កង​រក្សា​សន្តិភាព​ខ្មែរ​ស្លាប់​ម្នាក់ របួស​ម្នាក់ និង​បាត់​ខ្លួន​៣​នាក់​ក្នុង​ការ​វាយ​ប្រហារ​នៅ​អាហ្វ្រិក​កណ្តាល

ដោយ ស៊ុន មេសា
09/05/2017
RFI

media
រូបភាព​ចាស់៖​ កងទ័ព​​មួក​ខៀវ​​កម្ពុជា​​ទៅ​​បំពេញ​​បេសកម្ម​​រក្សា​សន្តិភាព​​នៅ​ប្រទេស​ស៊ូដង់​​ខាង​ត្បូង (RFI/Siv Channa)​


មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម នៅ​ថ្ងៃ​ទី ០៩ ឧសភា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​បាត់​បង់​ជីវិត របួស និង​ការ​បាត់​ខ្លួន​នៃ​កង​កម្លាំង​វិស្វកម្ម​កម្ពុជា។ ទន្ទឹម​នឹង​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ទាម​ទារ​ឱ្យ​អង្គការ​សហប្រជាជាតិ​យក​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់​សម្រាប់​ការ​បាត់​បង់ និង​ការ​បាត់​ខ្លួន​នៃ​ទាហាន​កម្ពុជា។

ទាហាន​វិស្វកម្ម​របស់​កម្ពុជា ១​នាក់​បាន​ស្លាប់ និង​របួស ១​នាក់ ហើយ​ ៣​នាក់​ផ្សេង​ទៀត​គឺ​កំពុង​បាត់​ខ្លួន​ក្នុង​ការ​ស្ទាក់​វាយ​ប្រហារ​មួយ​របស់​ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ​កាល​ពី​យប់​ថ្ងៃ​ទី ០៨ ឧសភា​ម៉ោង​នៅ​អាហ្វ្រិក​កណ្តាល (ម៉ោង ០២​ទៀប​ភ្លឺ​ថ្ងៃ​ទី ០៩ ខែ​ឧសភា ម៉ោង​នៅ​ភ្នំពេញ)។ ទន្ទឹម​នឹង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវ​នាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​អាយុ​ជីវិត​របស់​ទាហាន​កម្ពុជា​ដែល​កំពុង​តែ​បំពេញ​ភារៈ​ក្នុង​តំបន់​អាហ្វ្រិក​កណ្តាល​ក្នុង​នាម​ជា​កង​កម្លាំង​នៃ​អង្គការ​សហ​ប្រជាជាតិ។ ការ​ទាម​ទារ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​លោក​សំអាង​ថា​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​គឺ​គ្មាន​ចេតនា​វាយ​ប្រហារ​មក​លើ​កង​កម្លាំង​កម្ពុជា​ដែល​ជា​កម្លាំង​វិស្វកម្ម​នោះ​ទេ​ ពោល​ក្រុម​ឧទ្ទាម​មាន​បំណង​ចង់​រំដោះ​ចំណាត់​ខ្មាំង​ដែល​មាន​ទី​តាំង​នៅ​ក្បែរ​តំបន់​ដែល​កង​កម្លាំង​កម្ពុជា​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ។

ក្នុង​ការ​វាយ​ប្រហារ អនុសេនីយ៍ទោ​ខ្មែរ​មួយ​រូប គឺ​លោក អ៊ឹម សំ បាន​ស្លាប់ អនុសេនីយ៍ឯក ធុច ធីម រង​របួស​ដៃ ដោយ​ឡែក​ព្រិន្ទបាល​ទោ ស៊ាង នរិន្ទ ព្រិន្ទបាល​ទោ មុំ តុលា និង​អនុសេនីយ៍​ត្រី ម៉ៅ អេង បាន​បាត់​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ កង​កម្លាំង​ដែល​បាន​បាត់​ខ្លួន​នៅ​មិន​ទាន់​រក​ឃើញ​វិញ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ ផល សាម៉ន អ្នក​នាំ​ពាក្យ​កង​រក្សា​សន្តិភាព​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី ០៩ ខែ​ឧសភា។

លោក​បាន​បន្ត​ថា ពេល​នេះ​ភាគី​កម្ពុជា និង​កំពុង​ធ្វើ​ការ​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ញូយ៉ក និង​កង​កម្លាំង​ប្រតិបត្តិការ​របស់​ប្រទេស​ម៉ារ៉ុក​ដើម្បី​ស្វែង​រក​កង​កម្លាំង​ដែល​បាន​បាត់​ខ្លួន។ សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​ ២០១៦ កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ប្រមាណ​ជិត ៩០០​នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ស៊ូដង់  ស៊ូដង់​ខាង​ត្បូង  លីបង់  ម៉ាលី  និង សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។

សូម​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​គឺ​ជា​លើក​ទី ១​ហើយ​ដែល​កង​ទ័ព​កម្ពុជា​បាន​ស្លាប់​របួស និង​បាត់​ខ្លួន​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ពី​ក្រុម​កម្លាំង​ប្រដាប់​អាវុធ។ ក្នុង​រយៈ​ពេល ១១​ឆ្នាំ មក​នេះ កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា បាន​ស្លាប់ ៥​រូប រង​របួស​ ៧​រូប៕ 

What Next?

Recent Articles