ដោយ លោក ញឹម សុខន | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧ | ម៉ោង 9:00 AM
http://vodhotnews.com

លោក ហ៊ុន សែន និង លោក ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (រូបភាពហ្វេសប៊ុក លោក ហ៊ុន សែន)
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី១១ខែសីហា បានព្រមានពីសង្គ្រាម បើមេដឹកនាំឡាវ មិនព្រមដកកងទ័ពចេញពីទឹកដីកម្ពុជា ពីខេត្តស្ទឹងត្រែង ក្នុងរយៈពេល៦ថ្ងៃនោះ ដោយថាកម្ពុជានឹងប្រើកម្លាំងទ័ពរុញច្រាន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
សារព្រមានដ៏កម្ររបស់មេដឹកនាំបក្សកាន់អំណាចនេះ ជំរុញឲ្យពលរដ្ឋកម្ពុជាមួយចំនួនបង្ហាញទស្សនចម្រុះ ដោយអ្នកខ្លះគាំទ្រវិធានការបក្សកាន់អំណាច តែអ្នកខ្លះទៀតបែរជារិះគន់រដ្ឋាភិបាលថា បង្កើតព្រឹត្តិការណ៍ ដើម្បីកេងចំណេញនយោបាយមុនការបោះឆ្នោតជិតមកដល់ទៅវិញ។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូឃ្លីបលើបណ្តាញសង្គម រិះគន់បក្សប្រឆាំងថា អួតក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិ តែដល់ពេលប្រទេសជួបបញ្ហាជាមួយឡាវ បែរជាមិនហ៊ានចេញមុខទៅការពារ។
តែអ្នកខ្លះវិញ រិះគន់បក្សកាន់អំណាចថា ការប្រកាសវិធានការក្តៅជាមួយឡាវពេលនេះ ថាជាល្បិចនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព ខណៈការបោះឆ្នោតជាតិឆ្នាំ២០១៨ជិតមកដល់។
ជាការកត់សម្កាល់ ក្រោយលោក ហ៊ុន សែន គំរាមពីសង្គ្រាមជាមួយឡាវនេះ នៅល្ងាចថ្ងៃដដែល គេសង្កេតឃើញបណ្តាញសារព័ត៌មាន ដែលភាគច្រើនស្និទ្ធនឹងរដ្ឋាភិបាល ក៏បានផ្សាយផ្ទាល់ពីសកម្មភាពចល័តកងទ័ព រថពាសដែក កាំជ្រួចហ្វូង(BM) និងសម្ភារសឹកមួយចំនួន ចេញពីបន្ទាយ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែងទាំងយប់ផងដែរ។
ករណីនេះ ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានសរសេររិះគន់ថា បើសង្គ្រាមផ្ទុះឡើងជាមួយឡាវមែន លោកថា ពលទាហាន ជាអ្នកស្លាប់ មេធាហាន ជាអ្នកទទួលផលប្រយោជន៍ពីសង្គ្រាមក្នុងសម័យទំនើបនេះ។
ប៉ុន្តែមួយថ្ងៃបន្ទាប់ លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា ការបញ្ចេញមតិរបស់អ្នកនយោបាយរូបនោះ ថាជាការប្រមាថមើលងាយកងទ័ព។
នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានព្រមានថា នឹងចាប់វាយខ្នោះ បើអ្នកណានិយាយថា បញ្ហាព្រំដែនកម្ពុជា ឡាវ ជាការកេងចំណេញសន្លឹកឆ្នោតសម្រាប់បក្សប្រជាជន ខណៈនាយករដ្ឋមន្រ្តីកម្ពុជាបានទៅចរចាដល់ប្រទេសឡាវ ឲ្យឡាវដកទ័ពចេញហើយនោះ។
អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ការប្រកាសពីសង្គ្រាមជាមួយឡាវរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ លោកថាពិបាកថាជារឿងពិតឬជាឆាកល្ខោន បើទោះបីលោកថា កងទ័ពឡាវពិតជាបានចល័តចូលទឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែងពិតមែនក៏ដោយ។
ប៉ុន្តែលោក ឆាំ ប៊ុនថេត លើកឡើងថា បញ្ហាព្រំដែនត្រូវបានអ្នកនយោបាយខ្មែរ យកមកធ្វើការទាញផលប្រយោជន៍នយោបាយច្រើនជំនាន់មកហើយ។
លោក ឆាំ ប៊ុនថេត វិភាគទៀតថា អ្វីជាយន្តការការពារបូរណភាពទឹកដីពិតប្រាកដនោះ គឺបក្សកាន់អំណាចនិងបក្សប្រឆាំង រួមទាំងពលរដ្ឋគ្រប់និន្នាការផង គួរសហការគ្នា ពង្រឹងផ្ទៃក្នុងជាតិ រុញស្ថានការណ៍នេះទៅជាការប្រឹងប្រែងការពារបូរណភាពរួមគ្នា ជៀសវាងបង្កើតបញ្ហានេះឡើង ដើម្បីតែលាភពណ៌ខ្មែរគ្នាឯង ឬចាប់គ្នាដាក់គុក។
លោកថា៖ «វាមិនមែនរឿងតែជាមួយឡាវទេ វាជាមួយថៃផង ជាមួយវៀតណាមផង បើសិនជាមានការជ្រោមជ្រែងទាំងឡាយណាយកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីដោះស្រាយវិប័តជាតិ ហើយនឹងបញ្ហាខាងក្នុងនេះ ដែលពលរដ្ឋនៅខ្វះ[ការយល់ដឹង]យកអាស្មារតីហ្នឹង ស្មារតីការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ស្មារតីខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ។ រឿងច្រើនណាស់ដែលរដ្ឋាភិបាលធ្វើអត់ទាន់បាន ដែលត្រូវការប្រជាពលរដ្ឋ ត្រូវការបក្សប្រឆាំង ដើម្បីជួយជំរុញបន្ថែមឲ្យរដ្ឋាភិបាលបំពេញបន្ថែមឲ្យបានច្រើន»។
អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថាជម្លោះព្រំដែនកម្ពុជា-ឡាវ លោកថាមិនមែនជាឆាកល្ខោនទេ ដោយថាហេតុការណ៍នេះ វាបានកើតឡើងពិតប្រាកដនៅលើទឹកដីកម្ពុជាតាំងពីដើមឆ្នាំ២០១៧មកម្លេះ។ លោកថា បញ្ហានេះដោយសារតែភាគីឡាវ រារាំងមិនឲ្យកម្ពុជាធ្វើផ្លូវក្នុងខេត្តស្ទឹងត្រែង ជិតព្រំដែននោះ។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា អ្វីដែលរដ្ឋាភិបាលកម្ពុជាហ៊ានបង្ហាញសាច់ដុំដាក់ឡាវ ខុសពីជម្លោះជាថៃនិងវៀតណាម លោកថាអាចមកពីប្រមុខដឹកនាំកម្ពុជា គិតថាខ្លួនមានប្រៀបផ្នែកកងទ័ពលើប្រទេសជិតខាងមួយនេះ។
លោកថា៖ «បើយើងគិតពីកម្លាំងទ័ពយើងខ្សោយជាងប្រទេសជិតខាង ហើយជាមួយឡាវ យើងអាចតទល់បាន ហើយប្រសិនជាឡាវយើងនិយាយតាមការទូតមិនស្តាប់ទេ យើងមានតែប្រើកម្លាំងហ្នឹងហើយ អានេះជាយន្តការដោះស្រាយ។ ប៉ុន្តែតែគ្រាន់ថា រូបភាពជាមួយថៃយើងមិនហ៊ាន ជាមួយវៀតណាមយើងមិនហ៊ាន អីដែរព្រោះថៃក៏មិនទាន់ដកអស់ពីតំបន់ព្រះវិហារត្រង់តំបន់៤.៦ដែរ អានេះដែលបក្សប្រឆាំងគួរប្រតិកម្ម មិនមែនប្រតិកម្មរឿងនេះទេ»។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បញ្ហាព្រំដែននៅតែជាចរន្តមួយ ទាញទម្លាក់ប្រជាប្រិយភាពបក្សកាន់អំណាច បើបញ្ហានេះមិនត្រូវបានលាតត្រដាង ដើម្បីឲ្យពលរដ្ឋ និងអ្នកនយោបាយផ្សេងជឿបានថា ការបោះបង្គោលព្រំដែន រដ្ឋាភិបាលពិតជាមានលទ្ធភាពការពារមិនឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះ។
លោកថា៖ «ករណីព្រំដែនមិនត្រូវបានបំភ្លឺនៅតែស្រពេចស្រពិល នៅតែអាថកំបាំង ធ្វើឲ្យពលរដ្ឋគិតថាអញ្ចេះ គិតថាអញ្ចុះវាមានការអាថកំបាំង មានការថាបាត់បង់ប្រយោជន៍ជាតិ អីអញ្ចឹង តាមការស្រមើស្រម៉ៃតាមអ្នកនយោបាយមួយចំនួនបំប៉ោងព័ត៌មាន បំភ្លៃព័ត៌មាន។ ដល់អញ្ចឹងទៅគាត់[ប្រជាពលរដ្ឋ]អាចវិលវល់ បាត់បង់ជំនឿទៅលើកិច្ចការរបស់រដ្ឋ ដល់អញ្ចឹងរដ្ឋាភិបាលអាចប្រឈមទៅនឹងការបាត់បង់ប្រជាប្រិយភាព»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បូរណភាពទឹកដី ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធ។
ប៉ុន្តែលោក សូ ចន្ថា វិភាគថា បើគេពិនិត្យពីជម្លោះព្រំដែនដូចគ្នាជាមួយវៀតណាម ដែលលោកថារដ្ឋាភិបាលកម្ពុជារក្សាភាពស្ងៀមស្ងាត់ មិនផ្ញើសារគំរាម ដូចករណីជាមួយឡាវ លោកថា បញ្ហានេះអាចមានភាគីណាមួយរៀបចំឡើង ដើម្បីបង្កើតជាព្រឹត្តិការណ៍ជួយយិតយោងប្រជាប្រិយភាព ខណៈការបោះឆ្នោតជិតមកដល់។
លោកថា៖ «ចំពោះស្ថានការណ៍ព្រំដែនដូចគ្នា ក្នុងករណីជាមួយថៃ ជាមួយវៀតណាមអីជាដើម យើងហាក់ដូចជាមិនឃើញមាននាយករដ្ឋមន្ត្រីរបស់កម្ពុជាហ្នឹងចេញមុខដោយផ្ទាល់ ចេញមុខទៅចរចាបែបនេះនោះទេ។ អញ្ចឹងហើយយើងមើលទៅហាក់ដូចជាបង្កើតព្រឹត្តិការណ៍មួយ ដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រ ជាពិសេសបានប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតខាងមុខនេះដែរ»។
បើតាមអ្នកវិភាគ ដើម្បីឲ្យការខំប្រឹងប្រែងរបស់រដ្ឋាភិបាលទទួលបានការគាំទ្រពីប្រជាពលរដ្ឋមួយចំនួនដែលបារម្ភខ្លាចបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តឲ្យអ្នកបារម្ភទាំងនោះ បានទៅពិនិត្យបង្គោលព្រំដែនដោយគ្មានការរារាំង ហើយគណៈកម្មាធិការព្រំដែនត្រូវមានសមាសភាពមកពីគ្រប់និន្នាការ រួមទាំងបើកចំហព័ត៌មានពីបញ្ហាព្រំដែននេះ៕
again HUN SEN walking naked in front of Cambodian . in the history LAO did not have policy to take over Cambodia. how about HUN SEN million years friendship with Vietcong . the question is >>> did Cambodia gain more land from Vietcong as HUN SEN said in his speak about the border between this two country??? how much did we lost to Vietcong ??????. I can say we are not just loosing our shirt but we just about to lost our short also, believe me. peace for Cambodian GOD bless them all