CNRP ថា​នឹង​អញ្ជើញ​កម្លាំង​ប្រដាប់​អាវុធ​ ធ្វើ​ការ​ជាមួយ ក្រោយ​ឈ្នះ​ឆ្នោត

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ហេង ជីវ័ន

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា នឹង​អញ្ជើញ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​ចូល​រួម​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​បច្ចុប្បន្ន​កំពុង​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​ឈ្នះ​ការ​បោះ​ឆ្នោត​ ឃុំ-សង្កាត់ ​នៅ​ឆ្នាំ​នេះ ​និង​បោះឆ្នោត​ថ្នាក់​ជាតិ​ នៅ​ឆ្នាំ​ក្រោយ​ ដោយ​បាន​លើក​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​សម្រាប់​ការ​បោះឆ្នោត​​នា​ពេល​ខាង​មុខ។

ថ្លែង​ទៅកាន់​អ្នក​គាំទ្រ និង​សកម្មជន​នៅ​ស្រុក​​ ត្រាំកក់ ​ខេត្ត​ តាកែវ កាល​ពី​ថ្ងៃ​អាទិត្យ ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​ កឹម សុខា ​បាន​ថ្លែង​ថា​ ការ​បោះឆ្នោត​នា​ខែ​ មិថុនា ឆ្នាំ​ ២០១៧ និង​ការ​បោះឆ្នោត​​ឆ្នាំ​ ២០១៨​ ​គឺ​សំខាន់​ណាស់​ដែល​ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ និង​ពិភព​លោក​ហើយ​ការ​បោះ​ឆ្នោត​មាន​ចំណុច​វិជ្ជមាន​ជាច្រើន ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ (គ.ជ.ប) ​មាន​ចំណុច​ល្អ​ជាង​មុន​​ ដោយ​សារ​មាន​សមាស​ភាព​ចម្រុះ កម្ពុជា​មាន​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ដែល​ធ្វើ​ឡើង​​តាម​បច្ចេក​ទេស​​​ប្រសើរ​ជាង​មុន​ ហើយ​ពលរដ្ឋ​ភាគ​ច្រើន​បំផុត​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​ នឹង​ទៅ​បោះ​ឆ្នោត​ ខណៈ​សហគមន៍​អន្តរជាតិ​ក៏​បាន​​យក​ចិត្ត​ទុក​ដាក់​​ផង​ដែរ​លើ​ការ​បោះឆ្នោត​ គណបក្ស​​សង្គ្រោះ​ជាតិ ​​មាន​បញ្ជី​បេក្ខជន​​មួយ​រយ​ភាគរយ​ទូទាំង​ប្រទេស គណបក្ស​សង្គ្រោះ​ជាតិ​មាន​​កម្មវិធី​នយោបាយ​ច្បាស់​លាស់​​ ដើម្បី​ដោះស្រាយ​បញ្ហា​ចាំ​បាច់​​របស់​ពលរដ្ឋ​ហើយ​គណបក្ស​សង្គ្រោះជាតិ​ក៏​មាន​អ្នក​សង្កេត​ការណ៍​នៅ​តាម​ការិយា​ល័យ​បោះឆ្នោត ដើម្បី​ការពារ​សន្លឹក​ឆ្នោត​ផង​ដែរ។

លោក សុខា បាន​បន្ត​ថា​៖ «ខ្ញុំ​មិន​និយាយ​ថា ល្អ​ឥត​ខ្ចោះ​ទេ។ ​ប៉ុន្តែ​វា​ប្រសើរ​ជាង​អាណត្តិ​មុន​។ គ.ជ.ប​ ​បើ​ទោះ​បី​ជា​ល្អ​ឬ​មិន​ល្អ​ គ្រប់​គ្រាន់​ឬ​មិន​គ្រប់​គ្រាន់​ យើង​ក៏​ដឹង​ផង​ដែរ​​ថា វា​មាន​តុល្យភាព។ ​វា​មិន​មែន​មក​ពី​ការ​​ជ្រើសរើស​តែ​មួយ​ពី​គណបក្ស​កាន់​អំណាច​ទេ។​ [គណបក្ស​សង្គ្រោះជាតិ] របស់​យើង​​ក៏​បាន​ជ្រើសរើស​តំណាង​ផង​ដែរ​នៅ​ក្នុង​ [គ.ជ.ប] នោះ ហើយ​សង្គម​ស៊ីវិល​ក៏​ត្រូវ​បាន​ជ្រើស​រើស​តំណាង​​នៅ​ក្នុង​ គ.ជ.ប​ ផង​ដែរ»។

ដោយ​ប្រៀប​ធៀប​​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ថ្មី និង​បញ្ជី​ចាស់​ លោក កឹម សុខា ​បាន​ប្រាប់​អ្នក​គាំទ្រ​ថា បញ្ជី​ថ្មី​​មិន​អាច​ផ្លាស់​ប្តូរ​​ឬ​បន្លំ​​បាន​ទេ​​គឺខុស​ពី​​បញ្ជី​មុន​​ដែល​ងាយ​ស្រួល​ផ្លាស់​ប្តូរ​។

ទន្ទឹម​នឹង​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​​បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​បរទេស​​ថា កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ដែល​ជា​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​ក៏​បាន​បោះ​ឆ្នោត​​ឲ្យ​សង្គ្រោះ​ជាតិ​ផងដែរ​​ហើយ​ថា ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ អ្នក​ទាំង​នោះ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ច្រើន​ជាង​មុន​​ និង​ថា ​បន្ទាប់​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​​ឈ្នះ​ការ​បោះ​ឆ្នោត​​ ហើយ​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​ ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​អញ្ជើញ​​កម្លាំង​ប្រដាប់​អាវុធ​​និង​មន្រ្តី​​​ជាន់​ខ្ពស់​មួយ​ចំនួន​​ដែល​នៅ​ជុំ​វិញ​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ជាមួយ​គ្នា។

លោក រង្ស៊ី​ ថា​៖ «ពួកគេ​នៅ​ស្ងៀម​ក្នុង​ចិត្ត​របស់​ពួក​គេ ​ពួកគេ​បោះ​ឆ្នោត​ឲ្យ​ [គណបក្ស​សង្គ្រោះ​ជាតិ] ​រួច​ទៅ​ហើយ។ ​ដូច្នេះ​ពេល​ [គណបក្ស​សង្គ្រោះ​ជាតិ]​ ឈ្នះ​និង​ដឹក​នាំ​ប្រទេស​ យើង​នឹង​អញ្ជើញ​គាត់​​ចូល កុំ​ខ្លាច​ ​ដើម្បី​បម្រើ​ជាតិ​ទាំង​អស់​គ្នា»។

ដោយ​ចំអកចំពោះ​ការ​បាត់បង់​​អាសនៈ ២២ ​ក្នុង​ចំណោម​អាសនៈ​​ ៩០ ​​ក្នុង​រដ្ឋសភា​របស់​គណបក្ស​កាន់​អំណាច​ បន្ទាប់​ពីការ​បោះ​ឆ្នោត​ ២០១៣​ ​លោក សម រង្ស៊ី ​បន្ត​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កំពុង​ភ័យ​ខ្លាច​ចាញ់​ឆ្នោត​ដោយសារ​យោធា​ភាគ​ច្រើន​​​នៅ​ជុំវិញ​​គាត់​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ​។

លោក សម រង្ស៊ី ​បាន​បន្ត​ថា​៖ «​[យើង] មិន​ចាត់​ទុក​ខ្មែរ​ណា​មួយ​ជា​សត្រូវ​ទេ។ ​វា​ដល់​ពេល​យើង​រួប​រួម​គ្នា​សង្គ្រោះជាតិ​​របស់​យើង​ហើយ​ ​យើង​​​បើក​ចិត្ត​​ទទួល​យក​បង​ប្អូន​ដោយ​ដៃ​ពីរ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​បាន​ថ្លែង​ថា ​គណបក្ស​​ប្រជាជន​ក៏​ចង់​ឲ្យ​មាន​ គ.ជ.ប ​ថ្មី​​ដែល​អាច​ទទួល​យក​បាន​​ពី​​មជ្ឈ​ដ្ឋាន​ទាំង​អស់​​ ដើម្បី​ឲ្យ​​លទ្ធផល​បោះឆ្នោត​ដែល​អាច​ទទួល​យក​បាន​ផងដែរ​ទាំង​ក្នុង ​​និង​ក្រៅ​ប្រទេស​ ​នោះ​ហើយ​ជា​ហេតុ​​ដែល​ គ.ជ.ប. ​​ត្រូវ​​បាន​កែ​តម្រូវ។

លោក សុខ ​ឥសាន ​បាន​​បន្ត​ថា​៖ «​[យើង] ​កែ​តម្រូវ​ដើម្បី​ឲ្យ​វា​ប្រសើរ​ឡើង។ គណបក្ស​ប្រជាជន​កម្ពុជា ​​ចង់​ឲ្យ​មាន​ [ការ​កែ​តម្រូវ] ច្រើន​ជាង​គាត់​​ ដើម្បី​កុំ​​ឲ្យ​មាន​ការ​រិះ​គន់​ឬ​ការ​វាយ​ប្រហារ​ពី​អ្នក​ខាង​ក្រៅ»។

អ្នក​នាំ​ពាក្យ​ ក្រសួង​ការពារ​ជាតិ ​លោកឈុំ​ សុជាតិ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ​ថា ជា​ការ​​កូរ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​ជួរ​យោធា ដោយ​ថ្លែង​ថា ​ការ​បោះឆ្នោត​គឺ​សម្ងាត់ មិន​មាន​នរណា​ម្នាក់​អាច​ដឹង​ថា ​នរណា​បោះ​ឆ្នោត​ឲ្យ​​គណបក្ស​ណា​ទេ​ ដូច្នេះ​អ្វី​ដែល​លោក សម រង្ស៊ី ​បាន​និយាយ​នោះ​ វា​គ្រាន់​តែ​ជា​ចេតនា​​បំបែក​បំបាក់​កម្លាំង​ប្រដាប់​អាវុធ​ប៉ុណ្ណោះ។

លោក សុជាតិ បាន​ដាក់​ចម្ងល់​ថា​៖ «​​ហេតុអ្វី​ [លោក​ សម រង្ស៊ី] ដឹង​មុន? ខ្ញុំ​ហាក់​បី​ដូច​ជា​មិន​យល់។ ​គាត់​​និយាយ​នោះ​ មិន​មាន​មូល​ដ្ឋាន​…»៕ PS

What Next?

Recent Articles