ដោយ អ៊ុង សេរីវុទ្ធ និង សេក បណ្ឌិត
2017-05-09
RFA

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៣៩០នាក់ វិលត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិក នៅដើមខែមិថុនា ឆ្នាំ២០១៦។ Photo: RFA
ក្រសួងការពារជាតិកម្ពុជាប្រកាសថា ទាហានមួកខៀវខ្មែរ៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្ដាលនោះបានស្លាប់ហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីយប់ ថ្ងៃទី០៩ ខែឧសភា ថា សាកសពទាំង៣នាក់នាក់នោះ ត្រូវបានរកឃើញនៅចម្ងាយ ប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។
រហូតមកដល់ពេលនេះទាហានមួកខៀវកម្ពុជា៤នាក់ហើយ ដែលស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារដោយក្រុមឧទ្ទាមនៅប្រទេសអាហ្រ្វិកកណ្ដាលកាលពីយប់ថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៧។
ក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ៤នាក់ ដែលទទួលមរណភាពនោះរួមមាន ឈ្មោះ អ៊ឹម សំ ជាអ្នកបើកបរ លោក ស៊ាន នរិន្ទ ជាជំនួយការត្រួតពិនិត្យគុណភាព, លោក មុំ តុលា ជាជំនួយការបើកបរអ៊ិសស្ការវ៉ាទ័រ និង លោក ម៉ៅ អេង ជាបុគ្គលិកពេទ្យ។
ក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណ ក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល បើកការវាយប្រហារ កាល ពីរលងអាធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ឧសភា ម៉ោងនៅកម្ពុជា ក្រោយពីទាហានកងវិស្វកម្មខ្មែរ ធ្វើដំណើរតាមរថយន្ត ត្រឡប់ពីធ្វើផ្លូវដើម្បីចូលទៅបន្ទាយវិញ។ លោក ឈុំ សុជាតិ បញ្ជាក់ថា ពេលកើតហេតុការណ៍ភ្លាមៗនោះ បានធ្វើឲ្យទាហានខ្មែរម្នាក់ស្លាប់ ម្នាក់រងរបួសចំដៃឆ្វេង និងបាត់ខ្លួន៣នាក់ និងទាហានរបស់ម៉ារ៉ុកម្នាក់ក៏កំពុងបាត់ខ្លួនដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានច្រានចោលភ្លាមៗនូវព័ត៌មានដែលថា ទាហានខ្មែរម្នាក់ត្រូវក្រុមឧទ្ទាមសម្លាប់ដោយកាត់ក្បាល។
ក្រសួងការពារជាតិ បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ទាហានមួកខៀវរបស់កម្ពុជា ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការពលីជីវិត ក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិចកណ្ដាលនាពេលនេះ៕
កាលពីអ៊ុតាក់ ក៏មានពួកគេបានស្លាប់នៅកម្ពុជាដែរតើ???