
ប្រធានស្ដីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍នេះ។ ហុង មិនា
Thu, 17 August 2017
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានអញ្ជើញតំណាងគណបក្សអំណាចខ្មែរទៅជួបនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការអនុវត្តច្បាប់ស្តីអំពីគណបក្សនយោបាយ បន្ទាប់ពីទីស្នាក់ការគណបក្សនេះត្រូវបាននគរបាលចុះឆែកឆេរនិងរឹបអូសដោយសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយ រណសិរ្សរំដោះជាតិខ្មែរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
បើតាមលិខិតដែលបានចេញ កាលពីម្សិលមិញ ដោយអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានអញ្ជើញតំណាងពីររូបនៃក្រុមប្រឹក្សានយោបាយរបស់គណបក្សអំណាចខ្មែរ ទៅជួបប្រជុំនៅក្រសួង មហាផ្ទៃ នៅវេលាម៉ោង ៩ ព្រឹក។
ទន្ទឹមនេះ លិខិតអញ្ជើញនេះក៏បានភ្ជាប់ជាមួយផងដែរនូវដីកាប្រញាប់មួយដែលចេញដោយអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល លោក ឈិន កាន ដោយប្រាប់ទៅកាន់ក្រុមប្រឹក្សានយោបាយរបស់គណបក្សអំណាចខ្មែរថា ជាករណីប្រញាប់ណាស់។
នៅពេលទាក់ទង កាលពីម្សិលមិញ លោក ឈិន កាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតទេដោយលោកថ្លែងថា ការកោះហៅនេះគឺគ្រាន់តែដើម្បីពិភាក្សាអំពីការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ និងថា រង់ចាំពិភាក្សាជាមួយគណបក្សអំណាចខ្មែរជាមុនសិន។
លោក ឈឹម កាន បានបញ្ជាក់ថា៖ «ខ្ញុំមិនប្រាប់មុនទេ។ យើងសួរគាត់មុនសិន»។
ប្រធានស្ដីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា លោកនិងសហការីនឹងទៅជួបក្រសួងមហាផ្ទៃ ហើយលោកនឹងសូមឲ្យក្រសួងមហាផ្ទៃផ្តល់អនុសាសន៍មួយចំនួនផងដែរអំពីការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ។
លោក សុភ័ណ្ឌ បានបន្តទៀតថា៖ « [យើង] នឹងសូមឲ្យក្រសួង មហាផ្ទៃបំពេញចំណុចខ្វះខាត ដើម្បីចៀសពីការរំលាយគណបក្ស»។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទបំបែកបំបាក់និងញុះ-ញង់កងទ័ពមិនឲ្យគោរពតាមបញ្ជាក្នុងការបញ្ជូនទ័ពទៅបណ្តេញទាហានឡាវនៅតំបន់ព្រំដែនមានជម្លោះកាលពីសប្តាហ៍មុន។
ជាងនេះទៅទៀត កាលពីថ្ងៃ ១៥ សីហា សមត្ថកិច្ចបានចុះឆែកឆេរទីស្នាក់ការគណបក្សអំណាចខ្មែរដោយរឹបអូសសម្ភារនិងឯកសារមួយចំនួន បន្ទាប់ពីមានការសង្ស័យថា លោក សួន សេរីរដ្ឋា សហការជាមួយរណសិរ្សរំដោះជាតិខ្មែរដឹកនាំដោយលោក សម សេរី ដែលកំពុងនៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងករណីនេះ លោក សួង សុភ័ណ្ឌ បានថ្លែងថា គណបក្សអំណាចខ្មែរក៏នឹងស្នើសុំតុលាការឲ្យទម្លាក់ការចោទលើលោក សេរីរដ្ឋា ផងដែរ។
លោកថា៖ «យើងនឹងព្យាយាមស្នើសុំ [តុលាការ] ទម្លាក់ការចោទដោយសារការចោទនេះមិនត្រឹមត្រូវ។ ការរិះគន់របស់ [សេរីរដ្ឋា] គឺគ្រាន់តែដើម្បីស្ថាបនា»។ «យើងក៏បានចេញលិខិតថ្កោលទោសលោក សម សេរី រួចហើយ»៕PS