ដោយ ខែ សុណង
2017-04-21
RFA

ជនត្រូវចោទ ជួប សម្លាប់ ដែលគេស្គាល់ឈ្មោះពិតថា អឿត អាង ពេលនាំចេញក្រោយសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ សម្រេចប្ដឹងសាលាឧទ្ធរណ៍ដើម្បីជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
មេធាវីការពារក្ដីឲ្យពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ បានអះអាងថា កូនក្ដីរបស់ខ្លួនយល់ថា ការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត គឺជាទោសដ៏ធ្ងន់ធ្ងរមិនអាចឲ្យគេមានឱកាសកែប្រែខ្លួន។
មេធាវីការពារក្ដីឲ្យ ជួប សម្លាប់ គឺលោក យុង ផានិត មានប្រសាសន៍នៅថ្ងៃទី២១ ខែមេសា ថា លោកបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍កាលពីថ្ងៃទី២០ ខែមេសា តាមសំណើរបស់កូនក្ដី។ លោកមេធាវីអះអាងថា កូនក្ដីលោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់ស្ថានសម្រាលទោសដល់រូបគេ៖ «គាត់ថាតុលាការដាក់ទោសគាត់ធ្ងន់ពេក រហូតអស់មួយជីវិត គាត់ចង់បានស្ថានសម្រាលខ្លះពីតុលាការដើម្បីពេលអនុវត្តទោសអស់ទៅគាត់កែប្រែខ្លួនចូលរស់នៅក្នុងសង្គមវិញ»។
កាលពីថ្ងៃទី២៣ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពិរុទ្ធជន អឿត អាង ហៅ ជួប សម្លាប់ ពីបទឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធដោយខុសច្បាប់តាមក្រមព្រហ្មទណ្ឌ ហើយសម្រេចផ្ដន្ទាទោសអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។
ជុំវិញហេតុផលនៃការប្ដឹងឧទ្ធរណ៍នេះ លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតរបស់អង្គការលីកាដូ (Licadho) យល់ថា ចំពោះក្របខ័ណ្ឌច្បាប់ ជួប សម្លាប់ ក៏ដូចជាជនគ្រប់រូបមានសិទ្ធិប្ដឹងជំទាស់ទៅតុលាការជាន់ខ្ពស់ចំពោះការសម្រេចក្ដីរបស់តុលាការថ្នាក់ក្រោម។
លោកបន្តថា អ្វីដែលសំខាន់នោះគឺតុលាការគួរតែធ្វើការស្រាវជ្រាវបន្ថែមករណីមួយចំនួននៅមានភាពមន្ទិលនៅក្នុងការកាត់ក្ដីនេះ៖ «រឿងនេះវាមិនមែនបញ្ចប់ត្រឹមតែការកាត់ទោស ជួប សម្លាប់ នេះទេ ត្រូវរកជនពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់នេះយកមកផ្ដន្ទាទោសទៀតទើបផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសាររងគ្រោះ និងជាការបង្ហាញថា ប្រព័ន្ធយុត្តិធម៌ធ្វើឲ្យពលរដ្ឋមានភាពជឿជាក់»។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតក្នុងហាងទំនិញស្តារម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរស្តុបបូកគោ ក្នុងខណ្ឌចំការមន។ ក្រោយបាញ់សម្លាប់ គឺមានជនជាប់ចោទឈ្មោះ ជួប សម្លាប់ តែម្នាក់ប៉ុណ្ណោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយហ៊ានសារភាពនៅក្នុងសវនាការថា គឺជាអ្នកបាញ់សម្លាប់លោក កែម ឡី ក្នុងហេតុផលតែមួយគត់គឺរឿងជំពាក់លុយ៣ពាន់ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រុមយុវជនគ្រោងបោះពុម្ពពាក្យទូន្មានរបស់បណ្ឌិត កែម ឡី ៤០០ផ្ទាំងទៀតជូនពលរដ្ឋ
-
គ្រួសារអ្នកដែលត្រូវឃាតកបាញ់សម្លាប់បួងសួងរកយុត្តិធម៌ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី
-
មន្ត្រី៖ ចៅក្រមស៊ើបសួរកំពុងបន្តចាត់ការអ្នកពាក់ព័ន្ធក្នុងសំណុំរឿងក្ដីលោក កែម ឡី
-
ម្តាយបណ្ឌិត កែម ឡី ថាសាលក្រមរបស់តុលាការមិនទាន់ផ្តល់យុត្តិធម៌ពេញលេញដល់ក្រុមគ្រួសារ
-
ម្ដាយ ជួប សម្លាប់ ស្នើតុលាការស៊ើបអង្កេតសំណុំរឿងបណ្ឌិត កែម ឡី ឡើងវិញ
-
អង្គការសិទ្ធិមនុស្សអន្តរជាតិធំៗស្នើអាជ្ញាធរខ្មែរបន្តស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី
-
បទវិភាគ៖ តើ ជួប សម្លាប់ ជាឃាតកតែម្នាក់គត់បាញ់សម្លាប់បណ្ឌិត កែម ឡី ឬយ៉ាងណា?
-
តុលាការនឹងប្រកាសសាលក្រមរឿងឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី២៣មីនា
-
សមត្ថកិច្ចនាំខ្លួនក្រុមយុវជនដែលបម្រុងចាក់បញ្ចាំងវីដេអូឃាតកម្មបណ្ឌិត កែម ឡី ទៅសួរនាំ
-
យុវជនមួយក្រុមគ្រោងបញ្ចាំងវីដេអូរបស់ទូរទស្សន៍បរទេសស្ដីអំពីឃាតកម្មបណ្ឌិត កែម ឡី