ដោយ ស្រី សុភ័ក្រ្ត
23/04/2017
RFI

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដឹកនាំ ការហែក្បួនអបអរទិវាពលកម្មអន្តរជាតិ កាលពីឆ្នាំកន្លងមក។ @Google
ក្នុងថ្ងៃទី១ ខែឧសភា ខាងមុខ សហភាពការងារកម្ពុជា មានគម្រោងជួបជុំសមាជិកជាង ៣០០០នាក់ ដង្ហែក្បួនចេញពី សួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឆ្ពោះទៅកាន់ រដ្ឋសភា ដើម្បីអបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣១។ ក៏ប៉ុន្តែសាលារាជធានីភ្នំពេញ បានច្រានចោលសំណើនេះ ហើយបានណែនាំឲ្យ សហភាពការងារកម្ពុជា រៀបចំពិធីអបអរ នៅតាមទីស្នាក់ការសហជីព ឬទីកន្លែងឯកជនណាមួយដោយមិនមានការដង្ហែក្បួនវិញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា នៅថ្ងៃទី០១ ឧសភា ខាងមុខ សហភាពការងារកម្ពុជា នឹងរៀបចំកម្មវិធីហែក្បួនដ៏ធំមួយ ចេញពី សួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (វត្តភ្នំ) ឆ្ពោះទៅកាន់ រដ្ឋសភា ដើម្បី អបអរ ទិវាពលកម្មអន្តរជាតិ និងជួបជុំគ្នាថ្លែងសារ ដឹងគុណចំពោះ បុព្វបុរស កម្មករ សហជីព ដែលបានបូជាជីវិត ចំពោះវិស័យការងារនៅកម្ពុជា ព្រមទាំងបង្ហាញពីទុក្ខកង្វល់របស់ កម្មករ ទៅដល់ សភា និងរាជរដ្ឋាភិបាលកម្ពុជា។
លោក អាត់ ធន់ បន្ថែមថា ក្នុងឆ្នាំ២០១៧នេះ សមាជិក សហភាពការងារកម្ពុជា ដែលមកពីវិស័យកាត់ដេរ ទេសចរ ដឹកជញ្ជូន សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម សរុប ជាង ៣០០០នាក់ នឹងរួមគ្នាប្រារព្ធពិធីនេះឡើងវិញ។ លោក បញ្ជាក់ថា សហភាពការងារកម្ពុជា បានជូនដំណឹងទៅ សាលាក្រុង តាំងពីថ្ងៃទី១០ ខែមេសា មកម៉្លេះ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំង នៅថ្ងៃអាទិត្យនេះថា ការជួបជុំគ្នានៅតាមសួនច្បារ និងដង្ហែក្បួន ដែលមានមនុស្សច្រើនទ្រង់ទ្រាយធំ របស់ សហភាពការងារកម្ពុជា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើសកម្មភាពទេ។ សាលាក្រុងភ្នំពេញ បានណែនាំឲ្យ សហភាពការងារកម្ពុជា រៀបចំ ពិធីអបអរសាទរ នៅតាមទីស្នាក់ការរបស់ខ្លួន ឬទីកន្លែងឯកជនណាមួយ ដែលមិនមានការដង្ហែក្បួន។
ដោយឡែក លោក ហេង សួរ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា នៅថ្ងៃទី០១ ឧសភា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំអបអរសាទរ ដូចឆ្នាំមុនដែរ រួមមាន ពិធីជួបជុំ ថា្នក់ដឹកនាំក្រសួង អង្គការវិជ្ជាជីវៈ សហជីព សមាគមនិយោជក ដើម្បីពិភាក្សាគ្នារកចំណុចប្រឈម នៃវិស័យការងារនៅកម្ពុជា។ ហើយនៅពេលល្ងាច មានរៀបចំ កម្មវិធីប្រកួត សម្រស់ឯកផ្នែកវាយនភណ្ឌឆ្នាំ២០១៧ នៅទីស្តីការក្រសួង ដែលរំពឹងថា នឹងមានអ្នកចូលរួម សរុប ៤៥០នាក់។ លោក បន្ថែមថា ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ខាងមុខ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានគម្រោងជួបជាមួយ កម្មករនិយោជិត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពី ជំនួបប្រចាំឆ្នាំ រវាង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនឹងក្រសួងការងារ សហជីព កម្មករ និយោជិត នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី២៣ មេសានេះ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស គិតត្រឹមឆ្នាំ២០១៦ មានជាង ១លាន១សែន៥ម៉ឺននាក់ ហើយពលករទាំងអស់នេះ បានផ្តល់ប្រាក់ចំណូលចូលក្នុងប្រទេសប្រមាណ ១.៧ពាន់ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ នៅក្នុងស្រុកឯនេះវិញ រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅតាមច្បាប់នៅកម្ពុជា នាពេលបច្ចុប្បន្នមានចំនួន ១១,១៦៨ គ្រឹះស្ថាន ដោយបានផ្តល់ការងារ ជូនកម្មករ និយោជិតជាង ១.២លាននាក់ ក្នុងនោះមានស្រ្តីជាង ៨៣ម៉ឺននាក់។ ក្នុងចំណោមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនេះ រោងចក្រវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួនសរុប ១,១០៧ គ្រឹះស្ថាន និងមានកម្មករនិយោជិតជាង ៧៤ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាង ៦៤ម៉ឺននាក់។ តម្លៃសរុបនៃការនាំចេញផលិតផលផ្នែក កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង ក្នុងឆ្នាំ២០១៦ មានចំនួនប្រមាណជាង ៧,៣ពាន់លាន ដុល្លារអាមេរិក៕
Don’t ever spend times to talk about that f..king war!!!
Speak of what would you do to the people?