ដោយ មាន ឫទ្ធិ
2017-08-16
RFA

ពលរដ្ឋចុះឈ្មោះបោះឆ្នោតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦។ RFA
![]()
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងកាលពីថ្ងៃទី១៥ ខែសីហា ថា ប្រជាពលរដ្ឋទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនសរុបជាង ១លាន ៤សែននាក់ (១.៤១២.១៤៩នាក់)។
ក្នុងចំណោមប្រជាពលរដ្ឋសរុបជិត ១៦លាននាក់ (១៥.៨៨៣.២៥០នាក់) ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងមានចំនួនជិត ៩លាន ៨សែននាក់ (៩.៧៨៨.២៣៩នាក់) ហើយអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ រួចមានចំនួនជាង ៧លាន ៨សែននាក់ (៧.៨៦៥.០៣៣នាក់)។
គ.ជ.ប ឲ្យដឹងទៀតថា ការិយាល័យបោះឆ្នោតសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ អាចមានចំនួនជាង ២ម៉ឺន ៣ពាន់ការិយាល័យ (២៣.៤៧០ការិយាល័យ)។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ រយៈពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ–សង្កាត់ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ–សង្កាត់មានរយៈពេល ៧០ថ្ងៃ គឺគិតពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នេះ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត រួមមានដូចជា ការកែតម្រូវឈ្មោះ និងទិន្នន័យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ឲ្យត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពួកគាត់។ ការលុបឈ្មោះអ្នកបោះឆ្នោតដែលទទួលមរណភាព អ្នកដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត និងអ្នកដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ទៅឃុំ–សង្កាត់ផ្សេង។ ការចុះឈ្មោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត។ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋដែលផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ–សង្កាត់ថ្មី។
មាត្រា៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអនុម័តខែមីនា ឆ្នាំ២០១៥ ចែងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា មានសញ្ជាតិខ្មែរ មានអាយុ ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ–សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
ជាមួយគ្នានេះដែរ គ.ជ.ប បានអំពាវនាវដល់តំណាងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយ ដែលមានបំណងចង់ចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោត ឲ្យរួសរាន់ដាក់ពាក្យមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ ដោយឡែកសម្រាប់គណបក្សនយោបាយដែលចង់ដាក់ភ្នាក់ងារដើម្បីសង្កេតការណ៍ ត្រូវដាក់ពាក្យទៅក្រុមប្រឹក្សាឃុំ–សង្កាត់ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕