ដោយ សាន សែល
2017-04-23
RFA

(ពីឆ្វេង) នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថតរូបនាខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Hang Savyouth
![]()
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) គ្រោងជួបមេដឹកនាំកំពូលៗរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមេសា នៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី។ បន្ទាប់មក លោក ង្វៀន ស៊ុងហ៊្វុក នឹងជួបដាច់ដោយឡែកពីគ្នាជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោក ហេង សំរិន ហើយជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ នាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលថ្វាយបង្គំព្រះសង្ឃរាជ ទេព វង្ស ផងដែរ។
ឆ្នាំ២០១៧ នេះ ជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសកម្ពុជា ជាផ្នែកមួយនៃការអបអរខួបនេះ ហើយវត្តមានរបស់លោក ង្វៀន ស៊ុងហ៊្វុក នៅកម្ពុជា នឹងចូលរួមចំណែកដល់ការលើកកម្ពស់ចំណងការទូតទ្វេភាគីបន្ថែមទៀត។
វៀតណាម ជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជា។ កម្ពុជា និងវៀតណាម រំពឹងថា ការដោះដូរពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងវៀតណាម កាលពីឆ្នាំ២០១៦ មានតម្លៃ ៣ពាន់លានដុល្លារអាមេរិក។
ក្រៅពីគ្រោងជួបមេដឹកនាំកំពូលៗកម្ពុជា លោក ង្វៀន ស៊ុងហ៊្វុក នឹងចូលរួមសម្ពោធស្ពានតភ្ជាប់ព្រៃធំ នៅខេត្តកណ្ដាល និងឡុងប៊ិញ នៅខេត្តអានយ៉ាង។
ភាគីទាំងពីររំពឹងថា នឹងមានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន ប៉ុន្តែក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើផ្នែកអ្វីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
គណៈកម្មការចម្រុះកម្ពុជា-វៀតណាមនឹងបើកកិច្ចប្រជុំស្ដីពីសហប្រតិបត្តិការលើកទី៩
-
នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ពលរដ្ឋនិងពាណិជ្ជករវៀតណាម
-
ប្រធានាធិបតីសិង្ហបុរីផ្ដើមទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅកម្ពុជា
-
ប្រធានាធិបតីសិង្ហបុរីនឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៨មករា
-
ប្រទេសកូរ៉េខាងត្បូងដាក់ស្ថានកុងស៊ុលលើកដំបូងនៅខេត្តសៀមរាប
-
ខុទ្ទកាល័យលោក ហេង សំរិន៖ ទំនាក់ទំនងកម្ពុជា-ចិននឹងឈានដល់ចំណុចកំពូល
-
កម្ពុជាបង្កើនទំនាក់ទំនងនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទីម័រឡេស្តេ
-
រាជរដ្ឋាភិបាលសម្រេចផ្ទេរតំណែងអភិបាលក្រុងបានលុងខេត្តរតនគិរី
-
អាស៊ាន-ចិនបង្ហាញជំហរបន្តពិភាក្សាស៊ីជម្រៅពីបញ្ហាសមុទ្រចិនខាងត្បូង