ដោយ ឡេង ម៉ាលី
2017-04-24
RFA

ក្រុមអ្នកភូមិមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ ដាក់ញត្តិដាក់នៅព្រះបរមរាជវាំង ដើម្បីរកអន្តរាគមន៍ពីព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ RFA/Leng Maly
![]()
ក្រុមអ្នកភូមិមានបញ្ហាដីធ្លីប្រមាណ ៣០នាក់មកពីសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ នាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង ដើម្បីរកអន្តរាគមន៍ពីព្រះមហាក្សត្រ នៅថ្ងៃទី២៤ មេសា។ មានតំណាង ៤រូបប៉ុណ្ណោះដែលអាជ្ញាធរសន្តិសុខអនុញ្ញាតឲ្យចូលដាក់ញត្តិ។
តំណាងក្រុមប្រជាពលរដ្ឋមានបញ្ហាដីធ្លី ៤រូបដែលតំណាងឲ្យសហគមន៍ដីធ្លី៤ ត្រូវបានអនុញ្ញាតឲ្យយកញត្តិទៅដាក់ជូនមន្ត្រីក្រសួងព្រះបរមរាជវាំង។
តំណាងសហគមន៍អតីតបណ្ដាញស្ត្រីបឹងកក់ កញ្ញា អ៊ឹម ស្រីទូច ថ្លែងនៅព្រឹកថ្ងៃទី២៤ មេសា ថា មូលហេតុដែលនាំឲ្យអ្នកភូមិមកព្រះបរមរាជវាំង ព្រោះព្រះមហាក្សត្រធ្លាប់អន្តរាគមន៍ដោះលែងអ្នកបឹងកក់ជាប់ឃុំម្ដងកន្លងទៅ៖ «យើងមកដាក់ញត្តិជូនព្រះមហាក្សត្រនេះ ដើម្បីសុំឲ្យព្រះមហាក្សត្រហ្នឹងជួយអន្តរាគមន៍ទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលោកជួយដោះស្រាយបញ្ចប់រឿងបឹងកក់ បុរីកីឡា អេស.អូ.អេស ហើយនិងដោះលែងសកម្មជនសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប លោក នី ចរិយា មួយរូប និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី»។
ពលរដ្ឋដែលមករកអន្តរាគមន៍ពីព្រះមហាក្សត្រនេះ គឺពលរដ្ឋជាអតីតអ្នកសហគមន៍បឹងកក់ សហគមន៍បុរីកីឡា ៣មករា សហគមន៍ព្រលានយន្តហោះ អេស.អូ.អេស (SOS) និងអ្នកបឹងកក់ ៧គ្រួសារដែលនៅមិនទាន់ទទួលបានដំណោះស្រាយ។ ករណីនៅបឹងកក់ សាលារាជធានីភ្នំពេញបានដាក់ឱសានវាទ ១ខែ គឺចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែមេសា ដើម្បីឲ្យអ្នកភូមិដែលសេសសល់ ទទួលយកដីសម្រេចប្រគល់ឲ្យ។ ប៉ុន្តែអ្នកភូមិមិនទទួលយកការដោះស្រាយនេះ ព្រោះដីតូចជាង ១០% នៃដីធ្លាប់កាន់កាប់។ ពួកគាត់ចង់បានដីទំហំ ៥៣% ទើបយល់ព្រម។
រដ្ឋបាលរាជធានីភ្នំពេញកំណត់ថា បើអ្នកភូមិមិនទទួលយកការសម្រេចនេះ ហើយហួសកំណត់រយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ពិនិត្យដោះស្រាយ ឬទទួលខុសត្រូវការបាត់បង់ផលប្រយោជន៍អ្នកបឹងកក់ទៀតឡើយ។
អ្នកបឹងកក់មួយរូបក្នុងចំណោមអ្នកបឹងកក់នៅសេសសល់ ៧គ្រួសារ គឺលោកស្រី ហុង សុខខេង មានប្រសាសន៍ថា លោកស្រីមិនចាប់អារម្មណ៍នឹងថ្ងៃឱសានវាទមកដល់ ដែលរដ្ឋបាលសាលារាជធានីភ្នំពេញកំណត់នោះទេ៖ «ចប់ៗទៅ គាត់ឱសានវាទតែកាត់ទេតើ! ប្រជាពលរដ្ឋ អត់ទាន់ផ្ដិតមេដៃផងហ្នឹង»។
កាលពីថ្ងៃទី១៩ មេសា មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញមិនទាន់មានដំណោះស្រាយអ្វីផ្សេងពីនេះទេ។
អ្នកបឹងកក់មានបញ្ហាដីធ្លីជិត ១០ឆ្នាំ ពេលដែលរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីទំហំ ១១៤,៤១ហិកតារទៅឲ្យក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) សម្រាប់អភិវឌ្ឍ។ រដ្ឋាភិបាលក៏សម្រេចផ្ដល់ដីទំហំ ១២,៤៤ហិកតារទៅឲ្យពលរដ្ឋ។ ប៉ុន្តែអ្នកភូមិ ៧គ្រួសារនៅមិនទាន់បានដំណោះស្រាយនៅឡើយ។
ចំណែកឯសហគមន៍បុរីកីឡាមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ផាន អ៊ីមិច (PHAN IMEX) ហើយពួកគាត់មួយចំនួនត្រូវបានបណ្ដេញចេញដោយបង្ខំឲ្យទៅនៅជាយក្រុង។ ពួកគាត់ទាមទារសំណងសមរម្យពីការបាត់បង់លំនៅឋាននេះ។
អ្នកភូមិមានបញ្ហាដីធ្លីទាំងនេះ តែងនាំគ្នាដាក់ញត្តិតវ៉ា និងរកអន្តរាគមន៍ពីក្រសួងស្ថាប័ននានាអស់រយៈពេលជិត ១០ឆ្នាំហើយ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី កំពុងជាប់ពន្ធនាគារ ក៏មានដើមហេតុពីជម្លោះដីធ្លីនេះដែរ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីរដ្ឋបាលក្រសួងព្រះបរមរាជវាំង លោក អ៊ិត សុធា ដែលចេញមកទទួលញត្តិរបស់អ្នកភូមិទាំងនេះ សន្យាថា លោកនឹងបញ្ជូនញត្តិនេះទៅអ្នកដឹកនាំក្រសួង ដើម្បីចាត់ចែង។
ក្រុមអ្នកភូមិបានរំសាយគ្នាវិញ ហើយថារង់ចាំដំណឹងរហូតដល់ថ្ងៃពុធ ទី២៦ មេសា មុននឹងចេញតវ៉ាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកជ្រោយចង្វារស្នើសុំលោក ជា សុផារ៉ា ជួយអន្តរាគមន៍ឆ្វៀលដីចេញពីតំបន់អភិវឌ្ឍន៍
-
សង្គមស៊ីវិលគាំទ្រគម្រោងចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនពលរដ្ឋមានដីនៅឃុំវិញបឹងព្រែកទប់
-
ចៅអធិការវត្តមួយនៅខេត្តកំពង់ឆ្នាំងរងការចោទថាបានរំលោភយកដីពលរដ្ឋ
-
អ្នកការពារព្រៃឈើនៅឧត្ដរមានជ័យចោទអង្គភាពយោធាយកដីជួលឱ្យអ្នកធ្វើចម្ការដំឡូងមី
-
ពលរដ្ឋមានជម្លោះដីនៅជ្រោយចង្វាររក្សាជំហរមិនទទួលយកដំណោះស្រាយរបស់សាលាក្រុង
-
ពលរដ្ឋរងគ្រោះដីធ្លីនៅខណ្ឌជ្រោយចង្វារដាក់ញត្តិរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
-
អាជ្ញាធរមូលដ្ឋាននៅកំពង់ឆ្នាំងរងការចោទថាឃុបឃិតលក់ដីព្រៃសហគមន៍
-
ពលរដ្ឋមានជម្លោះដីនៅជ្រោយចង្វារតវ៉ាប្រឆាំងសេចក្ដីសម្រេចរបស់សាលាក្រុង
-
ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់ជ្រោយចង្វារគ្រោងតវ៉ាមុខសាលាក្រុង
-
ពលរដ្ឋតវ៉ាដីធ្លីមកពីខេត្តកោះកុងដើររកដំណោះស្រាយតែត្រូវអាជ្ញាធររារាំង
His Majesty the King has nothing to do with this kind of issues!!!