ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ | ម៉ោង 5:31 PM
http://vodhotnews.com

ក្រសួងមហាផ្ទៃប្តឹងសុំរំលាយគណបក្សនយោបាយជិត១០គណបក្ស ទៅតុលាការកំពូល ដោយថាគណបក្សទាំងនោះល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងត្រូវបានអនុម័ត។
ក្នុងលិខិតចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ផ្ញើទៅកាន់ប្រធានតុលាការកំពូល ក្រសួងមហាផ្ទៃបានស្នើសុំឲ្យតុលាការកំពូលសម្រេចរំលាយគណបក្សនយោបាយចំនួន៩ដែលគេមិនសូវស្គាល់ឈ្មោះនេះ រួមមាន គណបក្សប្រជាជាតិខ្មែរ, គណបក្សពលរដ្ឋខ្មែរ, គណបក្សសង្គមខ្មែរនិយម, គណបក្សសង្គមថ្មី, គណបក្សខ្មែរជាតិនិយម, គណបក្សនាងនាគនារីខ្មែរ, គណបក្សពន្លឺសេរីភាព លោក ថាច់ រ៉េង, គណបក្សស្ដ្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ ដោយក្រសួងមហាផ្ទៃបានលើកឡើងថាគណបក្សទាំងនោះមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំជូនមកក្រសួង និងកំពុងជាប់បណ្តឹងនៅតុលាការរាជធានីភ្នំពេញផងដែរ ដែលបានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិមាត្រា៣១ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ដោយលើកពីច្បាប់ស្តីពីគណបក្សនយោបាយដូចគ្នា ក្នុងលិខិតដាច់ដោយឡែកមួយទៀតចុះថ្ងៃទី២៩ សីហា ក្រសួងមហាផ្ទៃក៏បានព្រមានដល់គណបក្សនយោបាយមួយឈ្មោះ គណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ ដោយទុកពេលឲ្យគណបក្សនេះ១៥ ថ្ងៃយ៉ាងយូរឲ្យបំពេញបែបបទតាមការកំណត់របស់ច្បាប់មកកាន់ក្រសួង ដោយថាបើលើសពីការកំណត់នេះក្រសួងនឹងមានវិធានការផ្លូវច្បាប់ទៅលើគណបក្សនោះផងដែរ។
គួររំលឹកផងដែរថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទីពីរត្រូវបានបានចូលជាធរមានកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៧ ដោយលោក សាយ ឈុំ ដែលជាប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនបានចុះហត្ថលេខាលើច្បាប់ស្តីពីគណបក្សនយោបាយនេះ បន្ទាប់ពីព្រះមហាក្សត្របានយាងចេញទៅកាន់ប្រទេសចិន ក្រោមហេតុផលពិនិត្យព្រះរាជសុខភាព៕