
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំនួនជិត ៧,៤ លាននាក់លើទំព័រហ្វេសប៊ុក របស់លោក។ រូបថត ហ្វេសប៊ុក
Tue, 11 April 2017
Ananth Baliga and ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ហ្វេសប៊ុកបញ្ចេញការលេចធ្លាយអនាមិកឈ្មោះ «ធ្លាយហើយ» និង «សីហា» កាលពីម្សិលមិញបានបញ្ចេញការលេចធ្លាយអ៊ីមែលស្រដៀងគ្នាដែលបង្ហាញអំពីការពិភាក្សារបស់ក្រុមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមហ្វេសប៊ុករបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលពិភាក្សាគ្នាអំពីការធ្វើឲ្យចំនួនអ្នកឡៃក៍ហ្វេសប៊ុកកើនឡើង ប៉ុន្តែភាគីទាំងពីរបានហៅការលេចធ្លាយនេះថាជាការប្រឌិត។
ហ្វេសប៊ុក ធ្លាយហើយកាលពីព្រឹកថ្ងៃចន្ទបានបញ្ចេញរូបភាពនៃអ៊ីមែលពីលោក ដួង តារា ដែលពិភាក្សាអំពីការប្រូម៉ូតទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី និងការទិញ like កាលពីខែមីនាឆ្នាំមុន។ អ៊ីមែលនេះក៏បានបង្ហាញអំពីចំនួនថវិកាយ៉ាងច្រើនដែលត្រូវចំណាយសម្រាប់ការងារនេះក្នុងរយៈពេល ៣ ខែសម្រាប់ការប្រូម៉ូត។
ក្រោយមកកាលពីម្សិលមិញហ្វេសប៊ុក សីហា បានបញ្ចេញការលេចធ្លាយដែលមានគោលដៅសំដៅទៅគណបក្សសង្គ្រោះជាតិដោយបញ្ចេញរូបភាពស្រដៀងគ្នានៃអ៊ីមែលមួយពីលោក អ៊ឹង ជុងលាង ដែលជាសមាជិកក្រុមហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលបង្ហាញអំពីការចំណាយថវិកាសម្រាប់ការប្រូម៉ូតទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។
ហ្វេសប៊ុក សីហា បានឲ្យដឹងនៅលើការបង្ហោះរបស់ខ្លួនថា៖ «នៅក្នុងអ៊ីមែលខ្ញុំឃើញលោក សម រង្ស៊ី បានទំនាក់ទំនងជាញឹកញាប់ជាមួយបុរសនេះដែលភាគច្រើនបំផុតរាយការណ៍ទៅលោក សម រង្ស៊ី អំពីការចំណាយ»។ «លោក សម រង្ស៊ី ថ្លែងថាលោករីករាយដែលចំនួន like នៅលើហ្វេសប៊ុកបានកើនឡើង»។
ចំនួន like នៅលើហ្វេសប៊ុកបានកើនឡើងជាមោទនភាពមួយរបស់លោក ហ៊ុន សែន ខណៈលោកប្រើប្រាស់វាជាឧបករណ៍បង្ហាញសារនយោបាយហើយគណបក្សទាំងអស់ក៏បានប្រើប្រាស់សកម្មភាពតាមហ្វេសប៊ុកយ៉ាងខ្លាំងដែរចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ២០១៣។
ទិន្នន័យនាពេលថ្មីៗពីក្រុមហ៊ុនអ្នកវិភាគហ្វេសប៊ុក Socialbakers បានបង្ហាញថាចំនួនអ្នក follower របស់ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន គឺមានចំនួនជិត ៧,៤ លាននាក់ ហើយជិតពាក់កណ្តាលនៃចំនួនទាំងនោះគឺស្ថិតនៅក្នុងប្រទេសកម្ពុជា ខណៈចំនួនដទៃទៀតគឺស្ថិតនៅក្នុងប្រទេសចំនួន ៤៥ ហើយភាគច្រើនបំផុតគឺស្ថិតក្នុងប្រទេសឥណ្ឌា ហ្វីលីពីន និងថៃ។ ប៉ុន្តែហ្វេសប៊ុក លោក សម រង្ស៊ី មានជិត ៨០ ភាគរយនៃចំនួន fan ៣,៨ លាននាក់ស្ថិតនៅក្នុងប្រទេសកម្ពុជា និងចំនួនដទៃទៀតមកពីប្រទេសថៃ និងវៀតណាម។
លោក តារា កាលពីម្សិលមិញបានហៅការលេចធ្លាយនេះថាជាការប្រឌិតដោយថ្លែងថាលោកប្រើប្រាស់គណនី yahoo ជាអ៊ីមែលផ្លូវការរបស់លោកមិនមែន Gmail ដូចក្នុងការលេចធ្លាយទេ។
លោកថ្លែងថា៖ «អ៊ីមែលនោះត្រូវបានប្រឌិត ខ្ញុំមិនដែលប្រើអ៊ីមែល duongdaraspm@gmail.com ទេ»។
លោក តារា បញ្ជាក់ថាលោកជាអនុរដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្រ្តី និងបានថ្លែងថាលោកគ្រាន់តែផ្តល់ការណែនាំអំពីការប្រើប្រាស់បច្ចេកវិទ្យាយូរៗម្តងតែនៅពេលមានការស្នើសុំតែប៉ុណ្ណោះ ប៉ុន្តែមិនមែនជាផ្នែកនៃក្រុមការងារហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីទេ។ ទោះយ៉ាងណាក្តីប្រភពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយថាជាការពិតលោក តារា ជាផ្នែកនៃក្រុមការងារហ្វេសប៊ុករបស់លោក ហ៊ុន សែន។
លោក តារា ក៏បានបដិសេធផងដែរថាលោកមិនដឹងអំពីថា តើក្រុមហ្វេសប៊ុកនោះកំពុងទិញ like សម្រាប់ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីឬអត់នោះទេ។
ស្រដៀងគ្នាផងដែរលោក ជុង លាង បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលថាអ៊ីមែលលេចធ្លាយនោះមិនមែនជាអ៊ីមែលរបស់លោកទេហើយបានហៅវាថាជាអ៊ីមែលក្លែងក្លាយ។
លោកបានសរសេរលើហ្វេសប៊ុកថា៖ «ព័ត៌មាននេះមិនពិតទេ»។
លោក ជុង លាង និង សហការីហ្វេសប៊ុកឈ្មោះ សម្បត្តិ សត្យា រួមជាមួយលោក សម រង្ស៊ី ត្រូវបានកាត់ទោស និងផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ៥ ឆ្នាំពាក់ព័ន្ធនឹងវីដេអូខ្លីបមួយដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលក្នុងនោះលោក ហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងបានបង្ហាញសន្ធិសញ្ញាឆ្នាំ ១៩៧៩ «ក្លែងក្លាយ» ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា វៀតណាម។
លោក សម រង្ស៊ី បានលើកឡើងថាអ៊ីមែលក្លែងក្លាយរបស់លោក ជុងលាង គឺមិនអាចបង្ហាញថាជាការលើកឡើងរបស់គាត់ទេ ហើយសូម្បីតែចំនួនលុយក៏ត្រូវបានគេរៀបរាប់នៅក្នុងនោះដែរ។
លោកថ្លែងតាមអ៊ីមែលថា៖ «វាពិតជាគួរឱ្យអស់សំណើចណាស់! ខ្ញុំនៅឆ្ងាយពីការមានលុយនោះឆ្ងាយណាស់។ ប្រសិនបើខ្ញុំមានអ៊ីចឹងមែន នោះខ្ញុំនឹងប្រើប្រាស់លុយរបស់ខ្ញុំខុសពីនេះ»។
លោក សម រង្ស៊ី បានអះអាងថាលោក ហ៊ុន សែន និងក្រុមការងារហ្វេសប៊ុករបស់គាត់ហាក់ដូចជា «ជ្រួលច្របល់» ដោយការលេចធ្លាយនេះហើយផ្ទុយមកវិញពួកគេកំពុងព្យាយាមបំភាន់ប្រជាពលរដ្ឋកម្ពុជា។
លោកថ្លែងបន្ថែមថា៖ «មធ្យោបាយតែមួយគត់សម្រាប់គាត់ (ហ៊ុន សែន) ក្នុងការប្រឈមជាមួយនឹងការលេចធ្លាយនេះគឺព្យាយាមបង្ខូចការលេចធ្លាយពិតប្រាកដនេះ ដោយបង្កើតសារលេចធ្លាយក្លែងក្លាយជាច្រើន ដើម្បីធ្វើឲ្យសាធារណជនមិនសូវចាប់អារម្មណ៍ និងបំភ្លេចរាល់សារលេចធ្លាយទាំងអស់នោះ»។
ទោះបីជាយ៉ាងណាចំពោះការលេចធ្លាយនេះលោក សម រង្ស៊ី បានឆ្លើយតបទៅនឹងសារលេចធ្លាយរបស់ហ្វេសប៊ុកលោក ហ៊ុន សែន ឲ្យគេឃើញពីភាពខុសគ្នារវាងការធ្វើឲ្យមានការចុច Like លើទំព័រហ្វេសប៊ុកដោយស្របច្បាប់ដោយសង្ឃឹមថានឹងទទួលបានការ Like កាន់តែច្រើនហើយចំពោះការធ្វើឲ្យមានការចុច Like (ទិញ Like) ដោយ «មិនស្របច្បាប់គឺពិតជាគួរឱ្យអាម៉ាស់ណាស់»។
ដោយចង់សំដៅទៅដល់សារលេចធ្លាយស្តីពីការទិញ Like របស់ហ្វេសប៊ុកលោក ហ៊ុន សែន លោក សម រង្ស៊ី បានថ្លែងថា៖ «ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថានៅក្នុងប្រទេសក្រីក្រមួយដូចជាកម្ពុជាការចំណាយលុយរហូតដល់ ១០០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃពិតជាច្រើនណាស់ដែលលោក ហ៊ុន សែន បានចំណាយដើម្បីឲ្យមានការផ្សព្វផ្សាយពីទំព័រហ្វេសប៊ុករបស់គាត់»។
កាលពីឆ្នាំមុនលោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោស និងបង្គាប់ឲ្យបង់ប្រាក់ចំនួន ៦០០០ ដុល្លារបន្ទាប់ពីលោកបានចោទប្រកាន់ថាក្រុមការងារសង្គម (Facebook) របស់លោក ហ៊ុន សែន ទិញការចុច Like សិប្បនិម្មិតសម្រាប់ Facebook របស់នាយករដ្ឋមន្ត្រី។
លោក ចាម ប៊ុនទិត អ្នកអត្ថាធិប្បាយនយោបាយ និងជាទីប្រឹក្សារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឱ្យដឹងថាការពិតនៃការលេចធ្លាយសារទាំងពីរនេះគឺគេកំពុងលេងគ្នាទៅវិញទៅមក ដែលវាគ្រាន់តែជាការធ្វើឲ្យរីករាលដាលនៃទ្រឹស្តីសម្ងាត់ប៉ុណ្ណោះ។
លោក ប៊ុនទិត បានបញ្ជាក់ថា៖ «ពួកគេកំពុងតែព្យាយាមលាបពណ៌ឲ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យគូភាគីម្ខាងទៀតមើលទៅអាក្រក់។ ពួកគេកំពុងលេងនយោបាយដ៏គ្រោះថ្នាក់ហើយរឿងនេះមិនគួរត្រូវបានលើកទឹកចិត្តនោះទេ»។
សម្រាប់ការបោះឆ្នោតដែលនឹងចូលមកដល់នាពេលខាងមុខ លោក ប៊ុនទិត បានថ្លែងថាការជជែកពិភាក្សាគ្នាលើបញ្ហាធំៗត្រូវបានរំខានដោយសារតែរឿងបែបនេះ។
លោកបានថ្លែងបន្តថា៖ «ខ្ញុំចង់ឲ្យភាគីទាំងពីរធ្វើការតស៊ូមតិដើម្បីស្វែងរកដំណោះស្រាយ។ ប្រជាជនកម្ពុជាត្រូវការដំណោះស្រាយ ដូច្នេះសូមកុំព្យាយាមបង្កើតបញ្ហាឲ្យកាន់តែច្រើនសម្រាប់ពួកគេ»៕ PS NS
Contact authors: Ananth Baliga and ម៉ិច ដារ៉ា