ដោយ សាន សែល
2017-04-24
RFA

ភ្លើងសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ RFA/Nuon Soksarim
![]()
គម្រោងភ្លើងសញ្ញាចរាចរណ៍ថ្មីដែលមានតម្លៃ ១៦លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៨។ វិស្វករជប៉ុន បញ្ជាក់ថា ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ថ្មី នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ទោះបីជាយ៉ាងណា អ្នកជំនាញស្នើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។
វិស្វករជប៉ុន កំពុងដំឡើងភ្លើងស្តុបចរាចរណ៍ចំនួន ១០០ នៅទីតាំងដែលមានការកកស្ទះចរាចរណ៍ទូទាំងរាជធានីភ្នំពេញ និងដំឡើងមជ្ឈមណ្ឌលបញ្ជារួមមួយក្នុងសាលារាជធានីភ្នំពេញ។
គម្រោងដែលឧបត្ថម្ភដោយអង្គការចៃកា (JICA) មានរយៈពេល ២ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកជំនាញជប៉ុន លោក អ៊ីវ៉ាសិ ហ៊ីដិយ៉ាគី (Iwase Hideaki) ទីប្រឹក្សាបង្កើតគម្រោងអង្គការចៃកា (JICA) អះអាងនៅក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី២៤ មេសា ថា ភ្លើងស្តុបចរាចរណ៍ថ្មី នឹងជួយឲ្យការធ្វើដំណើរលឿនជាងមុន ១៤ភាគរយ ហើយជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ លោកថា ប្រព័ន្ធដំណើរភ្លើងស្តុបថ្មី នឹងចងភ្លើងស្តុបចរាចរណ៍ទាំងអស់ជាប្រព័ន្ធតែមួយ ដែលងាយស្រួលសម្រាប់បញ្ជា។ ឧទាហរណ៍ ភ្លើងស្តុបនៅតាមអនុតំបន់ពេលដែលវាលោតពណ៌បៃតង (សម្រាប់ទៅ) នោះ និងស្តុបបន្ទាប់នឹងលោតពណ៌បៃតង (សម្រាប់ទៅ) ដែរ ហើយប្រព័ន្ធនេះក៏អនុញ្ញាតឲ្យគេកំណត់រយៈពេលលោតភ្លើងសញ្ញាចរាចរណ៍តាមការចង់បាន។
រាជធានីភ្នំពេញ មានប្រជាជនប្រមាណ ២លាននាក់ និងម៉ូតូប្រមាណ ១លាន ៥សែនគ្រឿង និងរថយន្ត ៤០ម៉ឺនគ្រឿង។
អនុប្រធានមន្ទីរដឹកជញ្ជូនរាជធានីភ្នំពេញ លោក ជូ គឹមទ្រី បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការកើនឡើងនូវពលរដ្ឋ និងមធ្យោបាយធ្វើដំណើរ កំពុងធ្វើឲ្យរាជធានីភ្នំពេញជួបប្រទះនឹងការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ ពិសេសនៅស្តុបកាណាឌីយ៉ា ស្តុបផ្លូវសាលដឺហ្គោល កែងនឹងផ្លូវមុនីវង្ស ស្តុបនាងគង្ហីង ស្តាតអូឡាំពិក ជាដើម។
បន្ថែមពីលើនេះ អ្នកជំនាញជប៉ុន លោក អ៊ីវ៉ាសិ ហ៊ីដិយ៉ាគី ពន្យល់ថា ឥរិយាបថរបស់អ្នកបើកបរដែលមិនគោរពច្បាប់ ដូចជាមិនគោរពភ្លើងសញ្ញា និងសញ្ញាចរាចរណ៍ និងការចតយានយន្តលើដងផ្លូវ សុទ្ធសឹងតែរួមចំណែកធ្វើឲ្យភ្នំពេញក្លាយជាទីក្រុងកកស្ទះចរាចរណ៍ខ្លាំង។
លោក ជូ គឹមទ្រី ឆ្លើយតបថា អាជ្ញាធរកំពុងខិតខំអនុវត្តច្បាប់តាមរយៈការផាកពិន័យ និងរឹតបន្តឹងច្បាប់បន្ថែមទៀត។
អង្គការចៃកា ជឿជាក់ថា គម្រោងភ្លើងសញ្ញាចរាចរណ៍ថ្មី នឹងជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ហើយស្នើដល់អាជ្ញាធរកែលំអបណ្ដាញផ្លូវ រៀបចំចំណតយានយន្ត និងផ្លូវថ្មើរជើងឲ្យបានត្រឹមត្រូវ ហើយនិងស្នើឲ្យអ្នកបើកបរផ្លាស់ប្ដូរឥរិយាបថពេលបើកបរ ដោយត្រូវគោរពតាមច្បាប់ចរាចរណ៍។
បច្ចុប្បន្ន ភ្លើងសញ្ញាចរាចរណ៍ចំនួន១២ ក្នុងចំណោម១០០ កំពុងដាក់ឲ្យដំណើរការហើយ ហើយនៅពេលប្រព័ន្ធថ្មីដាក់ឲ្យដំណើរការ បង្គោលភ្លើងស្តុបចាស់ នឹងត្រូវដកចេញ។ ប្រព័ន្ធភ្លើងស្តុបថ្មី នឹងដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ ហើយ ៧ថ្ងៃក្នុងមួយសប្ដាហ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មនុស្ស៩នាក់ស្លាប់និង២៥នាក់របួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៣មេសា
-
មនុស្ស៥៥នាក់ស្លាប់និងជិត២៣០នាក់របួសដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ
-
ស្លាប់២៩នាក់និងរបួសធ្ងន់៨១នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍បីថ្ងៃនៃបុណ្យចូលឆ្នាំ
-
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថយចុះធៀបនឹងឆ្នាំ២០១៦
-
អ្នកស្រាវជ្រាវថា កម្ពុជាមានអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងថៃ៣ដង
-
តើពលរដ្ឋត្រូវធ្វើដូចម្ដេចដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំ?
-
នគរបាលខេត្តព្រះសីហនុស្នើអ្នកបើកបរគោរពច្បាប់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំ
-
នាយករដ្ឋមន្ត្រីអំពាវនាវម្ចាស់រថយន្តឈ្នួលកុំដំឡើងថ្លៃខ្លាំងពេកក្នុងឱកាសបុណ្យចូលឆ្នាំ
-
អាជ្ញាធរក្រុងព្រះសីហនុហាមម៉ូតូកង់បីនិងរថយន្តចតលើផ្លូវ៥០២បញ្ចៀសកកស្ទះ
-
ព្រះសង្ឃធ្វើពិធីឧទ្ទិសកុសលដល់អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៩