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ Photo Provided
![]()
ពលករខ្មែរធ្វើការងារនៅប្រទេសថៃ រាប់ពាន់នាក់ នៅព្រឹកថ្ងៃទី១០ មេសា នាំគ្នាសម្រុកធ្វើដំណើរមកលេងបុណ្យចូលឆ្នាំប្រពៃណីជាតិតាមច្រកព្រំដែនអន្តរជាតិខេត្តបន្ទាយមានជ័យ យ៉ាងកកកុញ។ មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ អះអាងថា មូលហេតុដែលពលករចេញតាមច្រកប៉ោយប៉ែត ច្រើន ដោយសារខាងភាគីថៃ បន្ធូរបន្ថយការអនុវត្តច្បាប់ឲ្យពួកគេបានទៅជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំ។
មន្ត្រីព្រំដែនកម្ពុជា–ថៃ ប្រចាំច្រកប៉ោយប៉ែត លើកឡើងថា ពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកមួយនេះ មានទាំងអ្នកមកត្រូវច្បាប់ និងខុសច្បាប់។
មន្ត្រីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក តុល សំរិទ្ធ មានប្រសាសន៍នៅថ្ងៃទី១០ មេសា ថា ពលករសម្រុកមកលេងបុណ្យចូលឆ្នាំច្រើនតាមច្រកព្រំដែនប៉ោយប៉ែត ចាប់ពីថ្ងៃទី៧ មេសា មក។ លោកអះអាងថា នៅថ្ងៃទី១០ មេសា ពលករសម្រុកមកច្រកមួយនេះកាន់តែច្រើនឡើង គឺពលករដែលមកស្របច្បាប់ប្រមាណពី ១.៧០០នាក់ទៅ ១.៨០០នាក់ក្នុងមួយថ្ងៃ៖ «បាទ! មកណែនស្ទះពេញតែផ្លូវ ដោយសារឡានដឹកទំនិញរបស់ថៃ សម្រុកដឹកឆ្លងកាត់ព្រំដែនមកកម្ពុជា ជាច្រើនគ្រឿង ធ្វើឲ្យកកស្ទះចាល់ពលករដែលចេញមកពីថៃ»។
លោក តុល សំរិទ្ធ បន្ថែមថា ពលករសម្រុកមកច្រើនដោយសារសមត្ថកិច្ចថៃ បន្ធូរបន្ថយការអនុវត្តច្បាប់ ដើម្បីឲ្យពលករបានធ្វើដំណើរងាយស្រួលជាងឆ្នាំមុនៗ។
ទោះជាយ៉ាងនេះក្ដី អ្នករត់ម៉ូតូឌុបនៅច្រកព្រំដែនប៉ោយប៉ែត លោក សេង អឿន អះអាងថា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខុសច្បាប់តាមច្រកប៉ោយប៉ែត ច្រើនជាងអ្នកចូលដោយស្របច្បាប់ គឺប្រមាណពី ២ពាន់នាក់ទៅ ៣ពាន់នាក់ក្នុងមួយថ្ងៃ៖ «ខ្ញុំសួរគាត់ខ្លះៗដែរ គាត់ថាជិះរទេះភ្លើងមក ហើយសមត្ថកិច្ចថៃ ចាប់ពួកគាត់នៅលើរទេះភ្លើងយកប្រាក់ម្នាក់ ៣០០បាត ស្មើនឹងជាង ៣ម៉ឺន ៥ពាន់រៀល។ មកដល់ស្រុកអារញ្ញ ទាហានថៃ ចាប់មួយសាទៀតបង់ប្រាក់អស់ម្នាក់ ៣០០បាតដូចគ្នា។ គាត់ថាចេញពីថៃ មកដល់ដីខ្មែរអស់លុយពី ២ពាន់ទៅ ២.៥០០បាត (ប្រមាណ ៣០ម៉ឺនរៀល) ក្នុងម្នាក់»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បើទោះជាពលករសម្រុកមកលេងបុណ្យចូលឆ្នាំតាមច្រកប៉ោយប៉ែត កកកុញយ៉ាងនេះក៏ដោយ ក៏ប៉ុន្តែលោកអះអាងថា ឡានឈ្នួលបានឡើងថ្លៃខ្ពស់ទ្វេដង បើធៀបនឹងថ្ងៃធម្មតា៖ «ក្រៅពីនេះថែមទាំងមានក្រុមអ្នករត់តាក់ស៊ីបោកប្រាស់ប្លន់យកលុយពីពួកគាត់ទៀត។ អ៊ីចឹងសុំឲ្យសមត្ថកិច្ចពិនិត្យមើលក្រុមអ្នករត់តាក់ស៊ីទាំងអស់នោះ កុំឲ្យប៉ះពាល់ការធ្វើដំណើររបស់ពលករខ្មែរ»។
សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ពីថ្ងៃទី១ ដល់ថ្ងៃទី៨ មេសា ចំនួនជាង ១ម៉ឺននាក់។ មន្ត្រីព្រំដែនប៉ាន់ប្រមាណថា ពលករបន្តសម្រុកមកកម្ពុជា តាមច្រកមួយនេះក្នុងមួយថ្ងៃរាប់ពាន់នាក់រហូតដល់ថ្ងៃទី១២ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ថៃអនុញ្ញាតឲ្យពលករទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
កម្មករអូសរទេះចោទប៉ូលិសអន្តោប្រវេសន៍ប៉ោយប៉ែតថាមិនធ្វើកាតចេញចូលផ្សារថៃឲ្យពួកគាត់
-
ពលករខ្មែរធ្វើការខុសច្បាប់នៅថៃជិត៥ម៉ឺននាក់ត្រូវបានចាប់បញ្ជូនមកកម្ពុជានៅឆ្នាំ២០១៦
-
អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសថៃជួយពលករខ្មែរពីរនាក់មកកម្ពុជាវិញ
-
គ្រួសារពលករខ្មែរដែលថៅកែថៃបាញ់សម្លាប់ទាមទារសំណងជាង១ម៉ឺនដុល្លារ
-
ថៅកែដំឡូងមីជនជាតិថៃដែលបាញ់ពលករខ្មែរម្នាក់ស្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន
-
សាច់ញាតិពលករខ្មែរម្នាក់ដែលថៅកែថៃបាញ់សម្លាប់ស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌
-
គ្រួសារនៅខេត្តត្បូងឃ្មុំស្នើអាដហុកឲ្យជួយសមាជិកគ្រួសារម្នាក់ដែលថាកំពុងជាប់ឃុំនៅថៃ
-
ពលករខ្មែររាប់រយនាក់សម្រុកចេញទៅរកការងារធ្វើនៅថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ថៃអនុញ្ញាតឲ្យពលករខ្មែរស្របច្បាប់ទៅចុះឈ្មោះបោះឆ្នោតនិងត្រឡប់ទៅធ្វើការវិញធម្មតា