ដោយ អ៊ុង សេរីវុទ្ធ
2017-05-09
RFA

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងនាមអង្គការសហប្រជាជាតិដែលទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ត្រឡប់មកដល់កម្ពុជានៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣។ RFA/Uon Chhin
ទាហានកងវិស្វកម្មខ្មែរ ១នាក់ស្លាប់ ១នាក់របួសដៃឆ្វេង និង៣នាក់ទៀតបាត់ខ្លួន ដោយសារការវាយប្រហាររបស់ក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណ ក្នុងប្រទេសអាហ្វ្រិកកណ្ដាល។ លើសពីនេះអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ច្រានចោលព័ត៌មានថា ទាហានខ្មែរម្នាក់ត្រូវក្រុមឧទ្ទាមសម្លាប់កាត់ក្បាល។
រហូតដល់រសៀលថ្ងៃទី៩ ឧសភា កម្ពុជាពុំទាន់ទទួលបានដំណឹងពីទាហានខ្មែរ ដែលកំពុងបាត់ខ្លួន ក្រោយក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណ វាយប្រហារដោយអាវុធ ក្នុងប្រទេសអាហ្វ្រិកកណ្ដាលនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ។
លោក ឈុំ សុជាតិ មានប្រសាសន៍ថា ការបាញ់ប្រហារនេះ កើតឡើងនៅយប់ម៉ោង៨ ថ្ងៃទី៨ ឧសភា ត្រូវនឹងម៉ោង១រលងអាធ្រាត្រឈានចូលថ្ងៃទី៩ ឧសភា ម៉ោងនៅកម្ពុជា ក្រោយពីទាហានកងវិស្វកម្មខ្មែរ ធ្វើដំណើរតាមរថយន្ត ត្រឡប់ពីធ្វើផ្លូវដើម្បីចូលទៅបន្ទាយវិញ។ លោកបញ្ជាក់ថា ទាហានដែលស្លាប់មានឈ្មោះ អ៊ឹម សំ ជាអ្នកបើកបរ ហើយទាហានខ្មែរម្នាក់ទៀតរងរបួសចំដៃឆ្វេង ជាអ្នកបើកបរដូចគ្នា។ ចំណែក ទាហានខ្មែរ ៣នាក់ទៀតបាត់ខ្លួន រួមនឹងទាហានរបស់ម៉ារ៉ុកម្នាក់ផង៖ «»
មួយវិញទៀតលោក ឈុំ សុជាតិ ក៏ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយដោយឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ ថា ទាហានខ្មែរម្នាក់ស្លាប់នោះ ត្រូវក្រុមឧទ្ទាមកាត់ក្បាលនោះទេ។
ព័ត៌មាននៃការស្លាប់ដោយក្រុមឧទ្ទាមកាត់ក្បាលទាហានខ្មែរនោះ ត្រូវបានកាសែតក្នុងស្រុក និងបរទេស ស្រង់សំណេររបស់លោក ឡុង ឌីម៉ង់ ដែលបង្ហោះក្នុងហ្វេសប៊ុកមកផ្សព្វផ្សាយ។ ប៉ុន្តែក្រោយមកលោក ឡុង ឌីម៉ង់ បានលុបព័ត៌មាននោះចោលវិញ ហើយលោកមិនអត្ថាធិប្បាយអ្វីឡើយពីព័ត៌មាននេះ ទោះអាស៊ីសេរីព្យាយាមសាកសួរលោកយ៉ាងណាក្ដី។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី និងហេដ្ឋារចនាសម្ពន្ធរបស់ខេត្តត្បូងឃ្មុំ នៅថ្ងៃដដែលនេះ ដោយយល់ថា បើការបាត់ខ្លួនរបស់ទាហានខ្មែរ ៣នាក់ និងទាហានប្រទេសម៉ារ៉ុកម្នាក់នោះ ជាការគេចខ្លួនពីការវាយប្រហារ ពួកគេនឹងត្រឡប់មកទីតាំងវិញក្រោយមេឃភ្លឺ ប៉ុន្តែបើសិនករណីចាប់ខ្លួនជាថ្នូរនឹងអ្វីមួយ ឬជាការដោះដូរឈ្លើយសឹករបស់ក្រុមឧទ្ទាមនោះជាដើម លោកស្នើអង្គការសហប្រជាជាតិយកចិត្តទុកធានាអាយុជីវិតរបស់ពួកគេ៖ «»
លោក ហ៊ុន សែន បញ្ជាក់ថា ទាហានខ្មែរស្លាប់នោះមានស្រុកកំណើតនៅខេត្តសៀមរាប។ ប៉ុន្តែអភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ឲ្យដឹងថារហូតមកដល់រសៀលនេះ អាជ្ញាធរមិនទាន់ដឹងថា ទាហានដែលស្លាប់នោះ មានទីលំនៅ ក្នុងឃុំណា ស្រុកណា របស់ខេត្តសៀមរាប នៅឡើយទេ។ លោកថា អាជ្ញាធរកំពុងស្រាវជ្រាវរកទីលំនៅ និងក្រុមគ្រួសាររបស់គេ ដើម្បីជូនដំណឹងជុំវិញមរណភាព ព្រមទាំងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជាដើម។
ករណីនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងសាររំលែកទុក្ខចំពោះការស្លាប់ទាហានខ្មែរ និងសោកស្ដាយចំពោះដំណឹងនៃការបាត់ខ្លួននេះ។
របាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា ឲ្យដឹងថា បច្ចុប្បន្នកងអនុសេនាតូចស្ថាបនាសំណង់ផ្ដេកទី១ នៃកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៥៩ ចំនួន ២១៦នាក់ ក្នុងនោះស្រី ៥នាក់ កំពុងបំពេញការងារក្រោមទង់អង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្ដាល។ ដោយឡែក ហេតុការណ៍ផ្ទុះអាវុធនេះ មានទាហានខ្មែរ១២នាក់ ស្ថិតក្នុងហេតុការណ៍ និងមានទាហានម៉ារ៉ុកមួយចំនួនការពារសុវត្ថិភាព៕