សវនាការ​​​ផ្លេកបន្ទោរ​​​ជំនុំជម្រះ​​​អ្នក​​​រិះ​​​គន់​​​លោក ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​ ហើយ​​​ពន្យារ​​​ពេល​​​វិញ

ខេមបូឌា ដេលី

មេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់ត្រូវបាននាំយកមកបើកសវនាការក្នុងរយៈពេលខ្លីកាលពីម្សិលមិញពាក់ព័ន្ធការប្រមាថដល់យោធា ជាករណីដែលឆ្លងប្រព័ន្ធតុលាការយ៉ាងឆាប់រហ័សខុសពីសព្វមួយដង ក្រោយពេលមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើនរណាដែលមើលងាយកងកម្លាំងប្រដាប់អាវុធ។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញ អំឡុងពិធីប្រគល់សញ្ញា បត្រនៅកោះពេជ្រថា “បើមិនច្បាស់ទេ នៅឱ្យស្ងៀម នៅឱ្យស្ងៀមទៅ…ជាប់ខ្នោះមួយហើយកាលពីម្សិលមិញ”។ លោកបានថ្លែងបន្តថា “អស់លោកទាំងអស់ត្រូវប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយប៉ះពាល់ដល់កម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរត្រូវបាននាំខ្លួនឡើងសវនាការជំនុំជម្រះទោសនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ពាក់ព័ន្ធការសរសេរសាររិះគន់រដ្ឋាភិបាលធ្ងន់ៗតាមហ្វេសប៊ុក។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទញុះញង់ចំនួន៣ករណីពាក់ព័ន្ធសាររិះគន់ធ្ងន់ៗតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍។

នៅក្នុងសារនោះ លោក សួន សេរីរដ្ឋា បានចោទប្រកាន់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទថា ដេកនៅក្នុងម៉ាស៊ីនត្រជាក់សប្បាយជាមួយស្រីញី ខណៈពលទាហានខិតខំតស៊ូនៅក្នុងសមរភូមិ។ លោកបានសរសេរបន្ថែមថា លោកនាយករដ្ឋមន្ត្រី”ឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា” បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅប្រទេសឡាវដើម្បីពិភាក្សាអំពីជម្លោះព្រំដែន។

លោក លី សុផាណា អ្នកនាំពាក្យតុលាការបានលើកឡើងកាលពីម្សិលមិញថា លោក សួន សេរីរដ្ឋា ត្រូវបានចោទប្រកាន់ពីបទញុះញង់ដើម្បីកុំឱ្យយោធាស្តាប់បង្គាប់ បទល្មើសធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

លោក លី សុផាណា បានលើកឡើងទៀតថា សវនាការជំនុំជម្រះរឿងក្តី របស់លោក សួន សេរីរដ្ឋា បានចាប់ផ្តើមនៅថ្ងៃម្សិលមិញប៉ុន្តែ ត្រូវបានផ្អាកភ្លាមៗដោយសារលោកត្រូវការស្វែងរកមេធាវីមកការពារក្តី។ លោកបានបន្ថែមថា សវនាការនេះគ្រោងនឹងបន្តនៅថ្ងៃទី២៤ខែសីហា ។ លោកប្រឈមនឹងការជាប់ពន្ធនាគារសរុបរហូតដល់១២ឆ្នាំ និងពិន័យជាប្រាក់២៤លានរៀល ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសលើបទចោទទាំង៣។ សេចក្តីថ្លែងការណ៍របស់តុលាការលើកឡើងថា លោក សួន សេរីរដ្ឋា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

លោក ហ៊ុន សែន បានធ្វើការគំរាមជាទូទៅលើអ្នកធ្វើអត្ថាធិប្បាយណាដែលកំពុងពិចារណាធ្វើតាមលោក សួន សេរីរដ្ឋា។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “នេះជាសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិ អត់ត្រូវបានប្រមាថទេ”។ លោកបានថ្លែងបន្តថា “រឿងអ្នកឯងប្រមាថកងទ័ពជាតិគឺមិនអាចទុកទេ”។

លោកបានបន្ថែមទៀតថា “កុំថាខ្ញុំផ្តាច់ការ”។លោកបានគូសបញ្ជាក់ថា បើគ្មានការអនុវត្តតាមច្បាប់ទេ វានឹងមានភាពអនាធិបតេយ្យ។

លោក ហ៊ុន សែន ក៏បានរៀបរាប់លម្អិតអំពីដំណើរទៅកាន់ទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសៅរ៍ផងដែរ ដោយអំឡុងពេលនោះលោកបានចរចាឱ្យមានការដកកងទ័ពឡាវរាប់សិបនាក់ដែលចូលមកឈរជើងនៅក្នុងតំបន់មានជម្លោះនាភាគខាងជើងខេត្តស្ទឹងត្រែង។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរត្រូវបាននាំខ្លួនឡើងសវនាការជំនុំជម្រះទោសនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ពាក់ព័ន្ធការសរសេរសាររិះគន់រដ្ឋាភិបាលធ្ងន់ៗតាមហ្វេសប៊ុក។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ជម្លោះនេះកើតឡើងដោយសាររដ្ឋមន្ត្រីការបរទេសឡាវមិនបានយកលិខិតចុះថ្ងៃទី២សីហា របស់លោក ហ៊ុន សែន ប្រគល់ឱ្យសមភាគីរបស់លោក គឺលោក ថោងលន់ ស៊ីស៊ូលីតនេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា លោកបានដំឡើងកម្មវិធី WhatsApp ជាកម្មវិធីផ្ញើសារដ៏ពេញនិយមនៅលើទូរស័ព្ទរបស់លោក ថោងលន់ ស៊ីស៊ូលីត អំឡុងដំណើរបំពេញការងាររបស់លោក ដើម្បីចៀសវាងកុំឱ្យមានការយល់ច្រឡំទៀតនៅពេលអនាគត។

លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា លោកធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីស្វែងរកដំណោះស្រាយការទូត ដោយសង្ឃឹមចៀសវាងការប៉ះង្គិចប្រដាប់អាវិធរវាងប្រទេសជិតខាង។

លោកបានមានប្រសាសន៍ថា “នោះមិនមែនជាការឱនក្បាលទេ ប៉ុន្តែ ជានយោបាយការទូតដែលមានភាពទន់ភ្លន់ និងសុច្ឆន្ទៈ”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិននិយាយឡើយថា តើគណបក្សប្រឆាំងគួរតែធ្វើអ្វីពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែននេះ ប៉ុន្តែបានសរសើរដល់ដំណោះស្រាយណាដែលបញ្ចៀសសង្គ្រាម។

លោកបានមានប្រសាសន៍ថា “យើងមិនមែនជាអ្នកកាន់អំណាចទេ ហេតុដូច្នេះយើងមិនអាចប្រាប់បានទេ ថា តើយើង [នឹង] មានយុទ្ធសាស្ត្រយ៉ាងម៉េចនោះ”។ លោកបានបន្ថែមថា “យើងចង់បានដំណោះស្រាយសន្តិវិធី ដំណោះស្រាយណាដែលនាំទៅរកប្រយោជន៍ទៅវិញទៅមករវាងប្រទេសរបស់យើង… និងប្រទេសជិតខាង”។

លោក Sebastian Strangio អ្នកនិពន្ធសៀវភៅមានចំណងជើងថា “កម្ពុជារបស់ហ៊ុន សែន (Hun Sen’s Cambodia)” បានលើកឡើងថា “ឡាវជាប្រទេសតូច” វាទំនងជាមិនបង្កការភ័យខ្លាចនិងការព្រួយបារម្ភក្នុងចំណោមមជ្ឈដ្ឋានខ្មែរទេ ទោះជាយ៉ាងណា លោក ហ៊ុន សែន ព្យាយាមប្រើប្រាស់ប្រទេសហ្នឹងដើម្បីជំរុញ “កេរ្តិ៍ឈ្មោះជាបុរសខ្លាំង” របស់លោក បើរឿងហ្នឹងនៅអូសបន្លាយពេល។

លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះសូមកុំភ្ញាក់ផ្អើលប្រសិនបើជម្លោះព្រំដែននេះ ‘ផ្ទុះឡើង’ ម្តងទៀតនៅមុនការបោះឆ្នោតឆ្នាំ២០១៨”៕ ស៊ុយឈាង

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "សវនាការ​​​ផ្លេកបន្ទោរ​​​ជំនុំជម្រះ​​​អ្នក​​​រិះ​​​គន់​​​លោក ហ៊ុន សែន បាន​​​ចាប់​​​ផ្តើម​​​ ហើយ​​​ពន្យារ​​​ពេល​​​វិញ"

  1. ?omen? says:

    តាមពិត សួន សេរីរដ្ធា មិនបានមើលងាយមើលថោកដល់កងទ័ពជាតិដូចអ្វីដែលពួកអាក្រុមផ្កាយចោរនិងក្រុមតិរិច្ឆានចោតនុះទេ អ្វីដែល សួន សេរីរដ្ធា បាននិយាយគឺជារឿងពិតធ្វើឲ្យលោក ហ៊ុន សែន ទទួលយកមិនបានហើយដើរខាំគេខាំឯងពេញស្រុកពូកែណាស់បានតែអ្នកក្នុងស្រុកអ្មកដែលនៅក្រៅស្រុកគេជេរពេញៗមាត់។អាយ៉ងលេងខុសរឿងលោក ហ៊ុន សែន គឹតថាលេងឲ្យបានសមខំយករឿងព្រុំដែនឡាវមកលេងដឹងអីមហាជនខ្មែរលោកសួរថាមិចមិនយកព្រុំដែនយួនមកលេងផងធ្វើឲ្យ ហ៊ុន សែន សឹងក្អួតឈាម! លោតអាយ៉ងខុសរឿងធ្វើឲ្យថៅកែអាយ៉ងយួនខឹងមិនស្ទើទេ។ដោះលេងគេវិញទៅលោក ហ៊ុន សែន ដោះលេងអ្នកទាំងអស់ដែលជាអ្នកទោសនយោបាយអោយមានសេរីភាពវិញទៅដើម្បីជាតិយើងទាំងអស់គ្នាអោយពួកគេបានជួបជុំក្រុមគ្រួសារប្រព័ន្ធកូនដូចលោកដែរ ok Mr hun sen if you can we all love you so much !!