អាជ្ញាធរកម្ពុជាចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ពីបទរំលោភផ្លូវភេទក្មេងប្រុស១១នាក់

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 6:09 PM
http://vodhotnews.com

សង្គម | សន្ដិសុខ

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសជនជាតិខ្មែរកាត់អាមេរិកាំងម្នាក់ ដោយចោទថា បានរំលោភបំពានផ្លូវភេទលើក្មេងប្រុសជាអនីតិជនចំនួន១១នាក់ នៅខេត្តតាកែវ ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ APPLE Cambodia ចេញផ្សាយនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៧ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចាប់ខ្លួនបុរសជនជាតិខ្មែរអាមេរិកាំងម្នាក់ ឈ្មោះ តាន់ សារ៉ាវុធ អាយុ៤៧ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចោទបុរសនោះថា បានរំលោភបំពានផ្លូវភេទលើក្មេងប្រុស១១នាក់ អាយុពី១១ទៅ១៥ឆ្នាំ នៅស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមសេចក្ដីប្រកាស មន្ដ្រីប៉ូលិសបានចាប់ខ្លួនបុរសឈ្មោះ តាន់ សារ៉ាវុធ និងបញ្ជូនទៅ​នាយកដ្ឋាន​ការពារ ការជួញដូរមនុស្ស និង​ការពារអនីតិជនក្រសួងមហាផ្ទៃ បន្ទាប់ពីបានស្រាវជ្រាវនិងស៊ើបអង្កេតអស់រយៈពេលជាង១០ខែ តាំងពីពាក់កណ្ដាលឆ្នាំ២០១៦មក។

មន្ដ្រីប៉ូលិស បញ្ជាក់បន្ថែមថា​ បុរសឈ្មោះ តាន់ សារ៉ាវុធ បានរស់នៅក្នុងខេត្តតាកែវ តាំងពីឆ្នាំ២០០២មក និងបានធ្វើពុតជាចិត្តល្អ ដោយថែមទាំងបានជួយមើលថែក្មេងៗ និងឲ្យលុយអ្នកភូមិខ្ចីទៀតផង។

បើតាមមន្ដ្រីប៉ូលិស​ ជនសង្ស័យ ​តាន់ សារ៉ាវុធ បានសារភាពថា រូបលោកធ្លាប់ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១ខែ ពីបទបំពានផ្លូវភេទលើកុមារ និងបានសារភាពថា ពិតជាបានរំលោភបំពានលើកុមារកម្ពុជា១១នាក់ ពិតប្រាកដមែន៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles