សកម្មជនដីធ្លីធ្វើពិធីសាសនាសុំបន្ទន់ចិត្តរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមុនបុណ្យចូលឆ្នាំ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 5:07 PM
http://vodhotnews.com

សិទ្ធិមនុស្ស


សកម្មជនដីធ្លី ដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅ សុំឲ្យដោះលែងជាប់ឃុំនោះ នៅថ្ងៃអង្គារនេះ បាននិមន្តព្រះសង្ឈសូត្រតាមបែបសាសនា ដើម្បីបន្ទន់ចិត្តទៅរដ្ឋាភិបាលឲ្យដោះលែងមន្ត្រីសង្គមស៊ីវិលនិងតំណាងពួកគេ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ និងសហគមន៍ដទៃទៀតប្រមាណ៣០នាក់នៅថ្ងៃអង្គារទី១១ខែមេសានេះ បានធ្វើពិធីសូត្រមន្ត រាប់បាតតាម បែបសាសនា ដើម្បីបួងសួងសុំឲ្យទេវតា​ឆ្នាំថ្មី​ជួយបន្ទន់ចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងអ្នកស្រី ទេព វន្នី មន្ត្រីការពារសិទ្ធិមនុស្ស៤រូប មន្ត្រីគ.ជ.ប និងលោក គឹម សុខ ឲ្យមានសេរីភាពនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើរដ្ឋាភិបាល មិនដោះលែងអ្នកជាប់ទាំង៦រូប នៅមុនថ្ងៃបុណ្យចូលនេះទេ ពួកគាត់និងនាំគ្នាបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ រួមទាំងយុទ្ធនាការផ្សេង និងសុំកិច្ចអន្តរាគមន៍ពីសហគមនអន្តរជាតិឲ្យជួយ។

អ្នកស្រីអំពាវនាមឲ្យរដ្ឋាភិបាលឈប់យកប្រព័ន្ធតុលាការមកដាក់គំនាបលើប្រជាពលរដ្ឋ ហើយដោះលែងអ្នកជាប់ឃុំទាំង ៦ រូប ឲ្យមានសេរីភាពវិញ ប៉ុន្តែនៅតែមិនដោះលែងឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋាភិបាលនិងធ្លាក់សន្លឹកច្រើនជាងមុន ដោយសារចាប់អ្នកគ្មានកំហុសដាក់គុក។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ទណ្ឌិតដែលត្រូវលើកលែងទោស និងបន្ធូយបន្ថយទោសនៅក្នុងពេលបុណ្យចូឆ្នាំនេះ មានចំនួន៧៥នាក់ ក្នុងនោះលើកលែងទោសចំនួន៤នាក់ ហើយន្ធូយបន្ថយទោស៧១នាក់ ត្រូវបានបញ្ជូនទៅឲ្យព្រះមហាក្សត្រហើយរងចាំតែព្រះរាជក្រឹត្យចេញប៉ុណ្ណោះ។ ប៉ុន្តែលោកមិនដឹងថា អ្នកដែលត្រូវលើកលែងទោសទាំងនោះ មានមន្ត្រីសង្គមស៊ីវិល សកម្មជនដីធ្លី ឬសកម្មជនបក្សនយោបាយដែរឬយ៉ាងណាទេ។

លោកថា «ចំនួនទណ្ឌិតដែលស្នើសុំមានចំនួន៣៩១ ហើយក្នុងនោះមានតែ ៤ នាក់ទេ បានលើកលែងទោស ហើចំណែក ៧១​នាក់ បានបន្ធូយបន្ថយទោស។ ចឹងសរុបទៅគឺ មានតែ ៧៥ នាក់ទេ បានទទួលការលើកលែងទោស និងបន្ធូបន្ថយទោស នេះគឺជាតួលេខ គឺជាអ្វីដែលគណៈកម្មការថ្នាក់ជាតិបានសម្រេច ​ហើយសិនមិនមានអញវីប្រែប្រួលទេ ​គឺព្រះរាជក្រឹត្យចេញគឺមានចំនួន ប៉ុណ្នឹង ប្រសិនមិនមានអ្វីប្រែប្រួលទេ ។ តើក្នុងនោះមានសកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សនយោបាយដែលឬអត់ រងចាំព្រះរាជក្រឹត្យចេញមក ពីព្រោះនៅពេលដែលយើងសម្រេចយើងអត់បានមើលទៅខាងហ្នឹងទេ យើងអត់បានមើលទៅលើខាងហ្នឹងទេ យើងអត់បានមើលថាអ្នកហ្នឹងជាសកម្មជនសិទ្ធិមនុស្ស ឬសកម្មជននយោបាយនោះទេ ឲ្យតែបំពេញទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ គឺទទួលបាននៅការលើកលែងទោស និង បន្ធូបន្ថយទោស ពេលនោះសាធារណជនអាចមើលបាន ថាតើមានសកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សនយោបាយឬអត់នៅពេលព្រះរាជក្រឹត្យចេញជាផ្លូវការ»។

អ្នកមានជម្លោះដីធ្លីនៅតាមសហគមន៍ផ្សេងៗតែងតែនាំធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីសុំដោះលែង មន្ត្រីការ​ពារ​សិទ្ធិមនុស្សអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី និងមន្ត្រីគ.ជ.ប លោក នី ចរិយា រួមទាំងតំណាងពួកគេ អ្នកស្រី ទេព វន្នី និងលោក គឹម សុខ ដែលបច្ចុប្បន្ននេះ អ្នកទាំងកំពុងជាប់ពន្ធនាគា៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles