ទូត​កូរ៉េ​មិន​ទទួល​ញត្តិ​សហគមន៍​ព្រៃ​ឡង់

លោក​ ហ៊ុល វេត​ កាន់​ញត្តិ​ចេញ​ពី​ទូត​កូរ៉េ​ខាងត្បូង​​​។ ផា លីណា

លោក​ ហ៊ុល វេត​ កាន់​ញត្តិ​ចេញ​ពី​ទូត​កូរ៉េ​ខាងត្បូង​​​។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ក្រចេះ​/​ស្ទឹងត្រែងៈ ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​យក​ញត្តិ ដែល​ដាក់​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ជាង​៣​ម៉ឺន​ហិកតា​នៅតាម​ដង​ទន្លេ​មេគង្គ និង​ជម្រក​សត្វ​ព្រៃរបស់​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ីង​បាយ​អូធិក​(Think Biotech Cambodia)​។ សហគមន៍​ព្រៃ​ឡង់​១៤​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​២១៤៩​គ្រួសារ​នៅក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង​បានដាក់​ញត្តិ​ទៅ​ស្ថានទូត​កូរ៉េ ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ និង​ក្រុមហ៊ុន​ស៊ីងបាយ​អូធិក​កាលពី​ថ្ងៃ​អង្គារ​ទី​៩​ខែ​ឧសភា​នេះ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​ក្រុមហ៊ុន បង្ហាញ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម​បរិស្ថាន និង​ប្រែក្លាយ​គម្រោង​នេះ​ឲ្យ​ទៅជា​គម្រោង​REDD+​វិញ​។

​លោក ហ៊ុល វេត និង​ប្រជា​សហគមន៍​១៣​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​បី​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​កូរ៉េ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ ពេល​ពួកគាត់​ទៅដល់​ទីនោះ​ស្ថានទូត​បាន​អនុញ្ញាត​ឲ្យ​តែ​លោក​ហ៊ុល វេត​ម្នាក់​គត់​ចូល​ទៅ​ក្នុង​ស្ថានទូត ហើយ​លោក​ក៏​បាន​ប្រាប់​ពី​គោល​បំណង និង​ដាក់​ញត្តិ​ចំនួន​៣​ទំព័រ រួម​នឹង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៅ​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​។ ប៉ុន្តែ​មន្ត្រី​រូបនោះ​បដិសេធ​មិន​ទទួល​យក​ញត្តិ​។

លោក វេត បញ្ជាក់ថា​៖«​ខ្ញុំ​ប្រាប់​ថា​យក​ញត្តិ​មក​ដាក់​រឿង​ក្រុមហ៊ុន​ស៊ីង​បាយ​អូធិក​ដែល​កំពុង​តែ​ឈូស​ឆាយ​ប៉ះពាល់​ដី​ពលរដ្ឋ​ផង និង​ដីព្រៃ​ឡង់​ផង​។ តែ​គេ​ថា ស្ថានទូត​មិន​ដឹង​រឿង​ក្រុមហ៊ុន​អី​នោះទេ​។ ស្ថានទូត មិន​អាច​ទទួល​ញត្តិ​ទេ​។ ចាំ​ថ្ងៃ​ក្រោយ​គេ​ទៅ​ជួប​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​សិន​»​។

ការ​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សហគមន៍​សង្កេត​ឃើញ​ថា ព្រៃឈើ​ដែល​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​លើ​ផ្ទៃ​ដី​៣៤០០៧​ហិកតា​ក្នុង​ស្រុក​សម្បូណ៌ ខេត្ត​ក្រចេះ និង​ស្រុក​សៀម​បូក​ខេត្ត​ស្ទឹងត្រែង កំពុង​តែ​ត្រូវ​បាន​បំផ្លាញ​ក្រោម​រូប​ភាព​គម្រោង​ស្តារ​ព្រៃ​ឡើង​វិញ​។​គម្រោង​ស្តារ​ព្រៃ​ឡើង​វិញ​នេះ​គឺ​បង្កើត​ឡើង​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​កូរ៉េ​ស៊ីង​បាយ​អូធិក និង​រដ្ឋបាល​ព្រៃឈើ​ក្រសួង​កសិកម្ម​កាលពី​ឆ្នាំ​២០១០ ​ដើម្បី​អភិវឌ្ឍ​ព្រៃឈើ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ក្រុមហ៊ុន​នេះ​គ្រោង​ប្រែ​ក្លាយ​ដី​ព្រៃ​ដែល​ទទួល​បាន​នោះ​ទៅជា​ចម្ការ​ចំនួន ១៥ ដោយ​ចម្ការ​នីមួយៗ​មាន​ទំហំ ២០០០ ហិកតា ហើយ​អាច​ដាំ និង​ផលិត​ឈើ​បាន​៦០​ម៉ឺន​ម៉ែត្រ​គុប​សម្រាប់​ការ​លក់​ប្រចាំ​ឆ្នាំ ដែល​នឹង​ត្រូវ​ចែក​ប្រាក់​ចំណេញ​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​។ សហគមន៍​បាន​លើក​ឡើង​ក្នុង​ញត្តិ​ថា ការស្តារ​ដាំ​ដុះ​ព្រៃ​ឡើង​វិញ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់​ព្រៃ​សឹករេច​រឹល ឬ​ទីតាំង​ដែល​មិន​ធ្លាប់​មាន​ព្រៃ​ឈើ​ពី​មុន​មក​។ ផ្ទុយ​ទៅ​វិញ​ទីតាំង​ដែល​កំពុង​តែ​អនុវត្ត​គម្រោង​នេះ​សម្បូរ​ដោយ​ធនធាន​ព្រៃឈើ ហើយ​ក្រុមហ៊ុន​បាន​កំពុង​តែ​កាប់ និង​ឈូស​ព្រៃឈើ​ចេញ​ទៅ​វិញ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​។ ដី​ពលរដ្ឋ​កំពុង​តែ​អាស្រ័យ​ផល​ចំនួន​១៤៦១១ ហិកតា​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​។

ញត្តិ​បាន​សរសេរ​ថា​៖«​គម្រោង​នេះ គឺជា​បន្ទុក​បន្ថែម​ដែល​នាំ​ឲ្យ​ព្រៃឈើ​បាត់បង់​ទៅ​វិញ​…​ក្រុមហ៊ុន​កំពុង​តែ​បំផ្លាញ​ព្រៃ​យ៉ាង​សកម្ម និង​យក​ដើម​ឈើ​ល្អៗ ដែល​មិន​មែន​ជា​ព្រៃ​សឹក​រេចរឹល​ទៅ​ធ្វើ​អាជីវកម្ម​ទៅវិញ​»​។

លោក វេត ថ្លែងថា​៖«​ខ្ញុំ​សោក​ស្តាយ​ណាស់ ដែល​យើង​ខំ​ចំណាយ​ពេល​មក​ដាក់​តែ​គេ​មិន​ទទួល​។ ខ្ញុំ​អន់​ចិត្ត​ណាស់​»​។ មន្ត្រី​ស្ថាន​ទូត​កូរ៉េ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​កាល​ពី​ម្សិលមិញ​។

លោក​អ៊ុង សំអាត​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ ហើយ​អនុប្រធាន​លោក លោក​កែវ ម៉ាលីស្ស​មិន​អាច​ទាក់ទង​បាន​ទេ។

លោក​សៀ រ៉ា អនុ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​មិន​ទាន់​បាន​ឃើញ​ញត្តិ​ពលរដ្ឋ​ទេ​។ តែ​លោក​ថ្លែងថា រដ្ឋបាល​ព្រៃ​ឈើ​នឹង​ធ្វើ​ការ​ពិនិត្យ​ឯកសារ និង​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​ផង​ដែរ​។

លោក​រ៉ា ថ្លែងថា​៖«​គេ​ធ្វើ​យូរ​ហើយ​ទៅ​បញ្ឈប់​គេ​ម៉េច​? គេ​ធ្វើ​ការ​ដាំដុះ​សោះ​ហ្នឹង​។ សំខាន់​គឺ​ឈើ​តម្លៃ​សេដ្ឋកិច្ច​។ អ៊ីចឹង​គេ​អាច​ដាំ​ដុះ​ប្រភេទ​ឈើ​ណា​ដែល​មាន​តម្លៃ និង​លូត​លាស់​លឿន​»​។ អ្នក​គ្រប់​គ្រង​មិន​នៅ​ក្រុមហ៊ុន​នោះទេ​។ ទោះ​យ៉ាង​ណា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ីង​បាយ​អូធិក លោក​Seo Kyung Youl បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ពេល​កន្លង​មក​ថា​៖«​យើង​កំពុងតែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទៅ​តាម​ផ្លូវ​ច្បាប់​»​។ ដោយ​ឡែក​លោក​Chung Hwa​ប្រធាន​ក្រុមហ៊ុន​វិញ​ថា​មុន​ដែល​ក្រុមហ៊ុន​លោក​ចូលទៅ​កាន់​ទីនោះ​គឺមាន​ក្រុមហ៊ុន​២​បាន​កាប់​យក​ឈើ​ក្នុង​តំបន់​នោះ​ទៅហើយ​។ លោក​ថា ក្រុមហ៊ុន​នឹង​ប្រែក្លាយ​គម្រប​ព្រៃ​ឈើ​ឡើងដល់​៣០០ ទៅ ៤០០​ម៉ែត្រគុប [​ក្នុង​មួយ​ហិកតា​] គឺ​១០​ដង​ច្រើន​ជាង​មុន បន្ទាប់ពី​ដាំ​ដើម​ឈើ​ឡើង​វិញ​៕

What Next?

Recent Articles