ដោយ មួង ណារ៉េត
2017-05-09
RFA

នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសែនក្រុងពាលីនៃការប្រកួតកីឡាយោធា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នាកោះពេជ្រ រាជធានីភ្នំពេញ។ RFA/Brach Chev
![]()
លោក មូរតុន ក្លារ (Morton Sklar) មេធាវីការពារក្តីលោក មាជ សុវណ្ណារ៉ា និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន រង់ចាំប្រគល់ដីកាតុលាការឲ្យដល់ដៃលោក ហ៊ុន ម៉ាណែត ឲ្យតែដឹងថា លោក ហ៊ុន ម៉ាណែត មកជាន់ទឹកដីអាមេរិក ម្តងទៀតនៅពេលណា។
លោកមេធាវី មូរតុន ក្លារ (Morton Sklar) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា ការហុចដីកាតុលាការលើកមុនមិនបានដល់ដៃលោក ហ៊ុន ម៉ាណែត ទេ ដោយសារស្មៀនរត់ការឯកសារតុលាការ លោក ផល ហេយស៍ (Paul Hayes) ត្រូវបានក្រុមអង្គរក្សលោក ហ៊ុន ម៉ាណែត វាយឲ្យរងរបួសធ្ងន់។
លោក មូរតុន ក្លារ (Morton Sklar) បញ្ជាក់ថា ឲ្យតែដឹងថា លោក ហ៊ុន ម៉ាណែត មកអាមេរិក ពេលណា និងស្នាក់នៅឯណាឲ្យពិតប្រាកដ លោកនឹងរៀបចំឲ្យដំណើរការប្រគល់ដីកាតុលាការនេះ ប្រព្រឹត្តទៅបានត្រឹមត្រូវ និងហុចឲ្យបានដល់ដៃផ្ទាល់។
លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានខ្មែរថាមស៍ (Khmer Times) កាលពីសប្ដាហ៍មុនថា លោកមានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ម្តងទៀត និងទៅប្រទេសដទៃទៀតផងដែរឲ្យតែមានពលរដ្ឋខ្មែររស់នៅ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបាននិយាយឲ្យច្បាស់ថា លោកពិតជានឹងទៅអាមេរិក មែន ហើយទៅពេលណានោះទេ។ ក្នុងបទសម្ភាសន៍ដដែលនោះ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកមិនភ្ញាក់ផ្អើលទេដែលតុលាការអាមេរិក សម្រេចលុបឈ្មោះលោកចេញពីចុងបណ្ដឹងក្នុងរឿងក្តីរបស់លោក មាជ សុវណ្ណារ៉ា ដែលដាក់ប្ដឹងលោក។
លោកនៅតែអះអាងថា ករណីនេះគ្មានមូលដ្ឋាន មានអ្នកញុះញង់នៅពីក្រោយ និងធ្វើឡើងដោយសារហេតុផលនយោបាយសុទ្ធសាធ៖ «ខ្ញុំដូចជាអត់មានអ្វីដែលត្រូវភ្ញាក់ផ្អើលផង ចំពោះសេចក្តីសម្រេចរបស់តុលាការអាមេរិក ដែលទម្លាក់ចោលការចោទប្រកាន់មកលើរូបខ្ញុំហ្នឹង។ ខ្ញុំធ្លាប់ប្រាប់ហើយតើ ថាសំណុំរឿងនេះគ្មានមូលដ្ឋានទេ ហើយធ្វើឡើងដោយសារមូលហេតុនយោបាយប៉ុណ្ណោះឯង។ មានអ្នកញុះញង់នៅពីក្រោយរឿងនេះ និងមានមនុស្សជាច្រើន រួមទាំងមេធាវីផង ប្រឹងតាមប្ដឹងគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការ ដើម្បីគ្រាន់តែកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ»។
ឆ្លើយតបទៅនឹងចំណុចនេះ លោកមេធាវី មូរតុន ក្លារ (Morton Sklar) អះអាងថា បណ្ដឹងរបស់កូនក្តីគាត់មានមូលដ្ឋាន ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្សពិតជាកើតមានយ៉ាងធ្ងន់ធ្ងរមកលើកូនក្តីរបស់លោក គឺលោក មាជ សុវណ្ណារ៉ា និងលោក ញ៉យ ចំរើន។ មិនតែប៉ុណ្ណោះ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំងជាច្រើនរូបទៀតកំពុងជាប់ពន្ធនាគារ ដោយសារបញ្ចេញមតិតវ៉ាប្រឆាំងរបបដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោក ហ៊ុន ម៉ាណែត ក៏ជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងនោះដែរ។
ករណីព្រហ្មទណ្ឌពាក់ព័ន្ធសមាជិកក្រុមអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត ដែលវាយស្មៀនរត់ការឯកសារតុលាការ លោក ផល ហេយស៍ (Paul Hayes) នោះ តុលាការក៏កំពុងចាត់ការតាមនីតិវិធីច្បាប់នៅតុលាការនៃរដ្ឋកាលីហ្វ័រញ៉ា (California)។ សំណុំរឿងរបស់លោក មាជ សុវណ្ណារ៉ា និងលោក ញ៉យ ចំរើន ដែលប្ដឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទរំលោភសិទ្ធិមនុស្ស និងបទចោទមួយចំនួនទៀត ត្រូវបានបញ្ជូនទៅតុលាការនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington DC) ដើម្បីបន្តនីតិវិធី៕
គប់វាពីអាមេរិកម៉ោ តែម្តងទៅ!!!