UN សួរ ​​គ.ជ.ប ពី​ការ​មិនអាច​រៀប​ចំ​ឲ្យមាន​ការ​​បោះឆ្នោតនៅ​ក្រៅ​ប្រទេស

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧​
http://vodhotnews.com

បោះឆ្នោត

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត


តំណាងអង្គការសហ​ប្រជា​ជាតិបាន​ចោទ​​សួរគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ពី​ករណី​មិន​អាច​សម្រួលឲ្យ​ពល​ករ​​​ខ្មែរ​ ចុះ​ឈ្មោះនៅ​ក្រៅ​ប្រទេស និង​​បោះឆ្នោតនៅ​ក្រៅ​ប្រទេស​បាន ខណៈ​កា​រ​ចុះ​​ឈ្មោះថ្មី ​នឹង​ចាប់​ផ្តើម​នៅ​ដើមខែ​ក្រោយ។​​

អ្នក​រាយការណ៍​​ពិ​សេសផ្នែកសិទ្ធិ​មនុស្សនៃអង្គការ​សហ​ប្រជា​ជាតិ លោក​ស្រី​ រ៉ូណា ស្មីត បាន​បង្ហាញ​ការ​បារម្ភរបស់​ខ្លួន ​ពី​ការ​បាត់​បង់​សំឡេង​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ ​ដែល​ទៅ​ធ្វើ​ការនិង​សិក្សា​នៅ​ក្រៅ​ប្រទេស​ ដោយ​ទំនងលោកស្រីនឹង​ជម្រុញ​ឲ្យ ​គ.ជ.ប មាន​វិធាន​ការ​ណ៍ពី​ករណី​នេះ។

បន្ទាប់ពី​ជំនួ​ប​បិទ​ទ្វារ​ជា​មួយ ​គ.ជ.ប ជាង​២​ម៉ោង កាលថ្ងៃទី១៧សីហាម្សិលមិញ​ លោក​ស្រី ​រ៉ូណា ស្មីត បានប្រាប់​​ក្រុម​អ្នក​សារព័ត៌មានថា លោក​ស្រី ​បានលើក​​ពី​ករណីជាច្រើន​​ ក្នុ​ងនោះ ​ក៏​មានករណី​ពលរ​ដ្ឋ​ខ្មែរ​​រស់​នៅ​ក្រៅ​ប្រទេស​ មិន​ត្រូវ​បាន​រដ្ឋាភិបាល ឬ​ គ.ជ.ប មាន​វិធាន​ការជួយ​ពួកគេ​បាន​ចុះ​​ឈ្មោះ​ និងបោះឆ្នោត​បាន​នៅក្រៅ​ប្រទេស។

ទាក់​ទងនឹង​ករណី​នេះ ​អ្នក​នាំពាក្យ ​គ.ជ.ប លោក ហង្ស ពុទ្ធា​ បាន​ឲ្យ​ដឹង​ថា គ.ជ.ប គ្មាន​សមត្ថភាព​ណា​ដែល​លើស​ពី​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ពល​រដ្ឋ​ខ្មែរ ចុះ​ឈ្មោះ និង​​បោះឆ្នោត​បានក្រៅប្រទេស​បាន​ទេ ដោយ​ថា​​ គ.ជ.ប បានត្រឹម​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ទាំង​នោះ មក​ចុះ​ឈ្មោះ​បោះឆ្នោត​ នា​ដើម​ខែក្រោយ។

កាលពី​សប្តាហ៍មុន សមាជិកសភាគណបក្សប្រឆាំ​ង​ បានស្នើ​ទៅប្រធានរដ្ឋសភា លោក ហេង សំរិន ទទួលយកទៅពិនិត្យ និងអនុម័តនាពេល​ខាង​មុខ នូវមាត្រាចំនួន៣ នៃច្បាប់បោះឆ្នោត ដោយថា ដើម្បីសម្រួលឲ្យពលករខ្មែរ អាច​ចុះ​ឈ្មោះ ​និងបោះឆ្នោតបាន នៅក្រៅប្រទេស។

ការចាប់​ផ្តើមធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត និង​ការ​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​រយៈពេល​៧០​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៩វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ ខណៈដែល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ​នឹង​ប្រព្រឹត្ត​ទៅថ្ងៃ​ទី២៩កក្ក​ដា ឆ្នាំ​២០១៨៕ ​​

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles