ការ​នាំ​ឈើ​ទៅ​វៀតណាម ១ ​ឆមាស​កើន​ស្ទើរ​ស្មើ​នឹង​ ១ ​ឆ្នាំ​មុន

គំនរ​ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​ចាប់​បាន​នៅ​ខេត្តរតនគិរី​កាលពី​ពេល​កន្លង​ទៅ​។ រូបថត Adhoc



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ការ​នាំ​ចេញ​ឈើ​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​សរុប​​សម្រាប់​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​នេះ​ស្ទើរតែ​ស្មើ​នឹង​ចំនួន​នាំ​ចេញ​ឈើ​សរុប​នៃ​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​គយ​វៀតណាម ខណៈ​ការ​វិភាគ​មួយ​និយាយ​ថា​ការ​ហាមប្រាម​របស់​កម្ពុជា​មិន​ឲ្យ​មាន​ចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម​ «​បាន​បរាជ័យ​ទាំង​ស្រុង​» ​ដោយសារ​ការ​បន្ត​ពាណិជ្ជកម្ម​ដែល​មាន​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នេះ​។

ទិន្នន័យ​ដែល​ទទួល​បាន​និង​ចេញ​ដោយ​អង្គការ Forest Trends ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា​ឈើ​កម្ពុជា​យ៉ាង​ច្រើន ៣១៣ ០០០ ​ម៉ែត្រគុប​ដែល​មាន​តម្លៃ​ ១៤២ ​លាន​ដុល្លារ​ត្រូវ​បាន​ចុះ​បញ្ជី​ដោយ​គយ​វៀតណាម​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​រួម​ទាំង​ឈើ​ដែល​អារ​រួច និង​ឈើ​ដែល​មិន​ទាន់​អារ​។

ទិន្នន័យ​គយ​វៀតណាម​បង្ហាញ​​ថា​ការ​នាំ​ចេញ​ឈើ​សរុប​ក្នុង​ឆ្នាំ​ ២០១៦ ​គឺ​មាន​ចំនួន​ ៣១៨២៣២ ​ម៉ែត្រគុប​បើ​ទោះបី​ជា​មាន​ការ​ «​បង្ក្រាប​» ​ដោយ​ក្រុម​ការងារ​ប្រឆាំង​ការ​កាប់​ឈើ និង​ការ​ហាមប្រាម​មិន​ឲ្យ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដែល​បាន​ប្រកាស​កាលពី​ខែ​មករា​ឆ្នាំ​នោះ​ក៏ដោយ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លោក គុណ ញឹម មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ដើម្បី​ផ្ទៀងផ្ទាត់​តួលេខ​ជាមួយ​កម្ពុជា​។

នៅ​ពេល​សួរ​អំពី​តួលេខ​ស្ថិតិ​​ថ្មី​របស់​គយ​វៀតណាម​កាលពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល បាន​ស្នើសុំ​របាយការណ៍​ផ្លូវការ​របស់​គយ​វៀតណាម​។ លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ក្រៅ​ពី​សំណូមពរ​ឲ្យ​ប្រាប់​ថា​រឿង​នេះ​ «​ពិត​ជា​បាន​កើតឡើង​» ​ទេ​។

ចំនួន​នៃ​ការ​នាំ​ចេញ​ឈើ​ឆ្នាំ​ ២០១៧ ​ដ៏ច្រើន​បាន​ឆ្លង​ព្រំដែន​ក្នុង​អំឡុង​រយៈពេល​ ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដែល​ការ​កើនឡើង​ខ្លាំង​នេះ​គឺ​ដោយសារ​ប្រតិបត្តិការ​កាប់​ឈើ​ «​ជា​ប្រព័ន្ធ​» ​ដែល​គាំទ្រ​ដោយ​ពាណិជ្ជករ​វៀតណាម​។

បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ (EIA) ​បាន​ឲ្យ​ដឹង​ថា​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី និង​ត្រូវ​បាន​សម្របសម្រួល​ដោយ​ការ​សូកប៉ាន់​លុយ​ទៅ​មន្ត្រី​នៃ​ប្រទេស​ទាំង​ ២​។

បន្ទាប់ពី​ការ​ចេញ​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​កាលពី​ខែ​ឧសភា​លោក សំអាល់ បាន​ថ្លែង​ថា​ការ​ស៊ើបអង្កេត​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ធ្វើ​ឡើង​។

ទោះ​យ៉ាង​ណា​ក្តី​មិន​មាន​សេចក្តី​លម្អិត​បន្ថែម​អំពី​ជនសង្ស័យ​ណា​នោះ​ទេ​។

ទិន្នន័យ​បង្ហាញ​ថា​អាជ្ញាធរ​គយ​វៀតណាម​បាន​ទទួល​ប្រហែល​ ១៧០០០០ ​ម៉ែត្រគុប​នៃ​ឈើ​អារ​រួច​ដែល​មាន​តម្លៃ​ ១១០ ​លាន​ដុល្លារ និង​ ១៤៣០០០ ​ម៉ែត្រគុប​នៃ​ឈើ​មិន​ទាន់​អារ​ដែល​មាន​តម្លៃ​ ៣១ ​លាន​ដុល្លារ​ចន្លោះ​​ពី​ខែ​មករា​ដល់​ខែ​មិថុនា​។

វៀតណាម​បាន​នាំ​ចូល​ឈើ​មិន​ទាន់​អារ​ចំនួន ១៣៩០០០ ​ម៉ែត្រគុប និង​ឈើ​អារ​រួច​ចំនួន​ ១៧៩០០០ ​ម៉ែត្រ​គុប​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​ទិន្នន័យ​គយ​ដែល​ចងក្រង​ដោយ​អង្គការ Forest Trends​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក Marcus Hardtke ដែល​ជា​សកម្មជន​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ជា​យូរ​មក​ហើយ​បាន​ថ្លែង​បន្ទាប់ពី​ការ​ធ្លាក់​ចុះ​បណ្តោះអាសន្ន​នៃ​ការ​នាំ​ចេញ​បន្ទាប់ពី​ការ​បង្ក្រាប​ថា​ពាណិជ្ជកម្ម​​នេះ​បាន​ «​កើនឡើង​ម្តង​ទៀត​»​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​រដូវប្រាំង​ឆ្នាំ​ ២០១៦/១៧ ​បាន​ឃើញ​ការ​កើនឡើង​ខ្លាំង​​នៃ​ការ​នាំ​ចេញ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម ទិន្នន័យ​ថ្មី​របស់​គយ​ពី​ឆ្នាំ​ ២០១៧ ​ជាថ្មី​ម្តង​ទៀត​បញ្ជាក់​អំពី​លទ្ធផល​រកឃើញ​នៃ​ការ​ស៊ើបអង្កេត​របស់​ EIA»​។

អ្នក​វិភាគ​នៅ​អង្គការ Forest Trends លោក Phuc Xuan To ក៏​បាន​ថ្លែង​ផង​ដែរ ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​ការ​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​គឺ​ប៉ះពាល់​តិចតួច​ទៅ​លើ​ពាណិជ្ជកម្ម​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​តួលេខ​ទាំង​នេះ​បង្ហាញ​ច្បាស់​ថា​ការ​ហាម​ប្រាម​ការ​នាំ​ចេញ​បាន​បរាជ័យ​ទាំង​ស្រុង​»៕PS

រាយការណ៍​បន្ថែម​ដោយ ឆាយ ច័ន្ទនីដា


Contact author: Shaun Turton

What Next?

Recent Articles