ដោយ ហង្ស សាវយុត
2017-05-09
RFA

គោយន្តដឹកឈើរបស់ក្រុមអ្នកកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់ព្រៃព្រះរកា ខេត្តព្រះវិហារ កាលពីខែសីហា ឆ្នាំ២០១៦។ រូបថតអង្គការពន្លកខ្មែរ
![]()
សកម្មភាពកាប់ និងដឹកជញ្ជូនឈើយកទៅជួញដូរខុសច្បាប់ក្នុងតំបន់ព្រៃសហគមន៍ជាំពេន ភូមិបង្កើនផល ឃុំរមទម ស្រុករវៀង កំពុងកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ មិនថយចុះទេ។ សហគមន៍ការពារព្រៃឈើទីនោះ រួមទាំងមន្ត្រីឧទ្យានុរក្សបរិស្ថានផង មិនមានលទ្ធភាពបង្ក្រាបបទល្មើសទាំងនោះឲ្យមានប្រសិទ្ធភាពឡើយ ដោយសារតែក្រុមអ្នកកាប់ឈើខុសច្បាប់ដែលឆ្លងមកពីខេត្តកំពង់ធំ មិនខ្លាចអ្នកបង្ក្រាប ហើយជួនកាល ពួកគេថែមទាំងគំរាមសម្លាប់អ្នកការពារព្រៃឈើទាំងនោះទៀតផង។
សហគមន៍ការពារព្រៃឈើជាំពេន នៅឃុំរមទម ស្រុករវៀង អំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ជួយចាត់វិធានការបង្ក្រាបអ្នកកាប់ឈើខុសច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីការពារព្រៃឈើទំហំជាង ១.៨០០ហិកតារឲ្យនៅគង់វង្ស។
ការអំពាវនាវ ធ្វើឡើងនៅស្របពេលដែលសកម្មភាពកាប់ឈើក្នុងតំបន់ព្រៃសហគមន៍ កំពុងកើតឡើង ហើយសកម្មជនសហគមន៍ ព្រមទាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ពុំមានលទ្ធភាពអាចបង្ក្រាបការកាប់ឈើទាំងនោះបានទេ។
តំណាងសហគមន៍ការពារព្រៃឈើជាំពេន គឺលោក រស់ លីន។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភា ថា បច្ចុប្បន្ននេះមានជនល្មើសជាច្រើននាក់បានឆ្លងដែនពីស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ហើយចូលមកកាប់ឈើក្នុងតំបន់ព្រៃសហគមន៍របស់លោក។ រយៈពេល ១០ថ្ងៃមកនេះ កម្លាំងសហគមន៍បាននាំគ្នាជីកប្រឡាយជ្រៅ ដើម្បីផ្ដាច់ផ្លូវក្រុមជនល្មើសកុំឲ្យឆ្លងមកកាប់ និងដឹកជញ្ជូនឈើយកទៅជួញដូរ ក៏ប៉ុន្តែក្រុមជនល្មើសបែរជាហ៊ានជញ្ជូនគ្នាមកធ្វើស្ពានឆ្លង ដើម្បីចូលកាប់ឈើជាថ្មី ព្រមទាំងមានអាវុធស្នាតេះ និងកាំភ្លើងច្នៃ គំរាមសហគមន៍មិនឲ្យចូលបង្ក្រាបទៀតផង។
លោក រស់ លីន បញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៨ ខែឧសភា ក្រុមជនល្មើសបាននាំគ្នាចូលមកកាប់ឈើធំៗនៅក្នុងតំបន់ព្រៃសហគមន៍ ហើយដឹកជញ្ជូនចេញចំនួន ៥រទេះគោ៖ «សំណូមពរឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យមានការសហការ មានការចូលរួមទប់ស្កាត់ និងលុបបំបាត់ការកាប់ឈើអនាធិបតេយ្យផង»។
សហគមន៍ការពារព្រៃឈើជាំពេន គឺនៅជាប់គ្នានឹងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ដែលជាតំបន់កំណត់ការពារដោយព្រះរាជក្រឹត្យ។
នាយកដែនជម្រកសត្វព្រៃបឹងពែរ លោក យ៉ាន់ ប៊ុនសឿង មានប្រសាសន៍ថា ស្ទើរតែរៀងរាល់ថ្ងៃ ក្រុមជនល្មើសតែងចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃសហគមន៍ជាំពេន នោះមែន ដោយសារតែព្រៃនោះនៅមានដើមឈើធំៗ។ មន្ត្រីដដែលបញ្ជាក់ថា ជាញឹកញាប់ លោកតែងបញ្ជូនមន្ត្រីឧទ្យានុរក្សឲ្យទៅដើរល្បាតការពារព្រៃជាមួយប្រជាពលរដ្ឋ ក៏ប៉ុន្តែទាំងកម្លាំងរបស់លោក និងកម្លាំងសហគមន៍ នៅតែមិនអាចបង្ក្រាបក្រុមជនកាប់ឈើខុសច្បាប់ទាំងនោះបានទេ ដោយសារតែកម្លាំងជំនាញមានគ្នាតិច ហើយក្រុមជនល្មើសមិនខ្លាច ថែមទាំងគំរាមសម្លាប់មន្ត្រីឧទ្យានុរក្សរបស់លោកទៀត៖ «ពួកកាប់ឈើហ្នឹងប្រមាថក្រុមរបស់ខ្ញុំថា ឲ្យតែមកដើរល្បាតការពារព្រៃ ២–៣នាក់ គឺដាច់ក្បាលហើយ វាប្រមាថដូច្នេះ ប៉ុន្តែពួកខ្ញុំមិនបានស្គាល់មុខនៅឡើយ»។
រយៈពេលមួយឆ្នាំហើយដែលសហគមន៍ការពារព្រៃឈើជាំពេន បានត្អូញត្អែរជុំវិញបញ្ហាមានជនល្មើសចូលទៅកាប់បំផ្លាញព្រៃឈើ ថែមទាំងគំរាមដល់អ្នកការពារព្រៃឈើផង ប៉ុន្តែគេមិនដែលឃើញសមត្ថកិច្ច ដូចជាប៉ូលិស និងកងរាជអាវុធហត្ថរបស់ខេត្តព្រះវិហារ បញ្ជូនកម្លាំងទៅជួយអន្តរាគមន៍បង្ក្រាបជនល្មើសដែលកាប់ឈើខុសច្បាប់ទាំងនោះទេ។
នៅខេត្តព្រះវិហារ ក្រៅតែពីបទល្មើសព្រៃឈើកើតមានខ្លាំងនៅសហគមន៍ជាំពេន បច្ចុប្បន្នក៏មាននៅតំបន់ព្រៃព្រះរកា ជាច្រើនកន្លែងដែរ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ធ្លាប់សម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ព្រៃឈើទាំងនោះដ៏ឆាប់រហ័ស ប្រសិនបើសមត្ថកិច្ចរដ្ឋាភិបាលមិនព្រមចាត់វិធានការជួយបង្ក្រាបអំពើកាប់ឈើល្មើសច្បាប់ទាំងនោះឲ្យបានខ្លាំងក្លាទេ៕