
លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន ដែលក្រសួងមិនទាន់ទទួលស្គាល់។ ផា លីណា
Tue, 11 April 2017
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា «ទ្វារបើកចំហ» សម្រាប់គណបក្សសង្គ្រោះជាតិក្នុងការជជែកដោះស្រាយសេចក្តីសម្រេចរបស់ក្រសួងដែលថាអនុប្រធានទាំង ៣ នាក់ខ្លួនខុសច្បាប់។
លោក ខៀវ សុភ័គ បានថ្លែងថាគណបក្សសង្គ្រោះជាតិអាចទៅជួបមន្រ្តីដើម្បី «ពិភាក្សា» អំពីសេចក្តីសម្រេចមិនទទួលស្គាល់អនុប្រធានទាំង ៣ រូប។
ប៉ុន្តែលោកបានព្រមានពួកគេមិនឲ្យអះអាងភ្លាមៗថាការបកស្រាយរបស់ពួកគេថា «ត្រឹមត្រូវ» នោះទេព្រោះវាអាចធ្វើឲ្យ «កិច្ចប្រជុំគ្មានប្រយោជន៍»។
លោក សុភ័គ បានបន្តថា៖ «ប្រសិនបើយើងជួប យើងអាចស្តាប់គំនិតគ្នាទៅវិញទៅមក»។ «យើងស្វាគមន៍កិច្ចប្រជុំស្មោះត្រង់»។
បញ្ហាកើតចេញពីសមាជគណបក្សសង្គ្រោះជាតិបានធ្វើកាលពីថ្ងៃទី ២ មីនាដើម្បីជ្រើសរើសលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានបន្ទាប់ពីលោក សម រង្ស៊ី លាលែងពីប្រធានបក្សកាលពីខែកុម្ភៈ។
លោក សម រង្ស៊ី បានចុះចេញពីតំណែងដើម្បីចៀសវាងពីការរំលាយគណបក្សរបស់លោកក្រោមច្បាប់ថ្មីដែលកំហិតមិនឲ្យអ្នកមានទោសធ្វើប្រធាន ឬអនុប្រធានគណបក្ស។
ស្រដៀងគ្នានេះដែរជម្លោះពាក់ព័ន្ធនឹងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិក៏ត្រូវគេមើលឃើញថាជាការប៉ុនប៉ងមួយទៀតដើម្បីចងគណបក្សប្រឆាំង។
ក្រសួងមហាផ្ទៃកាលពីដំបូងបានប្រកាសថាលោក កឹម សុខា ខុសច្បាប់ ប៉ុន្តែក្រោយមកបានទទួលស្គាល់វិញ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម បានស្វាគមន៍ជំហរក្រសួងតែថា៖ «យើងនឹងមើលថាតើយើងអាចសម្រុះសម្រួលរបៀបណាពីព្រោះអ្វីទាំងអស់នេះវាអាចត្រូវបានបកស្រាយផ្សេងគ្នា»៕ PS