ដោយ ហ៊ុំ ចំរើន
2017-04-12
RFA

បុគ្គលិករោងចក្រផលិតហាដឌីស (Hard Disk) កុំព្យូទ័រឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន (SC WADO COMPONENT) នៅក្រុងប៉ោយប៉ែត សម្រាកព្យាបាលនៅមន្ទីរពេទ្យ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។ Photo Provided
![]()
មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ សម្រេចឲ្យរោងចក្រផលិតហាដឌីស (Hard Disk) កុំព្យូទ័រឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន (SC WADO COMPONENT) នៅក្រុងប៉ោយប៉ែត ផ្អាកដំណើរការបណ្ដោះអាសន្ន។ កាលពីយប់ថ្ងៃទី១១ មេសា ធុងហ្គាស៍នៅក្នុងរោងចក្រនេះបានផ្ទុះធ្វើឲ្យចំហាយទៅប៉ះបុគ្គលិក បណ្ដាលឲ្យមនុស្ស ៧នាក់រងរបួសធ្ងន់ និងស្រាល។
មន្ត្រីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី១២ មេសា បានចុះស្រាវជ្រាវដល់ទីកន្លែងភ្លាមៗក្រោយពីទទួលដំណឹងផ្ទុះធុងហ្គាស៍នៅរោងចក្រផលិតហាដឌីសកុំព្យូទ័រឈ្មោះ អេសស៊ី វ៉ាដូ ខឹមផូណិន បណ្ដាលឲ្យមនុស្សរងរបួសជាច្រើននាក់។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក រស់ សារុំ ឲ្យដឹងនៅថ្ងៃទី១២ មេសា ថា ក្រោយពីសមត្ថកិច្ចជំនាញស្រាវជ្រាវពេញមួយព្រឹក រកឃើញថា រោងចក្រមួយនេះបានធ្លាយធុងហ្គាស៍មួយកន្លែងចេញពីឡ ហើយចំហាយហ្គាស៍បានជះទៅចំបុគ្គលិកក្នុងរោងចក្រ បណ្ដាលឲ្យរលាករងរបួសធ្ងន់ចំនួន ៤នាក់ ក្នុងនោះមានជនជាតិឥណ្ឌា ម្នាក់ និងរបួសស្រាល ៣នាក់ កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១១ មេសា។
លោកបន្ថែមថា ខាងមន្ទីរការងារខេត្ត បានសម្រេចឲ្យក្រុមហ៊ុនមួយនេះផ្អាកដំណើរការមួយរយៈពេល ដើម្បីជួសជុលសម្ភារខូចខាតឲ្យបានល្អ និងធានាគុណភាព ទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ៖ «ព្រោះយើងខ្លាចប៉ះពាល់អាយុរបស់ប្អូនយើង ហើយយើងមិនអាចប្រហែសបានទេ។ គាត់លើកឡើងដោយគិតថា ពួកគាត់យកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះពួកបច្ចេកទេសខាងវិស្វកររបស់ជនជាតិជប៉ុន គេខ្លាំងៗណាស់ ប៉ុន្តែវាហាក់ដូចជាចៃដន្យយ៉ាងម៉េចមិនដឹង។ យើងអាចគិតថាមកពីកម្ដៅព្រះអាទិត្យវាខ្លាំងផង ឬក៏វាបូកផ្សំធាតុអាកាសកម្ដៅឡលាយជាតិលោហៈក៏មិនដឹង»។
អាស៊ីសេរី ពុំអាចទាក់ទងតំណាងក្រុមហ៊ុន អេសស៊ី វ៉ាដូ ខឹមផូណិន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ មេសា ដោយទូរស័ព្ទចូលជាច្រើនលើក តែពុំមានអ្នកទទួល។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បញ្ហានេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យរោងចក្រដំណើរការដោយមិនបានត្រួតពិនិត្យឧបករណ៍ប្រើប្រាស់ក្នុងរោងចក្រឲ្យបានត្រឹមត្រូវ៖ «អ៊ីចឹងរាល់អ្វីដែលកើតឡើងនៅក្នុងដែនដីរបស់ខ្លួន អាជ្ញាធរត្រូវតែដឹងទាំងអស់ ព្រោះដោយសារអ្នកដែលទាក់ទងនឹងហ្គាស៍ផ្ទុះ និងទៅលើគុណភាពទាំងឡាយនោះ គឺខ្លួនព្រួយបារម្ភភ័យខ្លាចប៉ះពាល់ប្រជាពលរដ្ឋរបស់ខ្លួន ខ្លាចការនាំចូលគ្មានគុណភាព គ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់អីជាដើមនោះ គឺអាជ្ញាធរត្រូវតែដឹង»។
បច្ចុប្បន្ន អ្នករងរបួស ៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអ៊ិមមើជេនស៊ី (Emergency) ខេត្តបាត់ដំបង។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក រស់ សារុំ អះអាងថា ខាងក្រុមហ៊ុនជាអ្នកទទួលខុសត្រូវលើការចំណាយថវិកាព្យាបាលអ្នករងរបួសរហូតជាសះស្បើយ ហើយលោកថា ខាងមន្ទីរបានបញ្ជូនក្រុមការងាររបស់ខ្លួនចុះតាមដាននៅជាប់ជាមួយអ្នកជំងឺដល់ទីកន្លែង។ រោងចក្ររបស់ជប៉ុន មួយនេះ មានទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានបើកដំណើរការរបស់ខ្លួនជិត ៤ឆ្នាំហើយ និងមានកម្មករជាង ៦០០នាក់កំពុងបម្រើការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សហជីពនៅតែចង់ដឹងពីមូលហេតុផ្ទុះឡចំហាយក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់
-
ឡចំហាយដែលផ្ទុះសម្លាប់មនុស្ស២នាក់និងរបួស៤នាក់ត្រូវបានបិទបណ្ដោះអាសន្ន
-
នគរបាលខេត្តកំពង់ឆ្នាំងមិនទាន់អាចសន្និដ្ឋានករណីផ្ទុះកាំជ្រួចបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើសមយុទ្ធជួយសង្គ្រោះពេលធ្លាក់យន្តហោះ
-
២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនមានករណីអគ្គិភ័យ៥លើកនិងគ្រោះថ្នាក់ចរាចរណ៍៣៨លើក
-
ភ្លើងឆេះតូបលក់ដូររបស់អាជីវករនៅឆ្នេរអូរត្រេះចំនួន៥តូប
-
ភ្លើងឆេះតូបលក់ដូរអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃអស់២តូប
-
សមត្ថកិច្ចរកឃើញសពក្មេងប្រុសទី៣ដែលសង្ស័យថាលង់ទឹកឆ្នេរកោះទ្រង់
-
សមត្ថកិច្ចរកឃើញសាកសពសិស្សសាលា២នាក់ ក្នុងចំណោម៣នាក់ដែលបាត់ខ្លួន