ដោយ ថា កិត្យា
2017-04-23
RFA

សហគមន៍រងគ្រោះក្នុងរឿងដីធ្លីតំបន់បឹងកក់ បានប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth
![]()
សហគមន៍មានជម្លោះដីធ្លីនៅភ្នំពេញ មិនទាន់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំដូចមុននៅឡើយ។ ពលរដ្ឋបឹងកក់លើកមូលហេតុថា ដោយសារជាប់រវល់ ខ្វះថវិកា និងខ្លាចការគំរាមកំហែងរបស់រដ្ឋាភិបាល។ រីឯពលរដ្ឋបុរីកីឡាវិញ ថាពួកគាត់ភាគច្រើនកំពុងធ្លាក់ខ្លួនឈឺ ក្រោយរស់នៅលើគំនរសំរាមជាច្រើនឆ្នាំគ្មានដំណោះស្រាយ។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា អះអាងថា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនេះ ពួកគាត់នៅមិនទាន់សម្រេចធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំនៅឡើយទេ ដោយសារតែជាប់រវល់ ខ្វះថវិកា និងខ្លាចការគំរាមកំហែងរបស់រដ្ឋាភិបាល។
ទោះយ៉ាងណា លោកស្រី បូវ សោភា អះអាងថា ថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍នេះ គឺពួកគាត់គ្រាន់តែពាក់អាវពណ៌ខ្មៅ និងបង្ហោះសារទាមទារឲ្យដោះលែងតំណាងសហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី និងមន្ត្រីអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប ព្រមទាំងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៖ «»។
ក្រុមពលរដ្ឋមានជម្លោះដីធ្លីនៅក្រុងភ្នំពេញ បានសម្រេចផ្អាកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈពេលទៅហើយ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
រីឯតំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន លើកឡើងថា មូលហេតុដែលពួកគាត់សម្រេចធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រឹមជួបជុំគ្នាបង្ហោះសារទាមទារតាមហ្វេសប៊ុក (facebook) នោះ ដោយសារពលរដ្ឋភាគច្រើនដែលរស់នៅលើគំនរសំរាមក្នុងអគារបុរីកីឡាចាស់ កំពុងធ្លាក់ខ្លួនឈឺ ព្រោះបញ្ហាបរិស្ថានស្មោកគ្រោក៖ «»។
ពលរដ្ឋបុរីកីឡាមួយចំនួនដែលមិនទាន់បានដំណោះស្រាយដីធ្លី កំពុងរស់នៅលើគំនរសំរាម។ ពួកគេថា ក្នុងពេលរដូវក្តៅនេះ គំនរសំរាមបានជះក្លិនអសោច ដែលធ្វើឲ្យពិបាករស់នៅ និងប៉ះពាល់ដល់សុខភាព។ ពួកគាត់នៅតែអំពាវនាវឲ្យរដ្ឋាភិបាល ជួយពន្លឿនការដោះស្រាយបញ្ហាសំណងជូនពួកគាត់។
ការខកខានធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានព្រមានថា អ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី អាចប្រឈមនឹងផ្លូវច្បាប់ ប្រសិនបើមានគោលដៅទុច្ចរិតណាមួយដែលល្មើសនឹងច្បាប់។ លើសពីនេះ លោក គឹម សន្តិភាព ប្រតិកម្មនឹងអ្នកបឹងកក់ ដែលបានអំពាវនាវឲ្យមានការចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយបានចាប់យកពាក្យទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ថាជាភាសាខុសច្បាប់ ដោយសំអាងថា ពុំមានអំណាចណាមួយមកបញ្ជាឲ្យតុលាការដោះលែងជនណាឡើយ គឺមានតែអំណាចតុលាការទេដែលអាចសម្រេចថាដោះលែង ជនណាត្រូវមានទោសជាប់ឃុំ។ លោកថា ចំណុចនេះអាចជាទង្វើខុសច្បាប់។
ទោះយ៉ាងណា អ្នកច្បាប់មើលឃើញថា ការអំពាវនាវឲ្យមានការចូលរួមតស៊ូមតិដោយសន្តិវិធី ពុំមែនជាទង្វើខុសច្បាប់ឡើយ។ អ្នកច្បាប់ថា ទាំងក្របខ័ណ្ឌច្បាប់អន្តរជាតិ និងច្បាប់ជាតិ ជាពិសេសរដ្ឋធម្មនុញ្ញ បានធានាសិទ្ធិសេរីភាពពលរដ្ឋក្នុងការជួបប្រជុំ និងសម្ដែងមតិ។ ម្យ៉ាងទៀត ប្រសិនបើគោលដៅរបស់ការតវ៉ាគ្រាន់តែជាការស្វែងរកយុត្តិធម៌ និងទាមទារសេរីភាពសម្រាប់អ្នកជាប់ឃុំ អាជ្ញាធរគួរតែប្រឹងប្រែងរកយុត្តិធម៌សម្រាប់ពួកគេ ដែលមិនគួរភ្ជាប់អ្នកតវ៉ាទៅចលនាផ្ដួលរំលំរដ្ឋាភិបាលឡើយ។
សម្រាប់ពលរដ្ឋមានជម្លោះដីធ្លីក្នុងក្រុងភ្នំពេញ អះអាងថា ថ្វីត្បិតតែពួកគាត់មិនទាន់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅទ្រង់ទ្រាយធំក្តី ក៏ប៉ុន្តែពួកគាត់មិនព្រមបោះបង់ឡើយ រហូតទាល់តែតុលាការដោះលែងអ្នកស្រី ទេព វន្នី មន្ត្រីអាដហុក ៤រូប មន្ត្រី គ.ជ.ប ព្រមទាំងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
យុទ្ធនាការ “ខ្ញុំជាអ្នកទាំង៥” ដើម្បីទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប
-
សង្គមស៊ីវិលនិងអ្នកច្បាប់នៅតែចាត់ទុកថ្ងៃច័ន្ទពណ៌ខ្មៅជាមធ្យោបាយបញ្ចេញមតិ
-
គ្រួសារសោកស្ដាយដែលរដ្ឋាភិបាលមិនដោះលែងមន្ត្រីអាដហុកនិងគ.ជ.បដែលជាប់ឃុំ
-
មន្ត្រីសង្គមស៊ីវិលត្រូវបានតុលាការមិនអនុញ្ញាតឲ្យចូលសួរសុខទុក្ខមន្ត្រីអាដហុកនិងគ.ជ.ប
-
សហគមន៍ខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការស្នើដោះលែងមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.ប
-
សហគមន៍បុរីកីឡានិងបឹងកក់ផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈពេល
-
សហគមន៍បុរីកីឡានិងបឹងកក់សម្រេចផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៨
-
សមត្ថកិច្ចចាប់ខ្លួនស្ត្រីពីរនាក់ដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក្នុងសហគមន៍បុរីកីឡា
-
សហគមន៍បុរីកីឡាប្ដេជ្ញាបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស