ដោយ ជិន ជេដ្ឋា
2017-04-23
RFA

ទីតាំងដីមានជម្លោះដែលក្រុមកសិករដាក់ស្លាកលក់ ប៉ុន្តែបច្ចុប្បន្នត្រូវបានអាជ្ញាធរឲ្យដកចេញវិញក្រោយមានសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ ដកហូតដីតំបន់នេះទៅជារបស់សាលាហ្វឹកហ្វឺនគីមីសាស្ត្រវិញ។ រូបថតថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។ Photo Provided
![]()
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ប្រកាសប្រើសិទ្ធិជាពលរដ្ឋខ្មែរដែលរងគ្រោះក្នុងរឿងដីធ្លីមួយរូប ដើម្បីនាំជនរងគ្រោះដូចគ្នាតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែឧសភា ខាងមុខ។ លោក សូនី ថាដីរបស់លោក និងពលរដ្ឋប្រមាណ ២០គ្រួសារទៀត ត្រូវបានក្រសួងការពារជាតិ ចេញ ស.ជ.ណ ដកហូត។
ដីទំហំជាង ១ហិកតារនៅជាប់ផ្លូវជាតិលេខ៥ ក្បែររបងវិទ្យាស្ថានស្រាវជ្រាវគីមីសាស្ត្រ នៃក្រសួងការពារជាតិ ឋិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងមានភាពចម្រូងចម្រាសរវាងក្រសួងការពារជាតិ និងពលរដ្ឋដែលទិញដីពីមន្ត្រីយោធានៅតំបន់នោះ។ ដីដែលកំពុងមានជម្លោះ ផ្ដើមមានការទិញលក់នៅអំឡុងឆ្នាំ២០០៥ ហើយទើបមានបញ្ហានៅឆ្នាំ២០១៦។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ឲ្យដឹងនៅថ្ងៃទី២២ ខែមេសា ថា ការចេញសេចក្ដីជូនដំណឹង ឬ ស.ជ.ណ ដកហូតយកដីពីពលរដ្ឋដោយក្រសួងការពារជាតិ ហាក់មានការឃុបឃិតគ្នាពីអ្នកមានអំណាចនៅក្នុងក្រសួងការពារជាតិ ហើយលោកបារម្ភថា ការដកហូតនោះមិនយកទៅបម្រើឲ្យវិទ្យាស្ថានគីមីសាស្ត្រ តែអាចមានការលក់ដូរបន្តដើម្បីផលប្រយោជន៍បុគ្គល ឬក្រុមណាមួយ៖ «ខ្ញុំសូមបញ្ជាក់ថា រឿងដីដែលខ្ញុំមានប្លង់កម្មសិទ្ធិនេះ វាទាល់តែមានចំណាត់ការពីតុលាការ ទើបវាអាចទទួលយកបាន តាមផ្លូវច្បាប់ ទាល់តែតុលាការសម្រេចថាដីហ្នឹងជារបស់អ្នក? ប៉ុន្តែនេះក្រសួងមានសិទ្ធិអំណាចរឹបអូសយកតែម្ដង។ ខ្ញុំសូមអំពាវនាវទៅនាយករដ្ឋមន្ត្រី ក៏ដូចជាអ្នកដឹកនាំធំៗសូមពិនិត្យករណីទាំងអស់ហ្នឹង។ អ៊ីចឹងបានជាពលរដ្ឋខ្មែររងគ្រោះដោយសាររឿងដីធ្លីដោយសារអ្នកមានអំណាចធ្វើតែអ៊ីចឹង»។
លោក មួង សូនី រំឭកថា រូបលោក និងពលរដ្ឋដាក់លិខិតសុំអន្តរាគមន៍ដោះស្រាយជុំវិញរឿងនេះទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ចំនួនពីរលើក គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៦ មក ប៉ុន្តែពុំមានដំណោះស្រាយអ្វីសោះ។ លោកថា បើនៅតែគ្មានដំណោះស្រាយជុំវិញរឿងនេះ រូបលោកនឹងបបួលមិត្តភ័ក្ដិ និងអ្នករងគ្រោះទៅតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិញម្ដង។
អាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បាននៅឡើយទេ នៅថ្ងៃទី២២ ខែមេសា ដោយលោកប្រាប់ថាកំពុងជាប់រវល់ ហើយសូមឲ្យផ្ញើសំណួរតាមសារអេឡិចត្រូនិក។
ទោះជាយ៉ាងណា នៅក្នុង ស.ជ.ណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ របស់អគ្គលេខាធិការដ្ឋាននៃក្រសួងការពារជាតិ បានសម្រេចលើបញ្ហាដីធ្លីនៅតំបន់ដែលកំពុងមានជម្លោះនេះចំនួន ៨ចំណុច។ នៅក្នុងចំណុចទី១ ក្រសួងបានសម្រេចដកហូតដីទំហំជាង ១ហិកតារនៅមុខវិទ្យាស្ថានដែលលោក ជ័យ សុន បែងចែកដោយគ្មានការអនុញ្ញាតពីថ្នាក់លើ មកជារបស់វិទ្យាស្ថានស្រាវជ្រាវគីមីសាស្ត្រវិញ។
នៅចំណុចទី១ នេះហើយ ដែលធ្វើឲ្យពលរដ្ឋ និងលោក មួង សូនី ក្លាយជាអ្នករងគ្រោះ ក្រោយពីទិញដីនោះដោយមានការទទួលស្គាល់ដោយអាជ្ញាធរភូមិ–ឃុំ និងភូមិបាលស្រុក ប៉ុន្តែពុំទាន់មានប្លង់រឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សហគមន៍ឡពាងខេត្តកំពង់ឆ្នាំងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា
-
ពលរដ្ឋរស់នៅលើដីមាត់ទន្លេខេត្តកំពង់ឆ្នាំងបារម្ភគ្មានទីលំនៅពិតប្រាកដ
-
សហគមន៍ឡពាងខេត្តកំពង់ឆ្នាំងតវ៉ាជាថ្មីឲ្យមានដំណោះស្រាយជម្លោះដីធ្លី
-
ជម្លោះដណ្ដើមកាន់កាប់ដីដែលមិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់នៅខេត្តកំពង់ឆ្នាំង
-
សមត្ថកិច្ចខេត្តកំពង់ឆ្នាំងព្រមានចាប់អ្នកលួចឈូសឆាយដីព្រៃបញ្ជូនទៅតុលាការ
-
តំណាងសហគមន៍ព្រៃឈើខេត្តកំពង់ឆ្នាំងប្រតិកម្មនឹងអាជ្ញាធរនិងអ្នករំលោភកាន់កាប់ដីរដ្ឋ
-
តំណាងសហគមន៍នៅខេត្តកំពង់ឆ្នាំងថាដីព្រៃប្រមាណ១០០ហិកតារត្រូវបានគេឈូសឆាយ
-
អ្នកភូមិចុងកោះខេត្តកំពង់ឆ្នាំងបារម្ភបាត់បង់ផ្ទះដោយសារគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេ