ដោយ យ៉ង ចាន់តារា
2017-04-12
RFA

គណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ និងមន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ចុះពិនិត្យបង្គោលព្រំសីមាសហគមន៍ដែលត្រូវបានគេលួចដកចេញពីទីតាំងដើម និងដីព្រៃសហគមន៍ដែលរងការឈូសទន្ទ្រានហ៊ុមព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិឯកជន នៅស្រុកឈូក ខេត្តកំពត។ រូបថតថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដោយ យ៉ង ចាន់តារា (RFA/Yang Chandara)
![]()
គណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត សម្ដែងក្តីព្រួយបារម្ភចំពោះអនាគតនៃសហគមន៍ព្រៃឈើមួយនេះ ក្រោយពេលបុគ្គលមានលុយ និងមានអំណាចមួយចំនួន បានដាំដំណាំ និងពង្រីកការរុករានទន្ទ្រានដីបន្ថែមទៀត ដោយគ្មានខ្លាចរអែង។ ពួកគាត់អំពាវនាវដល់សមត្ថកិច្ចជំនាញព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋនេះកុំឲ្យរីករាលដាលតទៅមុខទៀត។
ប្រធានគណៈកម្មការសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ លោក ម៉ម ផាត បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ ខែមេសា ថា ការដាំដុះដំណាំលើដីព្រៃដែលរងការឈូសឆាយ និងសកម្មភាពឈូសរានទន្ទ្រានដីព្រៃសហគមន៍ជាបន្តបន្ទាប់នេះ កម្រើកឡើងកាន់តែខ្លាំង ក្រោយពេលអយ្យការអមសាលាដំបូងខេត្តកំពត សម្រេចតម្កល់បណ្ដឹងរបស់គណៈកម្មការសហគមន៍ទុកឥតចាត់ការ។
លោកព្រួយបារម្ភថា ព្រៃសហគមន៍នេះអាចប្រឈមនឹងការបាត់បង់ បើសិនជាមិនមានការជួយអន្តរាគមន៍ពីមន្ត្រីសមត្ថកិច្ចជំនាញ ព្រោះសព្វថ្ងៃ ខាងគណៈកម្មការសហគមន៍កំពុងបាក់ទឹកចិត្ត ដ្បិតបំពេញការងារនេះដោយស្ម័គ្រចិត្ត ហើយកង្វះមធ្យោបាយគ្រប់យ៉ាងដើម្បីការពារព្រៃនេះ៖ «»។
លោក ម៉ម ផាត បញ្ជាក់ថា គណៈកម្មការសហគមន៍បានរាយការណ៍អំពីបទល្មើសនេះជាច្រើនលើកច្រើនសាទៅកាន់រដ្ឋបាលព្រៃឈើខេត្ត ប៉ុន្តែមិនដែលឃើញអង្គភាពជំនាញនេះចុះទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើសនោះឡើយ៖ «»។
ទាក់ទងរឿងនេះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត លោក ជួន សារ៉ា មិនធ្វើអត្ថាធិប្បាយអ្វីទេ ដោយលោកបញ្ជាក់ថាកំពុងជាប់ប្រជុំ។
សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះមានផ្ទៃដី ១.៦៦២ហិកតារ ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ រួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជា ព្រៃឈើ និងព្រៃឫស្សី ជាដើម។ សហគមន៍ព្រៃឈើមួយនេះ គឺជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលរស់នៅក្នុងភូមិស្រកានាគ ភូមិត្រពាំងរុន ភូមិត្រពាំងក្តី និងភូមិជ័យសេនា នៃឃុំតាកែន ស្រុកឈូក ខេត្តកំពត។
គណៈកម្មការសហគមន៍អះអាងថា ចាប់តាំងពីឆ្នាំ២០០៦ មក ព្រៃសហគមន៍នេះបានរងការកាប់រុករានទន្ទ្រានយកដីជាបន្តបន្ទាប់ រហូតដល់រាប់រយហិកតារ ហើយក្រោយមកនៅដើមឆ្នាំ២០១៦ គណៈកម្មការសហគមន៍បានដាក់ពាក្យប្ដឹងបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នេះ ក៏ប៉ុន្តែបណ្ដឹងនេះត្រូវបានតម្កល់ទុកឥតចាត់ការដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខៃ សម្ផស្ស នៅដើមឆ្នាំ២០១៧ នេះ។
ទោះជាបែបនេះក្តី គណៈកម្មការសហគមន៍ដោយមានការចូលរួម និងជួយជ្រោមជ្រែងផ្នែកច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានសម្រេចប្ដឹងឧទ្ធរណ៍នឹងដីកាតម្កល់រឿងទុកឥតចាត់ការនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលជាភាគីដើមបណ្ដឹងម្នាក់ដែរជាមួយគណៈកម្មការសហគមន៍នោះ ថ្លែងថា ព្រៃសហគមន៍បានរងការកាប់រានកាន់តែខ្លាំង ដោយកន្លែងខ្លះដែលពីមុនមានសុទ្ធតែព្រៃ ឥឡូវនេះប្រែជាវាលរហោស្ថាន និងខ្លះមានដំណាំដាំដុះលើនោះទៅវិញ។ លោកថា នេះជាភាពឆកល្វែងមួយរបស់សមត្ថកិច្ចជំនាញ ដែលបណ្ដែតបណ្តោយឲ្យបទល្មើសឧក្រិដ្ឋនេះកើតមានកាន់តែខ្លាំង៖ «»។
លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា លោកកំពុងរៀបចំបណ្ដឹងបរិហារចំនួន៤ ដាច់ដោយឡែកពីគ្នា ដើម្បីដាក់ពាក្យប្ដឹងសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងឡាយណាដែលបណ្ដែតបណ្តោយឲ្យបទល្មើសព្រៃឈើនេះកើតឡើង ហើយការដាក់បណ្ដឹងនេះនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋដែលជនប្រព្រឹត្តិល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀលទៅ ១៥០លានរៀល។ ចំណែកមន្ត្រីពាក់ព័ន្ធណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ឬ/និង ត្រូវចោទប្រកាន់ចំពោះមុខតុលាការ។ ហើយបើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តិបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួកគេក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
គណៈកម្មការសហគមន៍ព្រៃឈើភ្នំទទឹងខេត្តកំពតរងការគំរាមកំហែងរឿងការពារព្រៃឈើ
-
សហគមន៍ព្រៃឡង់សង្ស័យមន្ត្រីបរិស្ថានទទួលប្រយោជន៍ពីការដឹកជញ្ជូនឈើខុសច្បាប់
-
សង្គមស៊ីវិលគ្មានជំនឿថាសមត្ថកិច្ចអាចរកអ្នកពាក់ព័ន្ធករណីរថយន្តដឹកឈើ២គ្រឿង
-
ពលរដ្ឋខែត្រត្បូងឃ្មុំថាការចរាចរឈើប្រណិតទៅវៀតណាមនៅតែបន្តកើតមាន
-
ជនជាតិដើមភាគតិចកួយខែត្រស្ទឹងត្រែងថាបទល្មើសព្រៃឈើកើតមានច្រើន
-
វៀតណាម៧នាក់ទៀតនិងខ្មែរ២នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទកាប់ឈើដោយខុសច្បាប់
-
សហគមន៍ខេត្តកំពង់ធំថាព្រៃសហគមន៍អូរតាគង់រងការកាប់បំផ្លាញរៀងរាល់យប់
-
មន្ត្រីសង្គមស៊ីវិលអំពាវនាវឲ្យចាត់វិធានការម៉ឺងម៉ាត់លើវៀតណាមចូលកាប់ឈើក្នុងដីខ្មែរ
-
ពលរដ្ឋខែត្រស្ទឹងត្រែងស្វែងរកអន្តរាគមន៍ជួយទប់ស្កាត់ការទន្ទ្រានកាប់ដើមឈើផលិតជ័រទឹក
