ដោយ ហង្ស សាវយុត
2017-04-11
RFA

ប៉ុស្តិ៍ព្រំដែនខ្មែរនៅច្រកទ្វារអន្តរជាតិជាំសាង៉ាំ ឋិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ Photo Provided
![]()
អាជ្ញាធរខ្មែរខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរថៃ ខេត្តសុរិន្ទ ខេត្តស៊ីសាកេត (Sisaket) និងខេត្តបុរីរ៉ាំ (Buriram) បានព្រមព្រៀងគ្នាបើកចំហឱ្យពលរដ្ឋខ្មែរ-ថៃ ដែលរស់នៅក្នុងស្រុកជាប់ ព្រំដែនគ្នា អាចចេញចូលទៅធ្វើបុណ្យទាននៅតាមទីវត្តនានា ក្នុងទឹកដីថៃ ក៏បាន និងទឹកដីខ្មែរក៏បាន។
ការបើកចំហឱ្យពលរដ្ឋទាំងសងខាងអាចចេញចូលលេងកម្សាន្តនៅរដូវបុណ្យចូលឆ្នាំថ្មីនេះ គឺក្នុងបំណងធ្វើឱ្យតំបន់ខ្លះនៃព្រំដែនដែលធ្លាប់តែមានជម្លោះតានតឹង បានប្រែក្លាយទៅជាការផ្សះផ្សា ព្រមទាំងបង្កើតចំណងមិត្តភាព សន្តិភាពរវាងគ្នាឡើងវិញឱ្យកាន់តែប្រសើរ។
អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងអាជ្ញាធរស្រុកភូស៊ីង (Phu Sing) ខេត្តស៊ីសាកេត របស់ថៃ ជាមួយនឹងកម្លាំងការពារព្រំដែនជាច្រើនផ្នែកទាំងសងខាង បានរួមគ្នាធ្វើពិធីបុណ្យបួងសួងដោយរាប់បាត្រ ព្រះសង្ឃចំនួន ១៦៥អង្គ ដើម្បីសុំសេចក្ដីសុខសន្តិភាពនៅតាមព្រំដែន សម្រាប់បុណ្យចូលឆ្នាំថ្មីដែលជិតចូលមកដល់នេះ។
អភិបាលស្រុកអន្លង់វែង គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកបានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសា ថា កាលពីព្រឹកថ្ងៃដដែលនេះ អាជ្ញាធរស្រុកអន្លង់វែង និងអាជ្ញាធរស្រុកភូស៊ីង ខេត្តស៊ីសាកេត របស់ថៃ ព្រមទាំងកងកម្លាំងការពារព្រំដែន បានធ្វើពិធីបួងសួងជាមួយគ្នានៅចន្លោះព្រំដែន នៃស្រុកទាំងពីរដើម្បីអបអរឆ្នាំថ្មីដែលនឹងចូលមកដល់។
ការធ្វើបុណ្យរាប់បាត្រព្រះសង្ឃរួមគ្នានេះ អាជ្ញាធរស្រុក និងកងការពារព្រំដែនខ្មែរ-ថៃ បានព្រមព្រៀងគ្នាបើកចំហច្រកព្រំដែនឱ្យប្រជាពលរដ្ឋទាំងសងខាងអាចចេញចូលរកគ្នា ឬក៏ទៅធ្វើបុណ្យទានដោយមិនចាំបាច់ប្រើលិខិតបើកផ្លូវ (Border Pass) ឬក៏លិខិតឆ្លងដែនទេ នៅក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មី៖ «ទៅមកគឺធម្មតា ហើយដល់ពេលចូលឆ្នាំ គឺយើងតែងអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃ អាចទៅធ្វើបុណ្យរួមគ្នាឱ្យចេញចូលត្រឹមស្រុក និងស្រុកបាន»។
មិនមែនតែស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាមួយនឹងស្រុកភូស៊ីង ខេត្តស៊ីសាកេត របស់ថៃ តែមួយប៉ុណ្ណោះទេ ដែលបានសហការធ្វើបុណ្យចូលឆ្នាំរួមគ្នានេះ អាជ្ញាធរស្រុកបាងក្រួត (Ban Kruat) ខេត្តបុរីរ៉ាំ របស់ថៃ ក៏បានអញ្ជើញអាជ្ញាធរស្រុកបន្ទាយអំពិល ទៅប្រារព្ធពិធីបុណ្យចូលឆ្នាំជាមួយគ្នាដែរ។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា នៅរដូវចូលឆ្នាំថ្មីនេះ គឺអាជ្ញាធរខេត្តឧត្តរមានជ័យ បានសហការជាមួយអាជ្ញាធរថៃ ខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ឱ្យកងកម្លាំងការពារព្រំដែនទាំងសងខាងនៅតាមចំណុចខ្លះ អាចចូលរួមលេងកម្សាន្តជាមួយគ្នា ចំណែកប្រជាពលរដ្ឋទាំងសងខាងក៏បើកឱ្យចេញចូលព្រំដែនដោយសេរី ដើម្បីធ្វើបុណ្យទាន៖ «សម្រាប់ប្រជាពលរដ្ឋទាំងសងខាងចូលមករាំលេងតាមធម្មតា។ គាត់ចូលមកលេងយើងនៅរមណីយដ្ឋានមួយណាក៏បាន ឱ្យតែនៅក្នុងខេត្តឧត្តរមានជ័យ»។
អាជ្ញាធរខេត្តឧត្តរមានជ័យ អះអាងថា រយៈពេល ២-៣ឆ្នាំមកនេះ អាជ្ញាធរខ្មែរជាមួយនឹងខេត្តស៊ីសាកេត ខេត្តសុរិន្ទ របស់ថៃ តែងតែធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃ ព្រមទាំងធ្វើពិធីស្រោចទឹកជាមួយគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលថៃ ហៅថា វ៉ាន់ ស៊ុងក្រាន (Wan Songkran) នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សន្តិសុខខណ្ឌដូនពេញរងការចោទថាប៉ុនប៉ងវាយសម្លាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់
-
អាជ្ញាធរត្រៀមកម្លាំងសន្តិសុខ៦ពាន់នាក់សម្រាប់ការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
-
អាជ្ញាធរខេត្តបាត់ដំបងរៀបចំពិធីប្រគំតន្ត្រីរយៈពេល៥ថ្ងៃស្វាគមន៍ឆ្នាំថ្មី
-
ពលរដ្ឋនៅខេត្តកំពង់ធំប្ដឹងទាហានម្នាក់ថាបានបាញ់ឱ្យរងរបួសធ្ងន់
-
ប្រជាការពារភូមិនៅស្រុកមេមត់គ្រោងប្ដឹងទាហានដែលបាញ់ធ្លុះប្រអប់ជើងស្ដាំ
-
មេប៉ុស្តិ៍ឃុំចន្ទ្រាខេត្តស្វាយរៀងរងការចោទថាបាញ់កាំភ្លើងត្រូវជើងយុវជនម្នាក់
-
របាយការណ៍៖ កម្ពុជាមានអត្រាកំណើនឆាប់រហ័សបំផុតលើការអភិវឌ្ឍមនុស្សក្នុងតំបន់
-
ពលរដ្ឋស្នើឲ្យរដ្ឋាភិបាលឬក្រុមហ៊ុនចិនសង់ផ្លូវជាតិលេខ៥១ប្រកបដោយគុណភាព
-
អាជ្ញាធរឃុំនៅកំពង់ឆ្នាំងរងការចោទថាមិនសហការជាមួយមន្ត្រីជំនាញចុះពង្រាបដីស្រែជូនកសិករ