
កម្មករកាត់ដេរជាង ១០០០ នាក់នៅរោងចក្រ International Fashion Royal Co Ltd. ធ្វើការតវ៉ា។ រូបថត សហការី
Tue, 15 August 2017
យន់ ស៊ីនាត
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កម្មករកាត់ដេរជាង ១០០០ នាក់នៅរោងចក្រ International Fashion Royal Co Ltd. ដែលជាកម្មសិទ្ធិរបស់កូរ៉េ និងអាមេរិកបានបន្តធ្វើកូដកម្មកាលពីម្សិលមិញពាក់ព័ន្ធនឹងការចោទប្រកាន់ថារោងចក្រប្រើឧត្តមសេនីយ៍នគរបាល ដើម្បីបំភិតបំភ័យកម្មករ និងទាមទារឲ្យកែសម្រួលលក្ខខណ្ឌការងារ។
លោក ប៊ូ ថេត ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករថ្លែងថា៖ «ក្រុមហ៊ុនមិនបង្ហាញចេតនាដោះស្រាយបញ្ហា ឬចរចាជាមួយសហជីព ប៉ុន្តែពួកគេបានជួលឧត្តមសេនីយ៍នគរបាលផ្កាយមួយមកគំរាមកំហែងយើង»។
លោកបន្តថាភាពតានតឹងមានលក្ខណៈខ្លាំងឡើងចាប់តាំងពីខែឧសភានៅពេលដែលអ្នកផ្គត់ផ្គង់ឲ្យ K-mart បានព្យាយាមបណ្តេញរូបលោកជាជាងដោះស្រាយការទាមទាររបស់សហជីព។ «បន្ទាប់ពីការយកខ្ញុំចូលធ្វើការវិញ ខ្ញុំបានដាក់លិខិតចរចាម្តងទៀតស្នើសុំក្រុមហ៊ុនពិភាក្សា»។
ការទាមទាររួមមានប្រាក់អត្ថប្រយោជន៍លំហែមាតុភាពប្រាក់ ១០០០ រៀលបន្ថែមសម្រាប់ថ្លៃអាហារថ្ងៃត្រង់ និងប្រាក់ឧបត្ថម្ភអាហារសម្រាប់ការងារថែមម៉ោង។
លោក ថេត និងកម្មករបានចោទប្រកាន់ថាលោក ង៉ែត ចាន់ណារ៉ា ដែលជាមន្ត្រីនគរបាលអន្តោប្រវេសន៍ បន្ទាប់មកត្រូវបានជួលឲ្យបំបែកសាមគ្គីភាពសហជីពតាមរយៈការបំភិតបំភ័យដោយប្រើតំណែងរដ្ឋាភិបាលរបស់លោក។
អ៊ីមែលមួយដែលផ្ញើដោយអ្នកគ្រប់គ្រងទូទៅរបស់រោងចក្រដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់អំពីការជួលលោក ចាន់ណារ៉ា ឲ្យធ្វើការងារជាអ្នកគ្រប់គ្រងធនធានមនុស្សចាប់តាំងពីចុងខែកក្កដាឆ្នាំ ២០១៧ នេះ។ សំណួរទៅអ៊ីមែលនេះមិនទទួលបានចម្លើយទេ។
អ្នកនាំពាក្យនគរបាលអន្តោប្រវេសន៍លោក កែប សារិន បានបដិសេធធ្វើអត្ថាធិប្បាយដោយទាមទារឲ្យភ្នំពេញប៉ុស្តិ៍ផ្តល់ច្បាប់ចម្លងនៃកិច្ចសន្យាជួលលោក ចាន់ណារ៉ា ជាមុនសិន។
ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងថាវា «ខុសច្បាប់» សម្រាប់មន្ត្រីដែលកំពុងមានភារកិច្ចទៅធ្វើការងារឲ្យក្រុមហ៊ុនឯកជន៕ PS
Contact author: យន់ ស៊ីនាត