អគារ​ពន្ធនាគារ​ទំនើប​ សម្រាប់​ជួល​ឲ្យ​អ្នក​ជាប់​ឃុំ​មាន​ប្រាក់​ស្នាក់​នៅ​ចាប់​ផ្តើម​សាងសង់

ពិធី​បើក​ការ​ដ្ឋាន​សាងសង់​កាលពី​ម្សិលមិញ។ ហុង មិនា

ពិធី​បើក​ការ​ដ្ឋាន​សាងសង់​កាលពី​ម្សិលមិញ។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ បាន​បើក​ឲ្យ​ដំណើរ​ការ​សាងសង់​អគារ​ពន្ធនាគារ​ថ្មី​ទំនើប សម្រាប់​ជួល​ឲ្យ​អ្នក​ជាប់ឃុំ​ដែលមាន​លទ្ធភាព​បង់ប្រាក់​ស្នាក់នៅ​ដែល​គម្រោង​នេះ​អាច​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ដោយមាន​ការវិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចិន​មាន​ទឹកប្រាក់​ប្រមាណ ៤​លាន​ដុល្លារ​នៅលើ​ផ្ទៃដី​មួយ​ហិកតា​កន្លះ​។

​នៅក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​កាលពី​ម្សិលមិញ លោក​ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​ថ្លែងថា​រដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​ជំរុញ​ធ្វើ​កំណែទ​ម្រង់​ស៊ីជម្រៅ លើ​គ្រប់​វិស័យ ដែល​ក្នុងនោះ​ក៏​រួមមាន​ការ​កែលម្អ​ពន្ធនាគារ​ដើម្បី​បង្កើន​គុណភាព សុវត្ថិភាព និង​ធ្វើ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​វិជ្ជាជីវៈ​ពន្ធនាគារ​។

លោក​បន្តថា ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មេ​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ជាពិសេស​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឃើញ​ថា ពន្ធនាគារ​បាន​អភិវឌ្ឍ​នៅ​ក្នុង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ផ្តល់​សេវាកម្ម​ផ្សេងៗ​កាន់​តែមាន​ភាព​ល្អ​ប្រសើរ​។

លោក​បាន​ថ្លែងថា​៖«​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ ពី​វិស័យ​ឯកជន ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ដំណើរការ​គ្រប់គ្រង​សេវាកម្ម​នៅ​ក្នុង​ពន្ធនាគារ​»​។

លោក​ឲ្យ​ដឹងថា ក្រុមហ៊ុន Kunn Rekon Holding ត្រូវបាន​ផ្តល់​សិទ្ធិ​ឲ្យ​ដោយ​ក្រសួង​មហាផ្ទៃ ដើម្បី​វិនិយោគ​លើ​ការ​សាង​សង់​អគារ​ពន្ធនាគារ​ថ្មី​នេះ ដែល​មាន​ដូច​ជា​អគារ​មណ្ឌល​សេវា​សុខភាព សេវា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿង​ញៀន របប​អាហារ​និង​អគារ​សម្រាប់​អ្នក​ទោស​ដែល​បង់ថ្លៃ​សេវា​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ក្រោម​គម្រោង BOT​។

លោក ​ហម ផាន បន្ត​ថា ស្តង់ដា​អគារ​ត្រូវតែ​ស្រប​ទៅ​តាម​ស្ដង់ដារ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ពន្ធនាគារ​«​ហើយ​វា​ជា​មោទនភាព​មួយ ដែល​យើង​កំពុង​អភិវឌ្ឍ​អគារ​ដ៏​ទំនើប​នេះ សម្រាប់​ផ្តល់​សេវាកម្ម​សម្រាប់​អ្នក​ទោស …»​។

អ្នក​នាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​លោក នុត សាវ៉ាន ឱ្យ​ដឹង​ថា ដំណើរការ​សាងសង់​នេះ​គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៨ ដែល​អគារ​នេះ អាច​ដាក់​អ្នក​ទោស​បាន​ប្រហែល​៤០០​នាក់ ហើយ​មជ្ឈមណ្ឌល​ស្តារ​នីតិ​សម្បទា​សម្រាប់​អ្នក​ញៀន​ថ្នាំ ដាក់​បាន​ប្រហែល ១២០ នាក់ និង​អគារ​មួយទៀត​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​បង់ប្រាក់ ដើម្បី​ស្នាក់នៅ​ទីនោះ​។

លោក​ថ្លែងថា​៖ «​សេវាកម្ម​គឺ​មិនមាន​លក្ខណៈ​ខុសគ្នា​ទេ​ទីមួយ​គឺ​បន្ទប់​មាន​ទំហំ​ធំ​ជាង​មុន​,​មាន​កន្លែង​ហាត់ប្រាណ​,​កន្លែង​សម្រាប់​ផ្នែក​កម្មវិធី​សាសនា​,​ស្តារនីតិសម្បទា​…​ហើយ​វា​គឺជា​ការវិនិយោគ ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង គឺ​អនុវត្តតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ហើយ​សូមកុំ​ច្រឡំ​ថា មាន​សេវាកម្ម​ម៉ាស្សា​ឬអ្វី​ផ្សេងទៀត​»​។

លោក​បន្ថែមថា នៅ​ពេល​ដែលមាន​ទីតាំង​ថ្មី​អ្នក​ដែល​អាចមាន​លទ្ធភាព គឺ​ត្រូវ​ផ្លាស់​ទៅកាន់​ទីនោះ​ហើយ​អ្នក​ដែល​មិនមាន​លទ្ធភាព ពួក​គេ​អាច​ទទួលបាន​ទីធ្លា​ទូលាយ​ជាង​មុន ហើយ​សេវាកម្ម​ក៏មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ដែរ​។

លោក​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន​នេះ ពន្ធនាគារ កំពុង​តែ​ប្រឈម​ជាមួយនឹង​បញ្ហា​ជាច្រើន​ជាពិសេស​គឺ​អ្នក​ទោស​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ នៅ​កកកុញ​។

លោក​ចាន់ ពុទ្ធិ​ស័ក្ដិ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ធ្លាប់​ជាប់់ឃុំ ក្នុង​ពន្ធនាគារ​ព្រៃ​ស និង​ពន្ធនាគារ​ត្រពាំង​ថ្លុង អស់​រយៈពេល ៥ ខែ ដោយ​សារ​តែ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី បាន​ឲ្យ​ដឹងថា ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំងពីរ គឺមាន​ភាព​ខុស​គ្នា​។

លោក​ថា នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង មិនមាន​ការ​បែងចែក​អ្នក​ទោស​មាន​ឬ​ក្រ​ទេ អ្នកមាន​និង​អ្នក​ក្រ គឺ​ស្មើភាព​គ្នា​។ ប៉ុន្តែ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​ការ​បែងចែក​អ្នក​ទោស​អ្នក​មាន​និង​អ្នក​ក្រ​។

លោក​បញ្ជាក់​ថា​៖«​នៅ​ព្រៃ​ស អ្នក​មាន ឬ​ឧកញ៉ា នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ពី​អ្នក​ក្រីក្រ​។ ចំពោះ​អ្នក​ក្រីក្រ​នៅក្នុង​ពន្ធនាគារ ជីវិត​គឺ​លំបាក​ខ្លាំង​ណាស់ ខណៈ​អ្នកមាន​រស់នៅ​ទីនោះ ដូច​នៅក្នុង​រង្គសាល ពួកគេ​មាន​ម្ហូបអាហារ​ល្អៗ​មាន​ស្រា​ល្អ​ផឹក មាន​របស់ទំនើបៗ​ដូចជា​ទូរស័ព្ទ​ទំនើប មាន​របស់​ហូបចុក គ្រប់គ្រាន់ បន្ទប់​មាន​សាឡុង​មាន​ពូក និង​ទូរទស្សន៍ កង្ហារ ម៉ាស៊ីន​ត្រជាក់​។ តែ​សម្រាប់​យើង​ក្រីក្រ​គេ​ឲ្យ​យើង​ដេក​នៅលើ​ឥដ្ឋ​»​។

ចំពោះ​ការសង់​អគារ​ពន្ធនាគារ​ទំនើប​ថ្មី សម្រាប់​ជួល​ឲ្យ​អ្នកមាន​ប្រាក់​ដែល​ជាប់ឃុំ​ស្នាក់នៅ លោក​ពុទ្ធិ​ស័ក្តិ យល់ថា អាច​នឹងមិន​ធ្វើ​ឲ្យ​ជនល្មើស​រាងចាល​ឡើយ ដោយសារតែ​នៅ​ពេល​ដែល​ពួក​គេ​ជាប់​ឃុំ ពួកគេ​អាច​រស់នៅ​ក្នុង​បន្ទប់​ទំនើប​មាន​ម៉ាស៊ីន​ត្រជាក់ និង​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​សុខ​ស្រួល គ្មាន​ការលំបាក​ដែល​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​នោះ​ឡើយ​៕ NS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "អគារ​ពន្ធនាគារ​ទំនើប​ សម្រាប់​ជួល​ឲ្យ​អ្នក​ជាប់​ឃុំ​មាន​ប្រាក់​ស្នាក់​នៅ​ចាប់​ផ្តើម​សាងសង់"

  1. Anonymous says:

    Encourage to bad person to did more bad thing because in prison has a comfortable hotel.
    Stupid government, what anything else crazy to this Wonderful Kingdom? ……….??????